តារាចម្រៀង ព្រាប សុវត្ថិ សុំលាលែងចេញពីក្របខណ្ឌនៃកងយោធពលខេមរភូមិន្ទ ដោយសុំរក្សាទុកគោរមងារ ជា ឧកញ៉ា

13

តារាងចម្រៀង ព្រាប សុវត្ថិ សុំលាលែងចេញពីក្របខណ្ឌនៃកងយោធពលខេមរភូមិន្ទ តាមរយៈការចុះអនុក្រឹត្យកាលពីថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០២៤។ ការឯកភាពនេះ ធ្វើឡើងក្រោយពីតារាចម្រៀង ព្រាប សុវត្ថិ បានដាក់សំណើរសុំលាលែងចេញពីក្របខណ្ឌ។

 

បើយោងតាមអនុក្រឹត្យ បានបញ្ជាក់ថា៖« ត្រូវបានលាលែងចេញពីក្របខ័ណ្ឌ នៃកងយោធពលខេមរភូមិន្ទ ដោយសុំរក្សាទុកគោរមងារ ជា ឧកញ៉ា ដល់វរសេនីយ៍ឯក ព្រាប សុវត្ថិ អត្តលេខ ០៤៨៦៩៤ នាយរង ការិយាល័យទី៥ កងទ័ពជើងគោក។

សូមជម្រាបថា លោកព្រាប សុវត្ថិ បានចូលបំពេញការងារជាទាហានតាំងពីមុនប្រឡូកក្នុងវិស័យសិល្បៈចម្រៀងមកម្ល៉េះ។ ពោលគឺលោក បានដាក់ពាក្យបម្រើកងទ័ពនៅក្នុងឆ្នាំ១៩៩១ ក្រោយពីបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាតបត្រ។ នៅក្នុងឆ្នាំ ១៩៩២ លោកបានចូលធ្វើទាហាន នៅអគ្គស្នងការនយោបាយ ដែលគិតមកទល់នឹងពេលនេះ លោកបានចូលបម្រើការងារជាទាហានមានរយៈពេល ៣២ឆ្នាំ។

 

លោក ព្រាប សុវត្ថិ កើតនៅថ្ងៃទី២៥ ខែឧសភា ឆ្នាំ១៩៧៥ អំឡុងពេលដែលកងទ័ព ខ្មែរក្រហម ជម្លៀសប្រជាពលរដ្ឋចេញពីទីក្រុងភ្នំពេញ នាថ្ងៃទី១៧ ខែមេសា ឆ្នាំ១៩៧៥។ ក្រោយបញ្ចប់ការសិក្សានៅវិទ្យាល័យក្នុងឆ្នាំ១៩៩១ លោកក៏បន្តការសិក្សាបរិញ្ញាបត្រច្បាប់ និងសេដ្ឋកិច្ច នៅសកលវិទ្យាល័យសេដ្ឋកិច្ច ក្នុងអំឡុងពេលនោះ លោកបានដាក់ពាក្យបម្រើកងទ័ព ហើយក្នុងឆ្នាំ១៩៩២ លោកបានចូលធ្វើទាហាន នៅអគ្គស្នងការនយោបាយ។

លោកព្រាប សុវត្ថិ ត្រូវបានមិត្តភក្ដិណែនាំឱ្យទៅចេញច្រៀងតាមរង្គសាល និងតាមបារប៊ីហ្គាដេន ដោយសារឃើញទេពកោសល្យខាងសំឡេងរបស់លោកមានទឹកដម ហើយគួបផ្សំលោក ព្រាប សុវត្ថិ ឧស្សាហ៍ឡើងច្រៀងក្នុងកម្មវិធីជប់លៀងផ្សេងៗផងដែរ។

 

ក្នុងអំឡុងឆ្នាំ១៩៩៤ លោកដើរច្រៀងតាមភោជនដ្ឋានផ្សេងៗជាច្រើនបាន១ឆ្នាំ លោកក៏បានទៅច្រៀងឱ្យផលិតកម្ម រស្មីហង្សមាស ក្នុងឆ្នាំ១៩៩៥។ ពេលនោះហើយ ដែលលោកបានបោះជំហានឈានចូលក្នុងវិស័យសិល្បៈយ៉ាងពេញលេញជាលើកដំបូង និងបានចេញបទចម្រៀងជាលើកដំបូង “អូនជាបេះដូងបង” ។ តារាចម្រៀងព្រាប សុវត្ថិ ត្រូវព្រះមហាក្សត្រផ្ដល់គោរមងារជា ឧកញ៉ា នៅថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២២៕