ភ្នំពេញ ៖ ជនសង្ស័យម្នាក់ធ្វេីសកម្មភាពឆក់ទូរស័ព្ទបុរសអ្នករត់កង់បីបានសម្រេចនៅមូលដ្ឋានសង្កាត់ទឹកល្អក់១ ខណ្ឌទួលគោក ហេីយព្យាយាមគេចខ្លួនរហូតមកដល់ភូមិជ្រៃកោង សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ ត្រូវបានជនរងគ្រោះដេញឃាត់បានរួចប្រគល់ជូនសមត្ថកិច្ចកាលពីវេលាម៉ោង១១និង៣០នាទីព្រឹក ថ្ងៃទី២២ ខែមីនា ឆ្នាំ២០២២ ។
ជនរងគ្រោះឈ្មោះ ស៊ុម រ៉ាវិន ភេទប្រុសអាយុ៤២ ឆ្នាំ មុខរបររត់ផាស្អាប់ ស្នាក់នៅសង្កាត់ដង្កោ ខណ្ឌដង្កោ ។
ចំណែកជនសង្ស័យមានឈ្មោះ សេង សុខ ទី ភេទប្រុសអាយុ៣៤ ឆ្នាំ ស្នាក់នៅមិនពិតប្រាកដ។
តាមសម្តីជនរងគ្រោះបានឲ្យដឹងថា មុនពេលកេីតហេតុរូបគាត់កំពុងឈប់កង់បីរង់ចាំម៉ូយដោយភ្ជាប់App (GPS)នៅតាមបណ្តោយផ្លូវ២៨៩ ក្នុងសង្កាត់ទឹកល្អក់ទី១ ខណ្ឌទួលគោក ភ្លាមនោះក៏មានជនសង្ស័យម្នាក់មកធ្វេីសកម្មភាពឆក់យកទូរស័ព្ទរបស់គាត់ម៉ាកoppoបានសម្រេចរួចគេចខ្លួនបាត់។
ជនរងគ្រោះបានបន្តថា ដោយសារតែទូរស័ព្ទគាត់ភ្ជាប់GPSទេីបគាត់ជិះកង់បីតាមពីក្រោយរហូតមកដល់ផ្លូវបេតុងភូមិជ្រៃកោង សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ ទេីបមកទាន់ខណៈជនសង្ស័យកទូរស័ព្ទឲ្យជាងបុកប្រូក្រាមឲ្យរួចក៏ឃាត់ភ្លាមៗតែម្តង។
បច្ចុប្បន្ន ជនសង្ស័យត្រូវបានសមត្ថកិច្ចនាំខ្លួនយកទៅសាកសួរដេីម្បីចាត់ការតាមច្បាប់៕