ឯកឧត្តម ស សុខា ៖ ៤៦ឆ្នាំមកនេះ ស.ស.យ.ក. មានភាពចាស់ទុំក្នុងការងាររួមចំណែកបម្រើសង្គមជាតិ

12

ឯកឧត្តម ស សុខា អនុប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ទទួលបន្ទុកខេត្តព្រៃវែង បាត់ដំបង និងបន្ទាយមានជ័យ នាថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២៤ បានមានប្រសាសន៍ថា ឆ្លងកាត់រយៈពេល ៤៦ឆ្នាំមកនេះ សហភាពសហព័ន្ធយុវជនកម្ពុជា ហៅកាត់ថា ស.ស.យ.ក. បានបង្ហាញពីភាពចាស់ទុំក្នុងការងាររួមចំណែកបម្រើសង្គមជាតិ ជាពិសេសការរួមចំណែកពង្រឹងគុណភាព និងពង្រីកសក្ដានុពលយុវជនកម្ពុជា។

 

ក្នុងឱកាសអញ្ជើញជាតំណាងឯកឧត្តម ហ៊ុន ម៉ានី ប្រធាន ស.ស.យ.ក. សម្ភោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការអគារស្នាក់ការ និងសមិទ្ធផលនានា របស់ ស.ស.យ.ក. ស្រុករុក្ខគិរី ខេត្តបាត់ដំបង ឯកឧត្តម ស សុខា បានរម្លឹកថា ក្រោមការដឹកនាំរបស់ឯកឧត្តមប្រធាន សហភាពសហព័ន្ធយុវជនកម្ពុជា បានរួមចំណែកបង្កើត និងចូលរួមធ្វើសកម្មភាពវិជ្ជមានក្នុងព្រឹត្តិការណ៍ជាច្រើន ដើម្បីលើកតម្កើងកិត្តិយសជាតិ និងនាំមកនូវផលប្រយោជន៍ជូនប្រជាជន ពិសេសយុវជន។

 

ជាក់ស្ដែងនៅខេត្តបាត់ដំបង ខេត្តព្រៃវៃង ខេត្តបន្ទាយមានជ័យ និងបណ្ដារាជធានី ខេត្តផ្សេងៗទៀត សហភាពសហព័ន្ធយុវជនកម្ពុជា បានចូលរួមបើកវគ្គបំប៉នសិស្សថ្នាក់ទី១២ ជាបន្តបន្ទាប់ ដោយក្នុងរយៈពេលជិត ១០ឆ្នាំមកនេះ ស.ស.យ.ក. បានរួមចំណែកជួយគាំទ្រនិងលើកកម្ពស់វិស័យសិក្សាធិការជាតិទទួលបានលទ្ធផលយ៉ាងជាក់ស្ដែង គឺអត្រាសិស្សានុសិស្សថ្នាក់ទី១២ ប្រឡងជាប់មធ្យមសិក្សាទុតិយភូមិ ឬបាក់ឌុប បានកើនឡើងជារៀងរាល់ឆ្នាំ ជាពិសេសសិស្សជាប់និន្ទេស A ។

 

បើតាមឯកឧត្តម ស សុខា បទពិសោធ ៤៦ឆ្នាំមកនេះ ក៏មានន័យថា ស.ស.យ.ក. បានឆ្លងកាត់ការដឹកនាំ និងការចូលរួមពីអតីតយុវជនដ៏មានសក្ដានុពលជាច្រើននាក់ ទាំងកម្រិតថ្នាក់កណ្ដាល ឬថ្នាក់ជាតិ និងថ្នាក់មូលដ្ឋាន ដែលសុទ្ធតែបានរួមចំណែកបម្រើជាតិទាំងក្នុងវិស័យអប់រំ វប្បធម៌ និងការងារសង្គមកិច្ចជាច្រើនទៀត។ ក្នុងន័យនេះ ទន្ទឹមនឹងការបន្តសកម្មភាពបម្រើសង្គមជាតិ និងការពង្រឹងសមត្ថភាពខ្លួនឯង ឯកឧត្តម បានជំរុញយុវជន ស.ស.យ.ក. បន្តរក្សានូវការគោរពនិងរៀនសូត្រពីបទពិសោធរបស់ចាស់ទុំ។

 

សូមបញ្ជាក់ថា ស.ស.យ.ក. ជារណសិរ្សទូលំទូលាយរបស់យុវជនកម្ពុជា បន្តសកម្មភាពពីសមាគមយុវជនកម្ពុជា និងសមាគមយុវជនសាមគ្គីសង្គ្រោះជាតិកម្ពុជា ដែលបានបដិសន្ធិនាថ្ងៃទី២ ខែធ្នូ ឆ្នាំ១៩៧៨ ក្នុងគោលបំណងប្រមូលផ្តុំយុវជនគ្រប់ទិសទី ទាំងក្នុង និងក្រៅប្រទេសដោយមិនប្រកាន់ពូជសាសន៍ ពណ៍សម្បុរ ភេទ ភាសា ជំនឿ សាសនា ឋានៈសង្គម និងនិន្នាការនយោបាយ ជាកម្លាំងមហាសាមគ្គី រួមចំណែកកសាងប្រទេសកម្ពុជាមួយឯករាជ្យ សន្តិភាព សេរីភាព ប្រជាធិបតេយ្យ និងវឌ្ឍនភាសង្គម។

 

ស.ស.យ.ក. ក៏ដើរតួនាទីជាតំណាងការពារសិទ្ធិ និងផលប្រយោជន៍ដ៏ត្រឹមត្រូវរបស់យុវជនកម្ពុជា ទាំងខាងជីវភាព ស្មារតី និងសង្គម ទំនាក់ទំនង និងសហការល្អជាមួយអង្គការសង្គម សមាគម និងសហព័ន្ធ ដែលធ្វើសកម្មភាពពាក់ព័ន្ធនឹងយុវជនសំដៅអប់រំលើកទឹកចិត្តយុវជនក្នុងការរៀនសូត្រ ពលកម្ម កំសាន្ត សប្បាយ និងរួមលើកកម្ពស់ការអប់រំ ថែទាំ និងសុខភាពរបស់កុមារកម្ពុជា និងទំនាក់ទំនងជាមិត្តភាព និងសហប្រតិបត្តិការទូលំទូលាយជាមួយអង្គការជាតិ អន្តរជាតិ បុគ្គល ប្រជាជន និងយុវជនប្រទេសនានាលើសកលលោក ក្នុងការតស៊ូដើម្បី សន្តិភាព ឯករាជ្យ ប្រជាធិបតេយ្យ វឌ្ឍនភាពសង្គម និងអនាគតស្រស់បំព្រងរបស់យុវវ័យ៕