រួមគ្នាបន្តប្រពៃណី ភាពស្អាត គ្មានសំរាម និងសំណល់ប្លាស្ទិកលើទីសាធារណៈ (កំពង់ឆ្នាំងស្អាត គ្មានសំរាម និងសំណល់ប្លាស្ទិក )

4
ខេត្តកំពង់ឆ្នាំង ៖ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន បានជំរុញដល់អាជ្ញាធរ សិក្សានុសិស្សប្រជាពលរដ្ឋ កងកម្លាំងប្រដាប់អាវុធ ត្រូវរួមគ្នាបន្តប្រពៃណី ភាពស្អាត គ្មានសំរាម និងសំណល់ប្លាស្ទិកលើទីសាធារណៈជាបន្តទៀត ។ មានប្រសាសន៍បែបនេះ នៅក្នុងពិធីប្រកាសជាផ្លូវការ(កំពង់ឆ្នាំងស្អាត គ្មានសំរាម និងសំណល់ប្លាស្ទិក ) ដែលបានធ្វើឡើង នៅថ្ងៃទី២២ ខែមករា ឆ្នាំ ២០២៥ នៅទីលានបាល់ទាត់មុខសាលាខេត្តកំពង់ឆ្នាំង ។
ឯកឧត្តមរដ្ឋមន្ត្រីបានបន្តថា ចាប់តាំងពីថ្ងៃប្រកាស យើងរួមគ្នាមិនប្រើប្រាស់ថង់ប្លាស្ទីកមកដល់ថ្ងៃនេះ មានរយៈពេលជាងមួយឆ្នាំហើយ គឺចាប់តាំងពីថ្ងៃប្រកាសមកដល់ថ្ងៃនេះយើងទទួលបានជោគជ័យ ដោយខេត្តកំពង់ឆ្នាំងគ្មានសំរាមប្លាស្ទិចនៅតាមទីសាធារណៈទៀតទេ ។
រសួងបរិស្ថានរីករាយអបអរសាទរ និងលើកទឹកចិត្តបន្ថែមទៀត សូមឲ្យក្មួយៗសិស្សានុសិស្សអាជ្ញាធរ ដែនដីកងកម្លាំងប្រដាប់អាវុធទាំងបីប្រភេទសាធារណៈជនទាំងអស់ សូមបន្តវប្បធម៌នៃភាពស្អាតនេះ តទៅទៀត។ ធ្វើយ៉ាងណាឱ្យផ្ទះយើង ប្រទេសយើងស្អាត ដើម្បីសុខភាពរបស់យើងទាំងអស់គ្នា ដើម្បីទទួលស្វាគមន៍អ្នកវិនិយោគទទួលសាគមន៍ភ្ញៀវបរទេសមកទេសចរនៅកម្ពុជាយើងឲ្យមានផាសុកភាព ទទួលបានសេចក្តីរីករាយហើយជួយផ្សព្វផ្សាយពីភាពស្រស់ស្អាតនៃប្រទេសកម្ពុជាយើង។
ឯកឧត្តមបានបន្តថា ក្រសួងបរិស្ថានដាក់ចេញនូវផែនការជាជំហានៗ ដើម្បីទទួលបានភាពស្អាតនៅក្នុងព្រះរាជាណាចក្រកម្ពុជា គឺយុទ្ធនាការផ្សព្វផ្សាយចំណេះដឹងប៉ះពាល់ពីបរិស្ថាន បន្ទាប់មករុញពីយុទ្ធនាការ ទៅជាចលនា ធ្វើយ៉ាងណាឲ្យកម្ពុជាស្អាត ហើយក្លាយជាទម្លាប់នៃការចូលរួម ។ ភាពស្អាតក៏មាន៣ដែរ គឺភាពស្អាតនៅលើគោក ឬហៅថា នៅលើដីភាពស្អាតនៅលើមេឃ និងភាពស្អាតនៅក្នុងទឹក ដូចនេះសូមចូលរួមកុំចោលសំរាមពាសវាល កុំដុតថង់ប្លាស្ទិក និងកុំចោលថង់ប្លាស្ទិកទៅក្នុងទឹក ដែលទាំងនេះសុទ្ធសឹងតែជាការបំពុលបរិស្ថាន។
យោងតាមរបាយការណ៍ដែលអានដោយឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ អភិបាលខេត្តកំពង់ឆ្នាំងបានបញ្ជាក់ថា ខេត្តកំពង់ឆ្នាំង មានតំបន់ការពារធម្មជាតិចំនួន៣តំបន់ គ្របដណ្ដប់លើផ្ទៃដី ៦២៧៦៤ហិកតា ក្នុងនោះ មានសហគមន៍តំបន់ការពារធម្មជាតិ៦តំបន់ គ្របដណ្ដប់លើផ្ទៃដី ៤ ៦០៦ ហិចតា ។ មានទីលានទុកដាក់សំរាមបណ្ដោះអាសន្នប្រើប្រាស់តាមបណ្ដា ស្រុកមានចំនួន៧ទីតាំង និងមានទីលានប្រកបដោយអនាម័យចំនួនមួយកន្លែង ដោយមានក្រុមហ៊ុនប្រមូលសំរាមចំនួន
២ ។
កាលពីថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៣ រដ្ឋបាលខេត្តកំពង់ឆ្នាំងជាមួយក្រសួងបរិស្ថាន បានបើកយុទ្ធនាការកាត់បន្ថយការប្រើប្រាស់ថង់ប្លាស្ទីក ក្រោមប្រធានបទ ថ្ងៃនេះខ្ញុំមិនប្រើថង់ប្លាស្ទិកទេ ។ តាមរយៈលទ្ធផលបូកសរុបការងារកំពង់ឆ្នាំងស្អាត ខ្មែរធ្វើបាន និងយុទ្ធនាការសម្អាតផ្លូវជាតិគ្មានសំរាម និងសំណល់ប្លាស្ទិក ចាប់ពីថ្ងៃទី១៥ ខែឧសភាឆ្នាំ ២០២៤ ដល់ថ្ងៃទី ១៦ខែមករាឆ្នាំ ២០២៥ ទូទាំងខេត្តកំពង់ឆ្នាំងទទួលបានលទ្ធផលជាទីគាប់ចិត្ត ៕