កម្មករ កម្មការនី និងប្រជាពលរដ្ឋ បានលើកឡើងថាពួកគាត់ត្រូវការការអភិវឌ្ឍ ហើយបានទទូចស្នើសុំឯកឧត្តមរដ្ឋមន្រ្តី បណ្ឌិតអ៊ាង សុផល្លែត ជួយពាំនាំនូវការគាំទ្ររបស់គាត់ លើកិច្ចសហប្រតិបត្តិការត្រីកោណអភិវឌ្ឍន៍ CLV-DTA របស់រាជរដ្ឋាភិបាលកម្ពុជា។»
ការគាំទ្ររបស់បងប្អូនកម្មករកម្មការិនី ចំនួនជាង១ពាន់នាក់ បានធ្វើឡើងនៅក្នុងយុទ្ធនាការ «កម្ពុជាស្អាត ខ្មែរធ្វើបាន» រៀបចំឡើងនៅព្រឹកថ្ងៃព្រហស្បត្ត៍ ទី១៥ ខែ សីហា ឆ្នាំ២០២៤ នៅខេត្តកំពង់ស្ពឺ ក្រោមអធិបតីភាព ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន។
ក្នុងឱកាសនោះ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន ដែលធ្លាប់ជាមន្រ្តីកត់ត្រានិងធ្វើការជាមួយសម្តេចតេជោ ហ៊ុន សែន រយៈពេល២៦ឆ្នាំ បានថ្លែងថា រាល់ជំនួបនិងកិច្ចប្រជុំ រវាងសម្តេចតេជោ ហ៊ុន សែន ជាមួយអ្នកការទូត ភ្ញៀវបរទេស និងដៃគូអភិវឌ្ឍន៍ សម្តេចតេជោ មិនដែលលើកឡើងពីការកាត់ទឹកដីសូម្បីតែមួយមីល្លីម៉ែត្រទៅអោយប្រទេសណាមួយនោះទេ។
ផ្ទុយទៅវិញសម្តេចតេជោ មានតែស្វែងរក និងផ្តួចផ្តើមបង្កើតឱកាស ដើម្បីប្រែក្លាយតំបន់ធ្លាប់មានសង្គ្រាម និងទំនាស់ទៅជាតំបន់មានសន្តិភាព មានការអភិវឌ្ឍ ដើម្បីលើកកំពស់ជីវភាពរស់នៅ របស់ប្រជាពលរដ្ឋ និងការអភិវឌ្ឍសេដ្ឋកិច្ចប្រទេសជាតិ។
ជាមួយគ្នានេះ ឯកឧត្តមរដ្ឋមន្រ្តី បានប្រកាសជំរុញឱ្យរួមគ្នាគាំទ្រចំពោះកិច្ចសហប្រតិបត្តិការតំបន់អភិវឌ្ឍន៍ត្រីកោណ ដែលជាកិច្ចសហប្រតិបត្តិការមួយដ៏ល្អ សម្រាប់ការអភិវឌ្ឍតំបន់ជាប់ព្រំដែន និងការរីកចម្រើននៃសេដ្ឋកិច្ចជាតិ និងប្តេជ្ញាការពារដាច់ខាតនូវសុខសន្តិភាព, ស្ថិរភាពសង្គម និងសេចក្តីសុខសាន្តរបស់ប្រជាជន៕