នៅថ្ងៃសុក្រ-សៅរ៍ ៤-៥រោច ខែបុស្ស ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី១៧-១៨ ខែមករា ឆ្នាំ២០២៥ ឯកឧត្តម ប៉ុញ សច្ចៈ រដ្ឋលេខាធិការ ក្នុងនាមតំណាងឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម បានអញ្ជើញដឹកនាំកិច្ចប្រជុំពិភាក្សាដោះស្រាយបញ្ហារាំងស្ទះនៃគម្រោងអភិវឌ្ឍន៍ប្រព័ន្ធធារាសាស្ត្រ និងកាត់បន្ថយទឹកជំនន់ (IDFMP) ខេត្តបន្ទាយមានជ័យ។
សូមជម្រាបថា កិច្ចប្រជុំនេះមានការចូលរួមពីមន្រ្តីពាក់ព័ន្ធនៃគម្រោងកូរ៉េ ក្រុមការងារទីប្រឹក្សាបច្ចេកទេសកូរ៉េ ក្រុមហ៊ុនសាងសង់កូរ៉េ មន្ទីរធនធានទឹក និងឧតុនិយមខេត្តបន្ទាយមានជ័យ និងក្រុមការងារបច្ចេកទេសសហគមន៍កសិករប្រើប្រាស់ទឹកក្រោមឱវាទក្រសួង។
ឯកឧត្តមរដ្ឋលេខាធិការបានបញ្ជាក់ឱ្យដឹងថា កិច្ចប្រជុំបានពិភាក្សាការងារមួយចំនួនដែលបណ្តាលឱ្យរាំងស្ទះដល់ដំណើរការសាងសង់នៃគម្រោង ដូចជា ការសុំលុបការសាងសង់សំណង់តាមទំនប់អូរខៃដនពីក្រុមហ៊ុនឯកជន ក្នុងពេលដែលគម្រោងកំពុងអនុវត្តបានពាក់កណ្តាលផែនការ ហើយកិច្ចប្រជុំក៏បានកំណត់អនុវត្តយកតាមផែនការរបស់គម្រោងឈរលើគោលការណ៍គោរពផលប្រយោជន៍ជាតិជាធំ។
បន្ទាប់ពីកិច្ចប្រជុំ ឯកឧត្តមរដ្ឋលេខាធិការ និងក្រុមការងារ ដោយមានការចូលរួមពីចៅសង្កាត់ប៉ោយប៉ែតនិងសហការីបានចុះពិនិត្យវឌ្ឍនភាពនៃការអនុវត្តគម្រោងអភិវឌ្ឍន៍ប្រព័ន្ធធារាសាស្រ្ត និងកាត់បន្ថយទឹកជំនន់ (IDFMP) ស្ថិតក្នុងខេត្តបន្ទាយមានជ័យ។
ឯកឧត្តមរដ្ឋលេខាធិការបានបញ្ជាក់ថា គិតរហូតមកដល់ថ្ងៃនេះ វឌ្ឍនភាពនៃការងារគម្រោងសម្រេចបានប្រមាណ ៦៤,០២% លើផែនការ ៥២,៧៣% ក្នុងនោះមាន៖ ទី១)ការងារស្តារអាងទឹក ៣កន្លែងរួមមាន៖ អាងទឹកពង្រសម្រេចបាន១០០% អាងទឹកវាំងហែងសម្រេចបាន១០០% និងអាងទឹកកន្សែងសម្រេចបាន៩៩% ព្រមទាំងជួសជុលទំនប់ និងសង់សំណង់សិល្បការ្យអាងទឹកអូរខៃដន ទី២)ការងារប្រព័ន្ធប្រឡាយខ្នាតធំចំនួន៥ខ្សែប្រវែងសរុប ៨៧,៦គីឡូម៉ែត្រ រួមមាន៖ ប្រឡាយមេ MC1-1 សម្រេចបាន៩៤% ប្រឡាយមេ MC1-2 សម្រេចបាន ៦៥% ប្រឡាយមេ MC2 សម្រេចបាន ៩៥,០៤% ប្រឡាយមេ MC3-1 សម្រេចបាន ៣៦% និងប្រឡាយមេ MC3-2 សម្រេចបាន ៩៨,៥០% និងទី៣)ការសាងសង់សំណង់សិល្បការ្យសម្រេចបានចំនួន ១២៧កន្លែង លើសំណង់សរុប ២១៦កន្លែង។
សូមបញ្ជាក់ថា គម្រោងអភិវឌ្ឍន៍ប្រព័ន្ធធារាសាស្ត្រ និងកាត់បន្ថយទឹកជំនន់(IDFMP) ខេត្តបន្ទាយមានជ័យ ទទួលប្រភពទឹកមកពីតាមបណ្តាអូរ ស្ទឹងនៅតាមបណ្តោយព្រំដែនកម្ពុជា-ថៃ និងមានលទ្ធភាពស្រោចស្រពផ្ទៃដីបង្កបង្កើនផលក្នុងរដូវវស្សាប្រមាណ ២៨ ៣៥៤ហិកតា និងរដូវប្រាំងប្រមាណ ១៣ ៨២៧ហិកតា និងមានប្រជាកសិករទទួលផលមានចំនួន ៤២ ២១៣គ្រួសារ ស្ថិតក្នុងឃុំ-សង្កាត់ចំនួន១២ នៃក្រុងប៉ោយប៉ែត ស្រុកម៉ាឡៃ ស្រុកអូរជ្រៅ និងក្រុងសិរីសោភ័ណ៕