នៅព្រឹកថ្ងៃចន្ទ ៧រោច ខែបុស្ស ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី២០ ខែមករា ឆ្នាំ២០២៥ ដោយទទួលបានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពី ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល លោកជំទាវវេជ្ជបណ្ឌិត ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាល បានអញ្ជើញចូលរួមក្នុងពិធីបើកសន្និបាតបូកសរុបលទ្ធផលការងារព័ត៌មាន និងសោតទស្សន៍ឆ្នាំ២០២៤ និងលើកទិសដៅឆ្នាំ២០២៥ របស់ក្រសួងព័ត៌មានដែលប្រព្រឹត្តទៅនៅសាលចតុម្មុខមង្គល នៃទីស្ដីការក្រសួងព័ត៌មាន។
កម្មវីធីសន្និបាតនេះ បានប្រារព្ធបើកក្រោមអធិបតីភាព ឯកឧត្តម នេត្រ ភក្រ្តា រដ្ឋមន្រ្តីក្រសួងព័ត៌មាន ដោយមានវត្តមានថ្នាក់ដឹកនាំមកពីស្ថាប័នពាក់ព័ន្ធនានា រួមមាន ឯកឧត្តម លោកជំទាវ តំណាងអន្តរក្រសួង, រដ្ឋបាលរាជធានី -ខេត្តទាំង ២៥, មន្ទីរព័ត៌មានខេត្ត, មន្រ្តីនៃក្រសួងព័ត៌មាន និងអង្គភាពព័ត៌មាន សរុបសមាសភាពចំនួនជាង៧០០នាក់ (មានចូលរួមដោយផ្ទាល់ និងតាមប្រព័ន្ធវីដេអូ)។
ឯកឧត្តម រដ្ឋមន្ត្រីក្រសួងព័ត៍មាន បានថ្លែងថា វិស័យព័ត៌មាន សោតទស្សន៍ និងការគ្រប់គ្រងសាធារណ:មតិ ធ្វេីទៅបានយ៉ាងល្អប្រសេីរប្រកបដោយប្រសិទ្ធភាព ខណៈ មានកំណើនកើនច្រើនឡើងៗ នៃចំនួនអ្នកសារព័ត៌មាន និងប្រជាជនដែលបាន និងកំពុងប្រើប្រាស់ឧបករណ៍បច្ចេកវិទ្យាព័ត៌មាន និងគមនាគមន៍វៃឆ្លាត ធ្វើជាមធ្យោបាយផ្សព្វផ្សាយ តាមបណ្តាញព័ត៌មានសង្គម មានដូចជា Facebook ,Tik Tok ,Telegram និងបណ្តាញទំនាក់ទំនងសង្គមផ្សេងទៀត។ ចំណុចសំខាន់ៗនៃសន្និបាត រួមមាន
១. ត្រូវយកចិត្តទុកដាក់គ្រប់គ្រងព័ត៍មាន និងសាធារណមតិ ឱ្យមានភាពបុរេសកម្ម និងចាត់ទុកជាកិច្ចការចាំបាច់បំផុត។
២. ការធ្វេីបច្ចុប្បន្នភាពប្រព័ន្ធផ្សព្វផ្សាយព័ត៍មាន ពីឆ្នាំ២០២៣ ដែលយើងមានប្រព័ន្ធផ្សព្វផ្សាយបែបបុរាណច្រេីន ក្នុងនេះមានវិទ្យុ ទូរទស្សន៍ កាសែត និងប្រព័ន្ធផ្សព្វផ្សាយផ្សេងៗទៀតដែលជាប្រព័ន្ធផ្សព្វផ្សាយបុរាណរួមជាមួយប្រព័ន្ធផ្សព្វផ្សាយថ្មីៗ ដែលមានជាង ២០០០ សារព័ត៍មាន ប៉ុន្តែក្រោយពីធ្វើបច្ចុប្បន្នភាពនៅចុងឆ្នាំ២០២៤នេះ យើងមាននៅសល់ប្រមាណ ១៦០០ស្ថាប័នពីព្រោះមួយចំនួនបានបិទទ្វារ ។
៣. បម្រែបម្រួលតម្រូវការព័ត៍មានរបស់ប្រជាពលរដ្ឋពីបែបបុរាណ តាមការមេីលតាមកញ្ចក់ទូរទស្សន៍ ទៅជាបែបឌីជីថលតាមទូរស័ព្ទដៃ។ ពួកគាត់មានជម្រើសទៅលើព័ត៌មានបែបទំនើបមានដូចជាតិកតុក ដែលមានជាង១០លានគណនី និងហ្វេសប៊ុកមាន ប្រហែលជា ១៥លានគណនី។
៤. ការប្រឈមនាពេលអនាគតឆាប់ៗខាងមុខ នៃការរីកដុះដាលនៃប្រព័ន្ធបច្ចេកវិទ្យាទំនើប គឺសញ្ញាសប្បនិម្មិតអេអាយ (AI) ដែលអាចនឹងចូលរំខានក្នុងវិស័យព័ត៌មាន នៅក្នុងកម្រិតណាមួយ ដែលយេីងទាំងអស់គ្នាត្រូវគិតគូរយកចិត្តទុកដាក់។
៥. ត្រូវស្រួចស្រាវទៅលើការពង្រឹងសមត្ថភាពមន្ត្រី និងការងារគ្រប់គ្រងព័ត៍មាននៅគ្រប់ផ្នែកទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ដោយមិនត្រូវចេះត្រឹមតែរត់តាមស្ថានការ និងដើរបក់តែផ្សែង ដែលមិនមែនជាការពន្លត់ភ្លើងពិតប្រាកដនោះទេ។ ចំណុចនេះ យើងត្រូវពង្រឹងតួនាទីរបស់ក្រសួងព័ត៌មានក្នុងនាមជាសេនាធិការរបស់រាជរដ្ឋាភិបាល ក្នុងការគ្រប់គ្រងព័ត៌មាន និងសាធារណៈមតិ ហើយផ្តល់តួនាទីគាំទ្រដល់ក្រសួង មន្ទីរស្ថាប័នរដ្ឋបាលថ្នាក់ក្រោមជាតិ។