បេក្ខជនចំនួន៤៤រូបជាប់ជាស្ថាពរ នៃការប្រឡងប្រជែងជ្រើសរើសសិស្សមន្ត្រីជាន់ខ្ពស់ ជំនាន់ទី១៣ ឱ្យចូលរៀននៅសាលាភូមិន្ទរដ្ឋបាល

9

នាល្ងាចថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២៤ ក្រសួងមុខងារសាធារណៈ បានប្រកាសលទ្ធផលជាប់ជាស្ថាពរនៃការប្រឡងប្រជែងជ្រើសរើសសិស្សមន្ត្រីជាន់ខ្ពស់ ជំនាន់ទី១៣ ក្រោយឆ្លងកាត់ការប្រឡងចំនួនបីដំណាក់កាលកន្លងមក បេក្ខជនចំនួន ៤៤នាក់ជាប់ជាស្ថាពរ ក្នុងនោះស្រីចំនួន ១៣នាក់។

 

ដោយក្នុងនោះ ជំនាញរដ្ឋបាលសាធារណៈ សរុបចំនួន ២០នាក់ ស្រី ៤នាក់, ជំនាញសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ សរុបចំនួន ៧នាក់ ស្រី ៤នាក់ និងជំនាញទំនាក់ទំនងអន្តរជាតិ សរុបចំនួន ១៧នាក់ ស្រី ៥នាក់។

 

ក្រសួងមុខងារសាធារណៈ បានបញ្ជាក់ថា ក្នុងរយៈពេល ១សប្តាហ៍នៃថ្ងៃធ្វើការ ត្រឹមថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៤ វេលាម៉ោង ១៧:០០នាទីជាកំហិត បន្ទាប់ពីការប្រកាសលទ្ធផលនេះបេក្ខជនដែលបានប្រឡងជាប់ជាស្ថាពរ ត្រូវផ្តល់ការបញ្ជាក់ពីការទទួលយកក្របខណ្ឌមកអគ្គនាយកដ្ឋានគ្រប់គ្រងមុខងារសាធារណៈ តាមរយៈទូរសព្ទ/តេឡេក្រាម ០១២ ៣០៥ ៥៣០, ០១៦ ៨៨៨ ៥៣៦។

 

សម្រាប់បេក្ខជនដែលមានបំណងស្នើសុំការពិនិត្យសន្លឹកកិច្ចការរបស់ខ្លួន អាចដាក់សំណើជាលាយលក្ខណ៍អក្សរមកអគ្គនាយកដ្ឋានគ្រប់គ្រងមុខងារសាធារណៈ នៃក្រសួងមុខងារសាធារណៈ ៕