ភ្នំពេញ៖ ជនជាតិចិនមានគ្នាចំនួន៤-៥នាក់ បានជិះរថយន្ត ១គ្រឿងម៉ាកAlpard ពណ៌ស (មិនស្គាល់ផ្លាកលេខ) បានធ្វើសកម្មភាពចាប់ជនរងគ្រោះម្នាក់ ឈ្មោះ LU WEI ភេទប្រុស ជនជាតិចិន ដាក់ចូលក្នុងរថយន្ត រួចជិះគេចចេញពីទីតាំងខាងលើ កាលពីថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៤ វេលាម៉ោងប្រហែល ១១យប់ នៅចំណុចអតីតសណ្ឋាគារ មីង គួយ ស្ថិតនៅផ្លូវលេខ១៧៤ សង្កាត់ផ្សារថ្មីទី៣ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។
ក្រោយពីទទួលបានព័ត៌មាន បានចុះទៅដល់ទីតាំងកើតហេតុ ដើម្បីធ្វើការស្រាវជ្រាវតាមនីតិវិធី និងជំនាញដោយកំណត់បានអត្តសញ្ញាណ និងទីតាំងលាក់ខ្លួនរបស់ជនសង្ស័យដែលបានប្រព្រឹត្តបទល្មើសខាងលើ។
នៅថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២៤ វេលាម៉ោង ១២:៣០នាទី កម្លាំងជំនាញបានធ្វើការឃាត់ខ្លួនបានជនសង្ស័យចំនួន ២នាក់ ឈ្មោះ GU GUOJUN ភេទប្រុស អាយុ៤៨ឆ្នាំ ជនជាតិចិន និងឈ្មោះ ហម ចាន់ធូ ភេទស្រី អាយុ៣៣ឆ្នាំ ជនជាតិខ្មែរ នៅត្រង់ចំណុចនៅជិតវត្តជ្រលងម្លូរ ភូមិទួលកីសង្កាត់ភ្លើងឆេះរទេះខណ្ឌកំបូល រាជធានីភ្នំពេញ យកមកសាកសួរ។ ក្នុងនោះសមត្ថកិច្ចដកហូតវត្ថុតាង រួមមាន អាវុធខ្លីម៉ាក NIK SAN ពណ៌ខ្មៅ ចំនួន ៣ដើម និងបង់ចំនួន ៣, គ្រាប់ប្រភេទ ៣៨០ ចំនួន៣៤គ្រាប់, ឯកសណ្ឋានប្រយុទ្ធនគរបាលជាតិ (អាវចំនួន២ ,ខោចំនួន១), ស្ព្រាយបាញ់បង្ហូរទឹកភ្នែក ចំនួន១ដប, ខ្នោះដៃ ចំនួន១ ខ្សែរចំណងជរ័ចំនួន១ដុំ, ស្បែកជើងប៊ូពណ៌ខ្មៅ ចំនួន ៣គូរ, ឧបករណ៍ប្រើប្រាស់ក្នុងក្របខណ្ឌមន្ត្រីនគរបាលជាតិមួយចំនួន។
ក្រោយពីបានធ្វើការសាកសួរបឋម ជនស័ង្សបានឆ្លើយសារភាពថា បក្ខពួកដែលបានចូលរួមធ្វើសកម្មភាពករណី បង្ខាំងមនុស្ស និងជំរិតទារប្រាក់ កាលពីថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅចំណុចខាងលើគឺមានចំនួន ៨នាក់។
បច្ចុប្បន្នជនដៃដល់ទាំងពីរនាក់ ត្រូវបានបញ្ជូនទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការបន្ដតាមនីតិវិធីច្បាប់៕