នគរបាលកំពុងបើកការស្រាវជ្រាវវែកមុខរកមេខ្លោង ដែលតែងតែដឹកកុមារា ធ្វើសកម្មភាពលួចទ្រព្យសម្បត្តិរបស់ពលរដ្

6
ភ្នំពេញ៖ សកម្មភាពរបស់កុមារាម្នាក់ ត្រូវពលរដ្ឋឃាត់ខ្លួន ពាក់ព័ន្ធករណីលួចទ្រព្យសម្បត្តិស្ទើរគ្រប់ទីកន្លែងក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ និងតាមបណ្ដាខេត្តមួយចំនួន ដោយមានមេខ្លោងដឹកតាមម៉ូតូ ដើម្បីទម្លាក់តាមទីតាំងដែលត្រូវធ្វើសកម្មភាព។
ពាក់ព័ន្ធករណីនេះ លោក សំ វិច្ឆិកា អ្នកនាំពាក្យស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ នៅថ្ងៃទី១៤ ខែមករា ឆ្នាំ២០២៥ បានបញ្ជាក់ថា ពាក់ព័ន្ធករណីនេះ លោកបានបញ្ជូនសំណុំរឿងទៅកម្លាំងជំនាញដើម្បីបើកការស្រាវជ្រាវវែកមុខរកមេខ្លោង ដែលតែងតែដឹកកុមារានោះធ្វើសកម្មភាពលួចទ្រព្យសម្បត្តិរបស់ពលរដ្ឋតាមមូលដ្ឋាន។ កុមារាដែលជាប់ពាក់ព័ន្ធអំពើលួចត្រូវសមត្ថកិច្ចខណ្ឌពោធិ៍សែនជ័យ បញ្ជូនបន្តទៅកាន់មន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទារាជធានីភ្នំពេញ ដើម្បីគ្រប់គ្រងនឹងមើលថែ។
ជុំវិញករណីនេះ មហាជនជាពិសេសអ្នកប្រើប្រាស់បណ្ដាញសង្គមជឿជាក់ថា អាជ្ញាធរនឹងឆាប់វែកមុខមេខ្លោងរូបនោះ ដើម្បីយកមកផ្ដន្ទាទោសតាមផ្លូវច្បាប់ក្នុងពេលឆាប់ៗមិនខាន ព្រោះថា ករណីនេះមិនមែនទើបតែនឹងកើតមានឡើងនោះទេ ស្របពេលតួអង្គក្នុងអំពើចោរកម្មទាំងអស់ គឺសុទ្ធសឹងជាកុមារាដែលប្រព្រឹត្តិបទល្មើសជាហូរហែរ ទៅតាមការបញ្ជារបស់អ្នកនៅពីក្រោយខ្នង ខណៈរូបភាពបែបនេះត្រូវពលរដ្ឋទូទៅចាត់ទុកថា ជាអំពើអមនុស្សធម៌បំផុត ព្រោះថាក្មេងក្នុងវ័យនេះ ប្រៀបបាននឹងក្រដាស-ស ប្រសិនបណ្តុះបណ្ដាលរឿងមិនល្អតាំងពីក្មេង នោះវាអាចជះឥទ្ធិពលអាក្រក់ដល់សង្គម ព្រមទាំងខ្លួនឯងផ្ទាល់នាពេលខាងមុខ៕