ឯកឧត្តមបណ្ឌិត គឹម សន្តិភាព រដ្ឋលេខាធិការក្រសួងយុត្តិធម៌ និងជាប្រធានគណៈកម្មការជាតិដោះលែងដោយមានលក្ខខណ្ឌ អញ្ជើញជាគណៈអធិបតីក្នុងពិធីបើកសិក្ខាសាលាស្តីពីការលើកកម្ពស់ការអប់រំជនល្មើសដោយផ្អែកលើសហគមន៍ និងការដោះលែងដោយមានលក្ខខណ្ឌស្របតាមច្បាប់កម្ពុជាជាធរមាន

4

ខេត្តព្រះសីហនុ៖ នៅព្រឹកថ្ងៃព្រហស្បតិ៍ ១០រោច ខែបុស្ស ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៥ ឯកឧត្តមបណ្ឌិត គឹម សន្តិភាព រដ្ឋលេខាធិការក្រសួងយុត្តិធម៌ និងជាប្រធានគណៈកម្មការជាតិដោះលែងដោយមានលក្ខខណ្ឌ បានអញ្ជើញជាគណៈអធិបតីក្នុងពិធីបើកសិក្ខាសាលាស្តីពីការលើកកម្ពស់ការអប់រំជនល្មើសដោយផ្អែកលើសហគមន៍ និងការដោះលែងដោយមានលក្ខខណ្ឌស្របតាមច្បាប់កម្ពុជាជាធរមាន ដែលប្រព្រឹត្តទៅនៅថ្ងៃទី២៣ និង២៤ ខែមករា ឆ្នាំ២០២៥ ក្រោមកិច្ចសហការរៀបចំឡើងដោយក្រសួងយុត្តិធម៌ និងអង្គការ UNODC ដោយមានការចូលរួមពីតំណាងអយ្យការ និងចៅក្រម នៃសាលាដំបូងរាជធានី-ខេត្ត អគ្គនាយកដ្ឋានពន្ធនាគារនៃក្រសួងមហាផ្ទៃ អគ្គស្នងការដ្ឋាននគរបាលជាតិ និងមន្ត្រីជំនាញមួយចំនួនផងដែរ។

សិក្ខាសាលានេះ រៀបចំឡើងក្នុងគោលបំណង ដើម្បីចែករំលែក និងផ្សព្វផ្សាយអំពីបទពិសោធ នីតិវិធី ក្នុងការលើកកម្ពស់ការអប់រំជនល្មើសដោយផ្អែកលើសហគមន៍ និងការដោះលែងដោយមានលក្ខខណ្ឌស្របតាមច្បាប់កម្ពុជាជាធរមាន ព្រមទាំងវិធីសាស្ត្រចិត្តសាស្ត្រក្នុងការអប់រំទណ្ឌិតឱ្យកែប្រែកិរិយាមារយាទឱ្យបានល្អ ប្រព្រឹត្តតែអំពើស្របច្បាប់ ដើម្បីធានាដល់ការធ្វើសមាហរណកម្មទណ្ឌិតឱ្យចូលរួមរស់នៅក្នុងសង្គមវិញមានប្រសិទ្ធភាពខ្ពស់ប្រកបដោយភាពសុខដុមរមនា។