ដោយសារបាយការណ៍មិនពិតបែបនេះទើបធ្វើឲ្យវិវាទដីធ្លីមិនអាចដោះស្រាយបញ្ចប់…

52

របាយការណ៍របស់ប្រធានមន្ទីរសុរិយោដីខេត្តកណ្តាលបញ្ជាក់ថាដីរបស់ពលរដ្ឋនៅបឹងរាម ជាន់លើដីអ្នកធំគឺលោក ភឺន ផល្លា និងលោក លឹម សុជាតិ តែប្រជាពលរដ្ឋអះអាងថា អ្នកធំទេដែលធ្វើបណ្ណរឹងគ្របយកដីរបស់ពួកគាត់ ទាំងដែលមានបណ្តឹងត្រូវទុកចោល។

 

ករណីវិវាទដីបឹងរាមដែលក្រសួងមហាផ្ទៃកំពុងយកចិត្តទុកដាក់ ខណៈដែលបណ្តឹងរបស់ប្រជាពលរដ្ឋរយៈពេល ៤ឆ្នាំឲ្យលោកអភិបាលខេត្តកណ្តាលជួយអន្តរាគមន៍ តែត្រូវបានរដ្ឋបាលខេត្តទុកបណ្តឹងរបស់ពួកគាត់ចោល ហើយចេញបណ្ណលើដីដែលកំពុងមានទំនាស់ឲ្យទៅអ្នកផ្សេង។

យោងតាម សជណ របស់ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លេខ.៣៥៥៦ ចុះថ្ងៃ០៨ ខែវិច្ឆិកា ឆ្នាំ២០២៤ ជម្រាបទៅឯកឧត្តម អភិបាល នៃគណៈអភិបាលខេត្តកណ្តាល បំភ្លឺជាលាយលក្ខណ៍អក្សរទៅក្រសួងមហាផ្ទៃ ដោយភ្ជាប់មកជាមួយនូវឯកសារពាក់ព័ន្ធ ដើម្បីក្រសួងមានមូលដ្ឋានចាក់ការបន្ត។

ក្រោយពីមាន សជណ របស់ក្រសួងមហាផ្ទៃ រដ្ឋបាលខេត្តកណ្តាលបានឲ្យចេញដីការបញ្ជូនលេខៈ២១៨ ដ.ក.ប ចុះថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២៤ ជម្រាបទៅលោក សុក កាន់ណារិទ្ធ ប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និង សុរិយោដីខេត្តកណ្តាល លោកអភិបាល នៃគណៈអភិបាលក្រុងអរិយក្សត្រ ស្តីពីករណីពាក្យបណ្តឹងសុំអន្តរាគមន៍ចុះថ្ងៃទី០២ ខែកក្កដា ឆ្នាំ២០២៤ របស់ឈ្មោះ មួង ទន់ និងឈ្មោះ ប៉ិច ក្រើន ដែលមានទីតាំងដី ស្ថិតនៅសង្កាត់ព្រែកអំពិល ក្រុងអរិយក្សត្រ ខេត្តកណ្តាល។ចំពោះដីការបញ្ជូននេះត្រូវបានលោក សុក កាន់ណារិទ្ធ ប្រធានមន្ទីររៀបចំដែនដី ចេញលិខិតលេខ.២៥៧២ ដនសស.កណ ចុះថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០២៤ ជម្រាបជូនឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកណ្តាល។ នៅក្នុងលិខិតនោះលោក សុក កាន់ណារិទ្ធ ជម្រាបជូនឯកឧត្តមអភិបាលខេត្ត ថាៈនៅក្នុងឆ្នាំ២០១៧ ឈ្មោះ ភឺន ផល្លា និងឈ្មោះ លឹម សុជាតិ បានដាក់ពាក្យស្នើសុំធ្វើវិញ្ញាបនបត្រសម្គាល់អចលនវត្ថុទៅរដ្ឋបាលស្រុកខ្សាច់កណ្តាល ដោយអះអាងថាបានទិញពីប្រជាពលរដ្ឋចំនួន ៦៩គ្រួសារ ទំហំសរុប ១២៥.៨៦ហិកតា ក្នុងឆ្នាំ២០១៦។ ចំពោះការបញ្ជាក់នៅក្នុងខ្លឹមសារនេះ លោក មួន ទន់ និងលោក ប៉ិច ក្រើន បានអះអាងថាដីរបស់ពួកគាត់គឺបានទិញតាំងពីឆ្នាំ២០១០មកម្លេះ គឺទិញតាំងពីមុន លោក ភឺន ផល្លា និងលោក លឹម សុជាតិ។

ចំពោះលិខិតបញ្ជាក់ថា៖ផ្អែកតាមការអះអាងរបស់ឈ្មោះ មួន ទន់ និងឈ្មោះ ប៉ិច ក្រើន ដែលបានទិញពីប្រជាពលរដ្ឋមានទំហំជិត ៦០ហិកតា តែតាមនិយាមការដែលធ្លាប់ផ្តល់ឲ្យមានទំហំ ៤៣.៧០ហិកតា ក្នុងនោះជាន់លើដីបឹងដែលរក្សាទុក១១.៨២៤ហិកតា ជាន់លើផ្លូវគ្រោងទំហំ ៣.២៤ហិកតា និងជាន់លើប័ណ្ណកម្មសិទ្ធទំហំ២៨.៦៣៦ហិកតា។ ចំពោះការបញ្ជាក់របស់លោក សុក កាន់ណារិទ្ធ ថាដីរបស់ប្រជាពលរដ្ឋជាន់លើប័ណ្ណកម្មសិទ្ធទំហំ២៨.៦៣៦ហិកតា ត្រង់ចំនុចនេះដែលជារបាយការណ៍បំភ្លៃការពិត ដោយការអះអាងពីប្រជាពលរដ្ឋថា ដីរបស់គាត់មិនបានទៅជាន់ដីបណ្ណរឹងរបស់ឈ្មោះ ភឺន ផល្លា និងឈ្មោះ លឹម សុជាតិ នោះទេ គឺឈ្មោះបុគ្គលទាំងពីរជាអ្នកធ្វើបណ្ណរឹងរំលោភយកដីយើងខ្ញុំតែម្តង ព្រោះដីរបស់ខ្លួនបានទិញ និងមានហត្ថលេខា និងត្រាបញ្ជាក់ពីអាជ្ញាធរភូមិឃុំតាំងពីឆ្នាំ២០១០ និងមានលិខិតអនុញ្ញាតធ្វើការព័ទ្ធទំនប់ដែលមានការចុះហត្ថលេខាលោកមេឃុំព្រែកអំពិល ២ជំនាន់គឺលោកមេឃុំ វ៉ាន់ យ៉េត និងលោកមេឃុំ ឈឹម ម៉េង(បច្ចុប្បន្នជាសង្កាត់ព្រែកអំពិល ក្រុងអរិយក្សត្រ) ចំណែកដីរបស់ លោក ភឺន ផល្លា និង លោក លឹម សុជាតិ ទិញក្នុងឆ្នាំ២០១៦ ដោយការចេញប័ណ្ណរឹងរបស់អាជ្ញាធរគឺរំលោភយកដីរបស់ពួកគាត់តែម្តង។ ចំណែកឯដីរបស់លោក មួន ទន់ ទំហំ ១២២,៩៩៥ម៉ែត្រការ៉េ ដែលត្រូវលោក សុក កាន់ណារិទ្ធ ចេញប័ណ្ណរឹងទៅឲ្យឈ្មោះ ភឺន ផល្លា និងឈ្មោះ លឹម សុជាតិ នោះ គឺលោក មួន ទន់ មានលិខិតផ្ទេរសិទ្ធ ពីឃុំដល់ស្រុក និងមានប្រថាប់ត្រាបង់ពន្ធជូនរដ្ឋត្រឹមត្រូវតាមច្បាប់ទៀតផង ចុះហេតុអ្វីបានជាលោក សុក កាន់ណារិទ្ធ និង មន្ត្រីជំនាញនៅតែចេញបណ្ណឲ្យអ្នកដទៃទៀត?

ចំពោះការចេញបណ្ណរឹងរបស់លោក សុក កាន់ណារិទ្ធ ឲ្យទៅលោក ភឺន ផល្លា និង ឈ្មោះ លឹម សុជាតិ ទាំងដែលដីនេះកំពុងតែមានទំនាស់ និងបណ្តឹងតើការអនុវត្តនីតិវិធីបែបនេះត្រឹមត្រូវតាមផ្លូវច្បាប់ភូមិបាលដែរឬយ៉ាងណា?ចំពោះដីមានវិវាទនៅចំនុចបឹងរាមក្នុងក្រុងអរិយក្សត្រ ខេត្តកណ្តាលនេះ កន្លងមកក៏មានរបាយការណ៍មិនពិតទៅសម្តេច ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ កាលពីថ្ងៃទី១៥ ខែមករា ឆ្នាំ២០២០ ដោយក្នុងចំណុច៣ នៃរបាយការណ៍ បញ្ជាក់ថាករណីវិវាទដីធ្លីនៅចំណុចបឹងរាម ត្រូវបានដោះស្រាយបញ្ចប់ទាំងស្រុងដោយអនុវត្តទៅតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល គោលការណ៍ច្បាប់ និងបានបំពេញនីតិវិធីត្រឹមត្រូវ។ ចំពោះរបាយការនេះគឺជារបាយការណ៍មិនពិត ដោយដីវិវាទនេះកំពុងតែមានទំនាស់។

ហើយចំពោះរបាយការណ៍ខុសពីការពិតរបស់លោក សុក កាន់ណារិទ្ធ ដែលគោរពជូនឯកឧត្តម គួច ចំរើន អភិបាល នៃគណៈខេត្តកណ្តាល សង្ឃឹមថាឯកឧត្តម នឹងស៊ើបអង្កេតស្រាវជ្រាវបន្ថែមជុំវិញវិវាទនេះ។

លោក មួន ទន់ និងលោក ប៉ិច ក្រើន សំណូមពរដល់ឯកឧត្តម គួច ចំរើន អភិបាលខេត្តកណ្តាល ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ មេត្តាជួយពិនិត្យទៅលើមន្ត្រីជំនាញក្រោមឱវាទ និងស្នើសុំឯកឧត្តម សាយ សំអាល់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដី មេត្តាជួយពិនិត្យក្នុងការចេញបណ្ណកម្មសិទ្ធិដីវិវាទខាងលើ…និងអាចអោយពួកគាត់អាចអាស្រ័យផលលើដីនោះវិញ ជាពិសេសសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា មេត្តាជួយអន្តរាគមន៍ផង៕