ភ្នំពេញ)៖ កម្លាំងនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់ ក្រសួងមហាផ្ទៃកាលពីថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២២ បានឃាត់ខ្លួនស្ត្រីម្នាក់ ពាក់ព័ន្ធករណី រំលោភលើទុកចិត្ត និងឆបោកប្រាក់ដៃគូររកស៊ី។
ស្ត្រីសង្ស័យមានឈ្មោះ ជីវ ណារ៉ា អាយុ ៣៥ឆ្នាំ រស់នៅភូមិថ្លុកអណ្ដូង សង្កាត់ស្លក្រាម ក្រុងសៀមរាប ខេត្តសៀមរាប។
បច្ចុប្បន្នស្ត្រីសង្ស័យ ត្រូវបានសមត្ថកិច្ចជំនាញឃាត់ខ្លួននៅក្រសួងមហាផ្ទៃដើម្បីសាកសួរ និងកសាងសំណុំរឿងបញ្ជូនទៅតុលាការចាត់ការតាមផ្លូវច្បាប់។
យោងតាមពាក្យបណ្ដឹងរបស់ជនរងគ្រោះឈ្មោះ គង់ សៀកធី បានបញ្ជាក់ថា កាលពីអំឡុងឆ្នា២០១៩ ស្ត្រីសង្ស័យខាងលើ បានទាក់ទងខ្លួនឲ្យចូលហ៊ុនគ្នាម្នាក់ ៥០ភាគរយ ទិញដីទំហំ ៩,៨៧៨ម៉ែត្រការ៉េ ស្ថិតនៅភូមិស្ពានក្អែក ឃុំកណ្ដែក ស្រុកប្រាសាទបាគង ខេត្តសៀមរាប ក្នុងតម្លៃ ៣៥៥, ៦០៨ដុល្លារ ដើម្បីសង់ផ្ទះល្វែងលក់ ដោយសន្យាថា នឹងចែកប្រាក់ចំណេញម្នាក់ ៥០ភាគរយ។
ដោយជឿទុកចិត្តលើជនសង្ស័យ ជនរងគ្រោះ បានប្រគល់ប្រាក់ចំនួន ៤០,០០០ដុល្លារ ទៅឲ្យជនសង្ស័យតាមរយៈគណនីធនាគារ ABA។
ដោយសារតែខ្លួនត្រូវទៅប្រទេសអូស្ត្រាលី ទើបជនរងគ្រោះ ប្រគល់សិទ្ធិឲ្យជនសង្ស័យជាអ្នកគ្រប់គ្រងក្រុមហ៊ុនលក់ផ្ទះល្វែង ស្រាប់តែជនសង្ស័យ បានកិបកេងប្រាក់ក្រុមហ៊ុនអស់ និងមិនព្រមប្រគល់ប្រាក់ចំណេញពីការលក់ផ្ទះល្វែងឲ្យខ្លួន ៥០ភាគរយ តាមការសន្យាឡើយ ទើបជនរងគ្រោះសម្រេចដាក់ពាក្យបណ្ដឹងនៅសមត្ថកិច្ចឲ្យជួយរកយុត្តិធម៌តាមផ្លូវច្បាប់៕