នាថ្ងៃទី១៨ ខែមករា ឆ្នាំ២០២៥នេះ អភិបាលរាជធានីភ្នំពេញ លោក ឃួង ស្រេង បាននាំយកអំណោយដ៏ថ្លៃថ្លារបស់សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រគល់ផ្ទះមួយល្វែង ក្នុងភូមិអណ្ដូង សង្កាត់គោករកា ខណ្ឌព្រែកព្នៅ និងថវិការរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ចំនួន៣លានរៀល ជូនដល់បុរសពិការដៃទាំងសងខាង ប៉ុន្តែមានទេពកោសល្យប្រេីជេីងគូរគំនូរបាន ព្រមទាំងជួយសម្រួល ផ្ដល់ទីតាំងជូនក្មួយសម្រាប់ប្រកបរបបគូរគំនូរ ដេីម្បីផ្គត់ផ្គង់ជីវភាពគ្រួសារ។
នាឱកាសនោះ លោក ឃួង ស្រេង បានគូសបញ្ជាក់ថា ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្ន ហ៊ុនម៉ាណែត តែងយកចិត្តទុកដាក់ចំពោះសុខទុក្ខ បងប្អូនមានពិការភាព ខណៈអាជ្ញាធរមិនបានធ្វេីទុក្ខបុកម្នេញ ប្អូនប្រុសពិការដែលមានទេពកុសល្យគូររូប តាមទីតាំងសាធារណៈ ប្តូរយកកម្រៃផ្គត់ផ្គង់ជីវភាព ដូចជាការផ្សាយព័ត៌មានមួយចំនួនឡេីយ។
ក្នុងឱកាសអញ្ជេីញជួបសំណេះសំណាល់ផ្ទាល់ និងបានចំណាយពេលមេីលប្អូនប្រុសសល់ សុខចាន់ គូរគំនូរនៅវត្តភ្នំ លោក ឃួង ស្រេង ក៏បានផ្តល់ជម្រេីសដល់ប្អូនប្រុសអាចជ្រេីសរេីស ទៅទីតាំងណាមួយដែលយល់ថាល្អ និងអាចរកចំណូលបានច្រេីន ដោយគ្រាន់តែជូនដំណឹងមករដ្ឋបាលរាជធានីភ្នំពេញ ឬអាជ្ញាធរក៏បាន និងបានណែនាំឲ្យរៀបចំចុះឈ្មោះ សមាជិក ប.ស.ស. ជូនប្អូនៗទាំងពីរនាក់ផងដែរ។
លោក ឃួង ស្រេង បានគូសបញ្ជាក់ថា ក្នុងនាមសម្ដេចមហាបវរធិបតីជាប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចបានយកចិត្តទុកដាក់ ជាពិសេសទៅលើជនពិការ ខណៈប្អូនប្រុសមានសមត្ថភាព មានទេពកុសល្យ ក្នុងការគូររូប ធ្វេីជាមុខរបរចិញ្ចឹមជីវិតដោយខ្លួនឯង។ សម្តេចធិបតី តែងបានណែនាំ និងក្នុងនាមអាជ្ញាធរត្រូវមកមេីល និងរៀបចំបង្កលក្ខណៈងាយស្រួល ដល់ប្អូនប្រុស ដើម្បីអាចប្រកបមុខរបរអាជីវកម្មបាន។
លោក សល់ សុខចាន់ ពិការដៃទាំង២តាំងពីកំណើត ដោយប្រេីជេីងជំនួសដៃ បច្ចុប្បន្នមានភរិយាកំពុងមានផ្ទៃពោះ៤ខែ និងកំពុងស្នាក់នៅផ្ទះជួល ក្នុងភូមិដើមស្លែងទី១ សង្កាត់ច្បារអំពៅទី២ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ និងមានជីវភាពខ្វះខាត។
សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី បានផ្ដល់ជូនថវិកា ចំនួន៣លានរៀល ដល់ប្អូនប្រុស សល់ សុខចាន់ និងប្អូនស្រី ណារី ខណៈប្អូនស្រី កំពុងតែមានផ្ទៃពោះ ដែលថវិកានេះអាចយកទៅពិនិត្យផ្ទៃពោះ និងពិនិត្យសុខភាព នៅតាមមណ្ឌលសុខភាព ប៉ុន្តែនៅមណ្ឌលសុខភាព អាជ្ញាធរអាចជូនទៅពិនិត្យ ដោយមិនមានបង់ថ្លៃ ក្នុងការពិនិត្យឡេីយ។
លោក ឃួង ស្រេង ក៏បានអំពាវនាវដល់សប្បុរសជន ដែលមានសណ្តាណចិត្ត ចង់ជួយឧបត្ថម្ភដល់ប្អូនប្រុស តិចក្តីច្រេីនក្តី សូមចូលរួមគាំទ្រដល់ប្អូន តាមរយៈគាំទ្រដល់ការគូររូបរបស់ប្អូនប្រុស ឬអាចផ្តល់ឱកាសការងារជូនគាត់ជាដេីម។
បើតាមការបញ្ជាក់ពីប្អូនប្រុស សល់ សុខចាន់ ដែលពិការដៃទាំងសងខាងថា ខ្លួនមានអាយុ២៤ឆ្នាំ បានជ្រេីសរេីសអាជីពជាអ្នកគូររូប ផាត់ពណ៌ ដោយប្រេីជេីងជំនួសដោយដៃជូនភ្ញៀវទេសចរជាតិ និងអន្តរជាតិ ដេីម្បីទទួលបានកម្រៃសម្រាប់ជីវភាពរស់នៅប្រចាំថ្ងៃអស់រយៈពេល២ឆ្នាំមកហេីយ ។
ក្រៅពីជំនាញគូរគំនូរនេះ លោកនៅមានជំនាញជួសជុលគ្រឿងអេឡិចត្រូនិក ដូចជាទូរស័ព្ទ និងកុំព្យូទ័រ ជាដេីម។ ក្នុងនោះ តាមរយៈគូររូបខាងលេីនេះ អាចរកចំណូលបាន ចន្លោះ៤ ទៅ៥ម៉ឺនរៀល ក្នុងមួយថ្ងៃផងដែរ៕