ភ្នំពេញ÷ក្នុងកិច្ចប្រជុំគណៈរដ្ឋមន្ត្រី នៅព្រឹកថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០២៤ នេះ សម្តេចធិបតី ហ៊ុន ម៉ាណែត បានណែនាំអាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ធានាឱ្យបាននូវសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់ សាធារណៈ និងអនាម័យ ដើម្បីសម្រួលដល់ការចូលរួមកម្សាន្តរបស់បងប្អូនប្រជាពលរដ្ឋ ក្នុងឱកាសនៃពិធីបុណ្យ សមុទ្រលើកទី១១ (ថ្ងៃទី១៣-១៥ ខែធ្នូ ឆ្នាំ២០២៤ ខេត្តកំពត) ការប្រកួតបាល់ទាត់មិត្តភាពអបអរសាទរ ទិវាសន្តិភាពនៅកម្ពុជាលើកទី១ (ថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២៤ រាជធានីភ្នំពេញ) និងពិធីបុណ្យចូលឆ្នាំសកល ២០២៥។ ជាមួយគ្នានេះ គណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានី-ខេត្ត ចូលរួមផ្សព្វផ្សាយឱ្យបានទូលំទូលាយនៅព្រឹត្តិការណ៍ ដ៏សំខាន់ទាំងនេះ ដើម្បីទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិ មកចូលរួមឱ្យបានច្រើនកុះករ។