ឯកឧត្ដម នាយឧត្តមសេនីយ៍ ស ថេត ជម្រុញលើកទឹកចិត្តដល់សិស្សានុសិស្សទាំងអស់ បន្តខិតខំរៀនសូត្រ ស្រាវជ្រាវ និងអភិវឌ្ឍន៍ខ្លួន

9

ភ្នំពេញ៖ ឯកឧត្ដម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងជាប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជាចុះមូលដ្ឋានស្រុកកញ្ច្រៀច និងស្រុកកំចាយមារ ខេត្តព្រៃវែង ជម្រុញលើកទឹកចិត្តដល់សិស្សានុសិស្សទាំងអស់ បន្តខិតខំរៀនសូត្រ ស្រាវជ្រាវ និងអភិវឌ្ឍន៍ខ្លួនឲ្យបានខ្ជាប់ខ្ជួន ជាពិសេសតាមបរិបទសង្គមឌីជីថល និងចូលរួមធ្វើអំពើល្អដើម្បីការរីកចម្រើននៅក្នុងគ្រួសារ សង្គម និងក្លាយជាទំពាំងស្នងឬស្សី សម្រាប់ប្រទេសជាតិ។

 

ការជម្រុញនេះ ធ្វើឡើងនៅក្នុងពិធីជួបសំណេះសំណាល និងផ្ដល់រង្វាន់លើកទឹកចិត្តជូនដល់សិស្សដែលប្រឡងជាប់និទ្ទេស A និង B មកពីវិទ្យាល័យក្នុងស្រុកទាំងពីរ សរុបចំនួន១១៧នាក់ នៅព្រឹកថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២៤នេះ ។

 

ដើម្បីលើកទឹកចិត្តដល់ សិស្សានុសិស្ស ដែលប្រឡងជាប់និទ្ទេសល្អនេះ ឯកឧត្ដមនាយឧត្តមសេនីយ៍ ស ថេត បានប្រគល់រង្វាន់លើកទឹកចិត្តជូនសិស្សនិទ្ទេស A និង B ក្នុងឱកាសនោះ រួមមាន កុំព្យូទ័រ Laptop ម្នាក់មួយគ្រឿងសម្រាប់និទ្ទេស A និងថវិកា៤០ម៉ឺនរៀល ដោយឡែក សិស្សនិទ្ទេស B ទទួលបានថវិកាម្នាក់៤០ម៉ឺនរៀល៕