ទីបំផុត! លោកឧកញ៉ា គុយ វ៉ាត ថៅកែហាង Park Café ត្រូវបានចាប់ឃាត់ខ្លួនពីបទឆបោក និងចេញសែកស្អុយខ្ទង់លានដុល្លារ
ភ្នំពេញ៖ យោងតាមប្រភពព័ត៌មានពីនាយកដ្ឋាននគរបាលព្រហ្មទណ្ឌនៃក្រសួងមហាផ្ទៃ បានឱ្យដឹងថា លោកឧកញ៉ា គុយ វ៉ាត ដែលជាថៅកែហាងដ៏ល្បីឈ្មោះមួយនៅកម្ពុជា គឺយីហោ” Park Café “ ត្រូវបានកម្លាំងសមត្ថកិច្ចជំនាញ កាលពថ្ងៃទី២៤ សីហា ឆ្នាំ២០២៤ម្សិលមិញនេះ ចាប់ឃាត់ខ្លួនពាក់ព័ន្ធករណីឆបោកប្រាក់ និងចេញសែកស្អុយរាប់លានដុល្លារ ។
បើតាមលោកឧត្តមសេនីយ៍ឯក ង៉េង ជួរ ប្រធាននាយកដ្ឋានព្រហ្មទណ្ឌ នៃក្រសួងមហាផ្ទៃ បានឱ្យដឹងនៅថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២៤នេះថា៖ កម្លាំងសមត្ថកិច្ចនគរបាល បានចាប់ឃាត់ខ្លួនលោកឧកញ៉ា គុយ វ៉ាត ថៅកែហាង Park Coffee និងជាម្ចាស់ក្រុមហ៊ុនជាច្រើនទៀត ពាក់ព័ន្ធបទល្មើសចេញសែកអត់ប្រាក់ និងឆបោកប្រាក់ផ្សេងៗទៀត។
ប្រភពដដែលបន្តថា ករណីខាងលើនេះជនរងគ្រោះភាគច្រេីនបានដាក់ពាក្យបណ្ដឹងប្ដឹងឧកញ៉ារូបនេះ ក៏សុទ្ធតែជាឧកញ៉ាដូចគ្នា ។ ហេីយស្អែកនេះ កម្លាំងជំនាញ នឹងបញ្ជូនលោកឧកញ៉ា គុយ វ៉ាត ទៅតុលាការក្រុងភ្នំពេញ ដេីម្បីចាត់ការតាមច្បាប់ផងដែរ៕ដោយ៖សិលា