ក្រសួងយុត្តិធម៌ មានកិត្តិយសសូមជម្រាបជូនដល់សាធារណជនទាំងអស់មេត្តាជ្រាបថា ថ្មីៗនេះមានឧក្រិដ្ឋជនឆបោកដែលបានបង្កើតគណនីតេឡេក្រាម (Telegram Account) ក្លែងបន្លំ ដែលមានឈ្មោះថា “MEUKKIMSROEUN7” ដោយប្រើប្រាស់រូបភាពរបស់ ឯកឧត្តម កើត រិទ្ធ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ ដើម្បីចែករំលែកព័ត៌មានពាក់ព័ន្ធនឹងការវិនិយោគខុសច្បាប់ទៅក្នុងក្រុមតេឡេក្រាមនានា រួមមាន ក្រុមដែលមានឈ្មោះថា “CEO MASTERS CLUB IN” ដើម្បីបំភាន់ អូសទាញ និងឆបោកសាធារណជនឱ្យចូលរួមក្នុងការវិនិយោគខុសច្បាប់ដែលអាចនាំឱ្យខាតបង់ផលប្រយោជន៍របស់បងប្អូនប្រជាពលរដ្ឋ។
ក្រសួងយុត្តិធម៌ សូមប្រកាសថា សកម្មភាពដែលកំពុងតែធ្វើឡើងដោយគណនីតេឡេក្រាមខាងលើនេះ មិនមានការពាក់ព័ន្ធជាមួយ ឯកឧត្តម កើត រិទ្ធ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ ឬ ក្រសួងយុត្តិធម៌ នោះទេ។ ទន្ទឹមនេះ, ប្រសិនបើមានគណនីតេឡេក្រាម ឬក្រុមតេឡេក្រាមផ្សេងទៀតណាដែលប្រើប្រាស់រូបថត ឬឈ្មោះរបស់ ឯកឧត្តម កើត រិទ្ធ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ ហើយធ្វើសកម្មភាពបែបនេះ ក៏ពុំមែនជាគណនីរបស់ ឯកឧត្តម កើត រិទ្ធ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ នោះដែរ។
ក្រសួងយុត្តិធម៌ សូមអំពាវនាវដល់ក្រសួង ស្ថាប័នដែលមានការពាក់ព័ន្ធ ព្រមទាំងអាជ្ញាធរមានសមត្ថកិច្ច សូមធ្វើការស្រាវជ្រាវស៊ើបអង្កេត និងចាត់វិធានការតាមផ្លូវច្បាប់ឱ្យបានម៉ឺងម៉ាត់ចំពោះករណីបែបនេះ និង សូមអំពាវនាវដល់សាធារណជនទាំងអស់ សូមបង្កើនការប្រុងប្រយ័ត្នខ្ពស់ចំពោះល្បិចកលឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាដូចករណីខាងលើនេះ ដើម្បីចៀសវាងកុំឱ្យចាញ់បោកធ្វើឱ្យខាតបង់នូវទ្រព្យធនជាយថាហេតុ។
អាស្រ័យដូចបានជម្រាបជូនខាងលើនេះ សូមសាធារណជនជ្រាបជាព័ត៌មាន។