ដើម្បីឱ្យការបង្កបង្កើនផលស្រូវប្រាំង បានកាន់តែច្រើន និងមានគុណភាពខ្ពស់ រាជរដ្ឋាភិបាល បាន និងកំពុងយកចិត្តដាក់ខ្ពស់ក្នុងការអន្តរាគមន៍ទឹកពីប្រភពទឹកនានា ក្នុងគោលដៅបម្រើដល់ការស្រោចស្រពស្រែរដូវប្រាំងឱ្យបានគ្រប់គ្រាន់ ព្រមទាំងដោះស្រាយនូវទុក្ខកង្វល់របស់ប្រជាកសិករឱ្យអស់ពីលទ្ធភាព ។ ក្នុងនោះ ក្រសួងធនធានទឹក និងឧតុនិយម រួមជាមួយនឹងអាជ្ញាធរមូលដ្ឋាន បានធ្វើការអន្តរាគមន៍ទឹក ដោយប្រើប្រាស់ម៉ាស៊ីនបូមទឹក ពីប្រភពអាងទឹកស្ទឹងជីនិត បូមបន្តចូលប្រឡាយរង ដើម្បីសង្គ្រោះស្រូវរដូវប្រាំង បានចំនួន ៣០ហិកតា ក្នុងឃុំកំពង់ថ្ម ស្រុកសន្ទុក ។ ដោយឡែក ការអន្តរាគមន៍ទឹក ក្នុងខេត្តកំពង់ធំទាំងមូលសម្រេចលទ្ធផលបាន ៖ ទី១/. ឃុំសាន់គ ស្រុកកំពង់ស្វាយ ចំនួន ៥០២ហិកតា, ទី២/. ឃុំបន្ទាយស្ទោង ស្រុកស្ទោង ចំនួន ១៩០ហិកតា , ទី៣/. ឃុំកំពង់ថ្ម ស្រុកសន្ទុក ចំនួន ១៦០ហិកតា, និងទី៤/. ឃុំព្រៃគុយ ស្រុកកំពង់ស្វាយ ចំនួន ១១ហិកតា ។
បន្ថែមពីនេះ ក៏បានឆ្លៀតចុះពិនិត្យស្ថានភាពជាក់ស្តែងនៃប្រតិបត្តិការទំនប់ និងការរក្សាទឹកក្នុងទំនប់អាងទឹកស្ទឹងជីនិត ដែលជាអាងស្តុកទឹកដ៏ធំមួយ ស្ថិតនៅក្នុងឃុំកំពង់ថ្ម ស្រុកសន្ទុក និងឃុំបល្ល័ង្គ ស្រុកបារាយណ៍ ខេត្តកំពង់ធំ ។ ទំនប់អាងទឹកស្ទឹងជីនិតនេះ មានសមត្ថភាពរក្សាទឹកស្តុកទុកបាន ៣៩លានម៉ែត្រគូប ដែលមានសំណង់បង្ហៀរប្រវែង ៧៥០ម៉ែត្រ ព្រមទាំងសំណង់សិល្បការ្យជាច្រើនផ្សេងទៀត សម្រាប់បម្រើឱ្យពហុវិស័យ ជាពិសេស វិស័យកសិកម្ម ព្រមទាំងផ្តល់ជាប្រភពទឹកប្រើប្រាស់ដ៏សំខាន់ នារដូវប្រាំងដល់ជីវភាពរស់នៅប្រចាំថ្ងៃរបស់បងប្អូនប្រជាពលរដ្ឋប្រមាណ ១លានម៉ែត្រគូប និងអាចស្រោចស្រពស្រូវបានចំនួន ២ម៉ឺនហិកតា ដោយក្នុងនោះ នៅរដូវប្រាំងបាន ចំនួន ១ម៉ឺនហិកតា និងរដូវវស្សាចំនួន ១ម៉ឺនហិកតា ។
ខេត្តកំពង់ធំ ថ្ងៃសុក្រ ទី៣១ ខែមករា ឆ្នាំ២០២៥