ប្រទេសម៉ាឡេស៊ី៖ លោក នេត្រ ភក្រ្តា រដ្ឋមន្រ្តីក្រសួងព័ត៌មាននៃព្រះរាជាណាចក្រកម្ពុជាជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយសមភាគីម៉ាឡេស៊ី លោក Ahmad Fahmi bin Mohamed Fadzil រដ្ឋមន្ត្រីក្រសួងគមនាគន៍នៃប្រទេសម៉ាឡេស៊ី នៅរសៀលថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២៤ ក្នុងអំឡុងពេលនៃដំណើរចូលរួមកិច្ចប្រជុំមហាសន្និបាតលេីកទី២២ និងសន្និសីទកំពូលសារព័ត៌មានអាស៊ីលើកទី១៩ (19th Asia Media Summit) រៀបចំឡើងដោយវិទ្យាស្ថានអភិវឌ្ឍន៍ប្រព័ន្ធផ្សាយសោតទស្សន៍អាស៊ីប៉ាស៊ីហ្វិក នៅប្រទេសម៉ាឡេស៊ី។
នៅក្នុងជំនួបនេះ ភាគីទាំងពីរបានគូសបញ្ជាក់ពីសារៈសំខាន់នៃកិច្ចសហប្រតិបត្តិការរវាងក្រសួងព័ត៌មានកម្ពុជា និងក្រសួងគមនាគន៍នៃប្រទេសម៉ាឡេស៊ីក្នុងក្របខណ្ឌនៃការផ្លាស់ប្តូរព័ត៌មានរវាងគ្នានឹងគ្នាជាពិសេសការផ្លាស់ប្តូរព័ត៌មានរវាងទីភ្នាក់ងារសារព័ត៌មានកម្ពុជា និងទីភ្នាក់ងារសារព័ត៌មានជាតិរបស់ម៉ាឡេស៊ី BERNAMA ក៏ដូចជាកិច្ចសហការជាមួយវិទ្យុផងដែរ។
ជាងនេះទៅទៀត រដ្ឋមន្ត្រីនៃប្រទេសទាំងពីរក៏បានប្តេជ្ញាចិត្តរួមគ្នា ក្នុងការប្រយុទ្ធប្រឆាំងនឹងព័ត៌មានក្លែងក្លាយ និងការផ្លាស់ប្តូរបទពិសោធន៍គ្នាទៅវិញទៅមកលើកិច្ចការព័ត៌មាន និងការផ្សព្វផ្សាយដើម្បីធ្វើឱ្យមានសុវត្ថិភាពព័ត៌មានសម្រាប់អ្នកប្រើប្រាស់។
រដ្ឋមន្ត្រីទាំងពីររូបក៏បានឯកភាពសហការរួមគ្នាផ្តួចផ្តើមគំនិតលើការពង្រឹងសុវត្ថិភាពនិងសណ្តាប់ធ្នាប់ព័ត៌មាន សម្រាប់ប្រជាពលរដ្ឋនៃប្រទេសទាំងពីរ និងធ្វើការរួមគ្នាដើម្បីអំពាវនាវដល់ប្រទេសដទៃទៀតក្នុងតំបន់អាស៊ាន ចូលរួមជាមួយកម្ពុជា និងម៉ាឡេស៊ី ក្នុងគំនិតផ្តួចផ្តើមនេះ។
គួរបញ្ជាក់ថា កាលពីថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២៤ លោក នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មានអំពាវនាវឱ្យបណ្តាប្រទេសជាសមាជិកវិទ្យាស្ថានអភិវឌ្ឍន៍ប្រព័ន្ធផ្សាយសោតទស្សន៍អាស៊ីប៉ាស៊ីហ្វិក AIBD ចូលរួមជាមួយកម្ពុជាក្នុងយុទ្ធនាការប្រយុទ្ធប្រឆាំងនឹងព័ត៌មានក្លែងក្លាយ ដែលជាបញ្ហារួមរបស់តំបន់ និងបានអំពាវនាវឱ្យបណ្តាលប្រទេសជាសមាជិក ចូលរួមជាមួយកម្ពុជានៅក្នុងយុទ្ធនាការនេះ ដើម្បីរួមគ្នាលើកកម្ពស់ការយល់ដឹងរបស់ប្រជាពលរដ្ឋ។ គំនិតផ្តួចផ្តើមនេះត្រូវបានបង្ហាញនូវជំហរគាំទ្រ និងសាទរ៕