លោកអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ នៅថ្ងៃទី១៧ ខែមករា ឆ្នាំ២០២៥នេះ បានអនុញ្ញាតឱ្យលោកឧត្តមសេនីយ៍ត្រី ឡេ វ៉ាន់ហ្នឹង (Le Van Phuong) ប្រធានស្ថានតំណាង ក្រសួងនគរបាលវៀតណាម ប្រចាំកម្ពុជា ដឹកនាំសហការីចូល ជួបសម្តែងការគួរសម និងជម្រាបលា នៅទីស្តីការក្រសួងមហាផ្ទៃ ក្នុងឱកាសដែល លោកប្រធានស្ថានតំណាង ចប់អាណត្តិជាប្រធានស្ថានតំណាងក្រសួងនគរបាល វៀតណាម ប្រចាំព្រះរាជាណាចក្រកម្ពុជា ក្រោយរយៈពេល ០៣ឆ្នាំ នៃការកាន់តំណែង។
ជាកិច្ចចាប់ផ្តើម លោកអភិសន្តិបណ្ឌិត ស សុខា បានសម្តែងនូវការស្វាគមន៍ ចំពោះ លោកប្រធានស្ថានតំណាងក្រសួងនគរបាលវៀតណាម ប្រចាំកម្ពុជា ព្រមទាំងសហការី នៃស្ថានតំណាងក្រសួងនគរបាលវៀតណាម និងបានថ្លែងអំណរគុណដល់លោកប្រធានស្ថានតំណាងក្រសួងនគរបាលវៀតណាម ប្រចាំកម្ពុជា ដែលជានិច្ចកាល តែងតែសម្របសម្រួល ដល់ការធ្វើការងាររវាង ក្រសួងមហាផ្ទៃកម្ពុជា និងក្រសួងនគរបាលវៀតណាម ជាពិសេសលើការងារបណ្តុះបណ្តាលមន្ត្រីនៃប្រទេសទាំងពីរ។
ឆ្លៀតក្នុងឱកាសនេះ លោកអភិសន្តិបណ្ឌិត បានផ្តាំផ្ញើនូវពាក្យសាកសួរសុខទុក្ខ ចំពោះលោកឧត្តមសេនីយ៍ឯក លឿង តាមក្វាង សមាជិកការិយាល័យ នយោបាយ និងជារដ្ឋមន្ត្រីក្រសួងនគរបាលវៀតណាម ព្រមទាំងថ្នាក់ដឹកនាំនៃ ក្រសួងនគរបាលវៀតណាម។
លោកអភិសន្តិបណ្ឌិត ក៏បានថ្លែងអំណរគុណដល់ក្រសួងនគរបាលវៀតណាម ដែលតែងតែគាំទ្រ និងផ្តល់កិច្ចសហការដល់ក្រសួងមហាផ្ទៃកម្ពុជា ក្នុងបុព្វហេតុ រក្សាសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់សង្គម និងបង្ការ ទប់ស្កាត់រាល់បទល្មើសនានា ជាពិសេសបទល្មើស ដែលកើតឡើងនៅតាមបណ្តោយព្រំដែន នៃប្រទេសទាំងពីរ កម្ពុជា-វៀតណាម។
ទន្ទឹមនេះ លោកឧត្តមសេនីយ៍ត្រី ឡេ វ៉ាន់ហៀង បានថ្លែងអំណរគុណដល់ក្រសួងមហាផ្ទៃកម្ពុជា ដែលជានិច្ចកាលតែងតែផ្តល់កិច្ច- សហការជាមួយស្ថានតំណាង ក្រសួងនគរបាលវៀតណាម ប្រចាំកម្ពុជា ក្នុងអាណត្តិដែលលោកជាប្រធានស្ថានតំណាង។
លោកប្រធានស្ថានតំណាង ក៏បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះក្រសួងមហាផ្ទៃកម្ពុជា ដែលបានរួមចំណែកយ៉ាងសំខាន់ ជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្នុងការរៀបចំ កម្មវិធីធំៗដូចជា ស៊ីហ្គេម ប៉ារ៉ាហ្គេម ជាដើម។
ជាចុងក្រោយ លោកឧត្តមសេនីយ៍ត្រី ឡេ វ៉ាន់ហៀង ក៏បានជូនពរលោកអភិសន្តិបណ្ឌិត និងថ្នាក់នាំក្រសួងមហាផ្ទៃ សូមមានសុខ ភាពល្អ សុភមង្គល និងទទួលបានជោគជ័យគ្រប់ភារកិច្ច។
មុននឹងបញ្ចប់ លោកអភិសន្តិបណ្ឌិត ស សុខា ជាថ្មីម្តងទៀត បានជូនពរ លោកឧត្តមសេនីយ៍ត្រី ឡេ វ៉ាន់ហៀង និងសហការី ក្នុងឱកាសចូលឆ្នាំថ្មីប្រពៃណីវៀតណាម ដែលនឹងឈានចូលមកដល់នាពេលខាងមុខនេះ សូមមានសុខភាពល្អ សុភមង្គល និងទទួលបានជោគជ័យគ្រប់ភារកិច្ច៕