សម្ដេចតេជោ ហ៊ុន សែន អញ្ជើញធ្វើដំណើរទៅដល់រដ្ឋធានីរីយ៉ាត ព្រះរាជាណាចក្រអារ៉ាប៊ីសាអូឌិត ប្រកបដោយសុវត្តិភាព

10

សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា និងគណៈប្រតិភូជាន់ខ្ពស់ របស់ព្រះរាជាណាចក្រកម្ពុជា អញ្ជើញធ្វើដំណើរទៅដល់រដ្ឋធានីរីយ៉ាត ព្រះរាជាណាចក្រអារ៉ាប៊ីសាអូឌិត ប្រកបដោយសុវត្តិភាព ដើម្បីបំពេញទស្សនកិច្ចផ្លូវការរយៈពេល ១សប្តាហ៍ទៅកាន់ប្រទេសចំនួន៤ នៅតំបន់មជ្ឈឹមបូព៌ា និងអឺរ៉ុប ក្នុងនោះរួមមានព្រះរាជាណាចក្រអារ៉ាប៊ីសាអូឌិត រដ្ឋកាតា តួកគីយេ និងប្រទសអារ៉ាបរួម។

 

យន្តហោះពិសេសរបស់ព្រះរាជាណាចក្រកម្ពុជា បានធ្វើការចុះចតនៅអាកាសយានដ្ឋានអន្តរជាតិ ឃីងខាលីដ កាលពីវេលាម៉ោង១២និង២៣នាទី ម៉ោងនៅរដ្ឋធានីរីយ៉ាដ ប្រទេសអារ៉ាប៊ីសាអូឌិត ត្រូវនិងម៉ោង១៦និង២៣នាទី ម៉ោងនៅរាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា ថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២៤។ វត្តមាននៃការអញ្ជើញដល់របស់សម្តេចតេជោប្រធានព្រឹទ្ធសភា ត្រូវបានទទួលបដិសណ្ឋារកិច្ចស្វាគមន៍យ៉ាងកក់ក្តៅបំផុត ពីឯកឧត្តមបណ្ឌិត អាប់ឌុលឡា ម៉ូហាម៉េដ អ៊ីប្រាហ៊ីម អាល់-សេក្ខ (Abdullah Muhamad Ibrahim Al-Sheikh) ប្រធានសភាព្រះរាជាណាចក្រអារ៉ាប៊ីសាអូឌិត ព្រមទាំងឯកឧត្តម លោកជំទាវ ជាឥស្សរជនជាន់ខ្ពស់សភានៃព្រះរាជាណាចក្រអារ៉ាប៊ីសាអូឌិត និងឥស្សរជនការទូតរបស់ព្រះរាជាណាចក្រកម្ពុជា ជាច្រើនរូប។

 

សូមបញ្ជាក់ថា ព្រះរាជាណាចក្រអារ៉ាប៊ីសាអូឌិត គឺជាប្រទេសទី១ នៃដំណើរបំពេញទស្សនកិច្ចផ្លូវការរបស់សម្តេចតេជោប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា ទៅកាន់បណ្តាប្រទេសនៅតំបន់មជ្ឈឹមបូព៌ា និងអឺរ៉ុប។ ដំណើរបំពេញទស្សនកិច្ចផ្លូវការរបស់សម្តេចតេជោប្រធានព្រឹទ្ធសភា ទៅកាន់តំបន់មជ្ឈឹមបូព៌ា និងតំបន់អឺរ៉ុបនៅពេលនេះ គឺដើម្បីពង្រឹងនិងពង្រីកកិច្ចសហប្រតិបត្តិការរវាង ស្ថាប័ននិតិបញ្ញាត្តិរបស់ព្រះរាជាណាចក្រកម្ពុជា ជាមួយស្ថាប័ននិតិបញ្ញាត្តិនៃប្រទេសក្នុងតំបន់មជ្ឈឹមបូព៌ា និងអឺរ៉ុប ឲ្យកាន់តែរឹងមាំទ្វេឡើងថែមទៀត៕