(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្ដីទីកម្ពុជា បានអំពាវនាវឱ្យសមត្ថកិច្ចស្វែងរកអ្នកប្រើប្រាស់ហ្វេសប៊ុក ឈ្មោះ «ហូ រ៉ុនអេង» ដើម្បីចាត់វិធានការតាមផ្លូវច្បាប់ចំពោះការលើកឡើងថា ខុសពីការពិតថា «វៀតណាមចូលដីខ្មែរ»។
តាមរយៈបណ្តាញសង្គមហ្វេសប៊ុក នៅថ្ងៃទី០៨ ខែកញ្ញា ឆ្នាំ២០២៤នេះ សម្តេចតេជោ បានបង្ហាញការបញ្ចេញមតិមិនត្រឺមត្រូវរបស់ហ្វេសប៊ុក ឈ្មោះ «ហូ រ៉ុនអេង» ដែលហ្វេសប៊ុកនេះបានលើកឡើងថា «បង្គោលៗហើយប៉ុន្តែមនុស្សយួនចូលក្នុងដីខ្មែរយួនគ្រប់គ្រងយូរៗទៅពួក ធ្វើកល្បិចចោទខ្មែរថាជាខ្មាំងឲអ្នកដឹកនាំ ខ្មែរសម្លាប់ ចាប់ដាក់គុកឬសម្លាប់អស់ទៅ ជចាយ៉ាងណាកូនៗគួរអាណិតទេ ?»។
សម្តេចបានបញ្ជាក់ថា «ពេល Facebook ខ្ញុំបង្ហោះពីសិល្បករសិល្បការិនីទៅលេងតាមព្រំដែនពួកជ្រុលនិយមចូលមកលើកដែលខ្ញុំឆ្លើយ
តបដូចមានភ្ជាប់ជូន។ សូមសមត្ថកិច្ចស្វែងរកមនុស្សនេះមកចាត់ការតាមផ្លូវច្បាប់ព្រោះវាមិនមែនជាការបញ្ចេញមតិទេ»។
សម្តេចតេជោ បានបន្តថា «ពួកជនបរទេសដែលខិតខំរារាំងការរើសអើងពូជសាសន៍ និងប្រឆាំងជ្រុលនិយមជួយមើលរឿងនេះផងកុំចាំដល់ពេលគេញាត់គុកទើបស្រែកថារំលោភសិទ្ធមនុស្សត្រូវជួយអប់រំពួកនេះជាជាងមកចោទរាជរដ្ឋាភិបាល»៕