ស្នងការខេត្តកណ្តាលស្នើឱ្យក្រសួងព័ត៌មានចាត់វិធានការលើអង្គភាពព័ត៌មានដែលផ្សាយមិនពិតពីការធ្វើទារុណកម្មជនជាតិចិន

8

ក្រោយពីមានការចុះផ្សាយរបស់គេហទំព័រសារព័ត៌មាន ស៊ីអេចអ ធីវីអនឡាញ បានចុះផ្សាយព័ត៌មានដែលមានខ្លឹមសារថា៖ បែកធ្លាយការធ្វើទារុណកម្មទៅលើជនជាតិចិន យ៉ាងព្រៃផ្សៃអគារអនឡាញខុសច្បាប់ នៅក្រុងសំពៅពូន ខេត្តកណ្តាល នៅចំណុចស្ពាន៧២រួចមក ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល បានចេញមកបំភ្លឺថា ចំពោះជនរងគ្រោះនៅក្នុងរូបភាពដែលបានចុះផ្សាយនោះ មិនមាននៅក្នុងអគារនៅចំណុចស្ពានលេខ៧២ ស្ថិតក្នុងក្រុងសំពៅពូនដូចការចុះផ្សាយនោះទេ។ ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល បញ្ជាក់ថា រហូតមកដល់ពេលនេះសមត្ថកិច្ចជំនាញមិនទាន់ទទួលបានបណ្តឹង ឬព័ត៌មានណាមួយថាមានការប្រើហិង្សានៅក្នុងទីតាំងអគារនោះដែរ។

ជាមួយគ្នានេះ ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល បានស្នើឱ្យលោក សួន ចំរើន ចាងហ្វាងគេហទំព័រ ស៊ីអេចអ ធីវីអនឡាញ មកបំភ្លឺព័ត៌មានលម្អិតពាក់ព័ន្ធករណីនេះជាបន្ទាន់។ ទន្ទឹមគ្នានេះដែរ ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល ក៏បានសំណូមពរដល់ក្រសួងព័ត៌មាន ឱ្យជួយមានវិធានការទៅលើអង្គភាពគេហទំព័រសារព័ត៌មាន ស៊ីអេចអ ធីវីអនឡាញ ដែលបានចុះផ្សាយក្នុងរូបភាពញុះញង់បំផ្លើសការពិត៕