អ្នកនាំពាក្យក្រសួងសាធារណការ៖ សន្ទុះនៃការប្រើប្រាស់រថយន្តអគ្គិសនី កើនឡើងជាង៦០០% នៅឆ្នាំ២០២៤ និងមាននិន្នាការកើនឡើង នាឆ្នាំបន្តបន្ទាប់

6

ឆ្នាំ២០២៤ កន្លងមកនេះ មានរថយន្តអគ្គិសនី(EV) ចុះបញ្ជីសរុប ២.២៥៣គ្រឿង កើនលើសឆ្នាំ២០២៣ ចំនួន៦២០% ដែលមានចំនួនត្រឹម ៣១៣គ្រឿង។ ខណៈដែលត្រីចក្រយាន និងទោចក្រយាន ក៏មានការកើនឡើងផងដែរ។ នេះបើតាម ឯកឧត្តម ផន រឹម អ្នកនាំពាក្យក្រសួងសាធារណការ បានឱ្យដឹងតាមរយៈបណ្តាញសង្គមហ្វេសប៊ុក នាថ្ងៃទី១៧ ខែមករា ឆ្នាំ២០២៥។

អ្នកនាំពាក្យក្រសួងសាធារណការ កត់សម្គាល់ថា ប្រជាពលរដ្ឋកម្ពុជា មានសុទិដ្ឋនិយមច្រើន និងបង្ហាញការចាប់អារម្មណ៍ខ្ពស់ ចំពោះការប្រើប្រាស់យានយន្តអគ្គិសនី ដែលជានិន្នការថ្មី បើប្រៀបធៀបជាមួយការប្រើប្រាស់យានយន្ត ប្រើប្រេងឥន្ទនៈចំហេះក្នុង ដែលជានិន្នាការចាស់។
ឯកឧត្តម ផន រឹម បន្តទៀតថា ការប្រើប្រាស់យានយន្តអគ្គិសនី ត្រូវបានគេមើលឃើញថា ចំណាយប្រចាំថ្ងៃតិច មានផាសុភាព និងមានកម្រិតបំពុលក្នុងបរិយាកាលទៀបបំផុត។ ខណៈក្រុមហ៊ុនយានយន្តខ្លះ បានអះអាងពីកម្រិត នៃការបំភាយឧស្ម័នពុលកម្រិតសូន្យថែមទៀត។
ទន្ទឹមនឹងនិន្នាការកើនឡើងការប្រើប្រាស់រថយន្តអគ្គិសនីនេះ អ្នកនាំពាក្យក្រសួងសាធារណការ អះអាងដែរថា រាជរដ្ឋាភិបាលតាមរយៈក្រសួងសាធារណការ និងដឹកជញ្ជូន និងក្រសួងស្ថាប័នពាក់ព័ន្ធនានា បានប្រឹងប្រែងធ្វើឱ្យប្រសើរឡើងចំនួនស្ថានីយសាកអាគុយកាន់តែច្រើន និងលក្ខខណ្ឌអំណោយផលផ្សេងៗទៀត កាន់តែប្រសើរ ៕