យោងតាមអនុក្រឹត្យលេខ១៨២ ១៨៣ និង១៨៤ ស្ដីពីមុខងារ និងរចនាសម្ព័ន្ធរដ្ឋបាលក្រុង ស្រុក ខណ្ឌ ការិយាល័យនីតិកម្ម និងសម្រុះសម្រួលវិវាទមូលដ្ឋាន មានតួនាទីជាសេនាធិការឱ្យរដ្ឋបាលក្រុង ស្រុក ខណ្ឌ លើការងារនីតិកម្ម និងការសម្រុះសម្រួលវិវាទមូលដ្ឋានក្រៅប្រព័ន្ធតុលាការ និងមានភារកិច្ចចាត់ចែងលើការងារមួយចំនួនទៀត។
លោកបណ្ឌិត ទូច សុឃៈ បានបន្ថែមថា ប្រសិនបើប្រជាពលរដ្ឋ មានវិវាទលើករណីដែលមិនពាក់ព័ន្ធបទល្មើសមជ្ឈឹម បទឧក្រិដ្ឋ និងករណីផ្សេងទៀតដែលច្បាប់ហាមឃាត់ ដូចជាករណីលែងលះជាដើមនោះ ពួកគាត់អាចស្នើសុំការិយាល័យនីតិកម្ម និងដោះស្រាយវិវាទនៅមូលដ្ឋាន ឱ្យជួយសម្រុះសម្រួលដោះស្រាយបាន ប្រសិនបើឯកភាពគ្នាលើការដោះស្រាយនៅថ្នាក់ឃុំ សង្កាត់។
បើតាមលោកបណ្ឌិត ទូច សុឃៈ ក្រៅពីយន្តការការិយាល័យជំនាញខាងលើនេះ ប្រជាពលរដ្ឋដែលមានទំនាស់ជាមួយគ្នាដូចបញ្ជាក់ខាងដើម ក៏មានផ្លូវផ្សេងទៀតដើម្បីស្វែងរកដំណោះស្រាយបានដែរ ពោលគឺពួកគាត់ ក៏អាចស្នើសុំ ឬបន្តស្នើទៅកាន់ក្រុមប្រឹក្សាក្រុង ឬស្រុក ឬខណ្ឌ ឱ្យជួយសម្រុះសម្រួល ប្រសិនបើគ្មានការត្រូវរ៉ូវគ្នាសម្រាប់ការដោះស្រាយនៅការិយាល័យជំនាញ។
យ៉ាងណាក៏ដោយ លោកបណ្ឌិត ទូច សុឃៈ បានសង្កត់ធ្ងន់ថា ទោះបីការដោះស្រាយនៅថ្នាក់ឃុំ សង្កាត់ មិនទាន់ទទួលបានលទ្ធផល ក៏ឃុំ សង្កាត់ មានរបាយការណ៍ផ្ញើមកថ្នាក់ក្រុង ស្រុក ខណ្ឌ ដើម្បីជាមូលដ្ឋានឯកសារសម្រាប់ការដោះស្រាយនៅការិយាល័យជំនាញដែរ ហើយដូចគ្នា ក្រុមប្រឹក្សា ក៏អាចស្នើសុំរបាយការណ៍ពីការិយាល័យជំនាញ មកពិនិត្យពិចារណាដែរ ប្រសិនបើវិវាទដដែលនោះឡើងមកដល់ខ្លួន។
ដោយឡែកភ្ជាប់ទៅនឹងការងារនីតិកម្ម លោកបណ្ឌិត ទូច សុឃៈ បានឱ្យថា ការិយាល័យនីតិកម្ម និងដោះស្រាយវិវាទមូលដ្ឋាន មានតួនាទីសិក្សាស្រាវជ្រាវ រៀបចំ និងផ្តល់យោបល់លើការរៀបចំលិខិតបទដ្ឋានគតិយុត្តនានា ឱ្យរដ្ឋបាលក្រុង ស្រុក ខណ្ឌ ផ្សព្វផ្សាយច្បាប់ និងលិខិតបទដ្ឋានគតិយុត្តទាំងនោះដល់មន្ត្រី បុគ្គលិក និងប្រជាពលរដ្ឋនៅក្នុងដែនសមត្ថកិច្ច ផ្តល់ប្រឹក្សាយោបល់ផ្លូវច្បាប់ដល់ប្រជាពលរដ្ឋ ជាដើម។
គួររម្លឹកថា ក្នុងចំណោមគោលនយោបាយភូមិ ឃុំ សង្កាត់មានសុវត្ថិភាព ដែលមានលក្ខណៈសម្បត្តិ ចំនួន ៧ ការដោះស្រាយវិវាទនៅមូលដ្ឋានក្រៅប្រព័ន្ធតុលាការ ប្រកបដោយគុណភាព និងប្រសិទ្ធភាព គឺជាលក្ខណៈសម្បត្តិទី៥។ ផ្អែកតាមច្បាប់ និងគោលនយោបាយនេះ ការិយាល័យនីតិកម្ម និងដោះស្រាយវិវាទមូលដ្ឋាន ដើរតួនាទីសំខាន់ណាស់ក្នុងការរួមចំណែកដោះស្រាយវិវាទនៅមូលដ្ឋាន ទន្ទឹមនឹងការពង្រឹងការគោរពច្បាប់ និងលិខិតបទដ្ឋានគតិយុត្ត។
កញ្ញា សេង សុខហ៊ុន
មន្រ្តីព័ត៌មានក្រុមអ្នកនាំពាក្យក្រសួងមហាផ្ទៃ