ភ្នំពេញ÷ ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន ស្វាគមន៍ចំពោះគណៈប្រតិភូអ្នកវិនិយោគិនរបស់សាធា រណៈរដ្ឋកូរ៉េ ដែលមកសិក្សាស្វែងយល់ពីសក្តានុពលសំខាន់ៗសម្រាប់ការវិនិយោគនៅប្រទេសកម្ពុជា ពាក់ពន័្ធវិស័យបច្ចេកវិទ្យា វិទ្យាសាស្រ្ត និងប្រពន្ធ័អេឡិចត្រូនិច។ ដោយការអនុញ្ញាតពីឯកឧត្តម រដ្ឋមន្ត្រី ក្រសួងព័ត៌មាន ឱ្យគណៈប្រតិភូអ្នកវិនិយោគិនរបស់សាធារណរដ្ឋកូរ៉េ ចូលជួប សំម្តែងការគួរសម និងពិភាក្សាការងារ ដឹកនាំដោយលោក Park Bong-gyu នារសៀលថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២៤ នៅទីស្តីការក្រសួងព័ត៌មាន។ លោក Park Bong-gyu បានជម្រាបជូនពីគោលបំណងចង់សិក្សាស្វែងយល់ពីសក្តានុពលរបស់ប្រទេសកម្ពុជា ដើម្បីពិចារណាលើវិនិយោគពាក់ព័នធវិស័យបច្ចេកវិទ្យា វិទ្យាសាស្រ្ត និងប្រព័ន្ធអេឡិចត្រូនិច។
ឆ្លៀតក្នុងឱកាសនោះ ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានធ្វើបទបង្ហាញខ្លីអំពីសក្តានុពលរបស់ព្រះរាជាណាចក្រកម្ពុជា ទាក់ទងធនធានមនុស្ស វិស័យឧស្សាហកម្ម កសិកម្ម ឱកាសបង្កើតការងារ កាលានុវត្តភាពសម្រាប់ការវិនិយោគលើវិស័យនានាជាច្រើននៅប្រទេសកម្ពុជា ។ លោក Park Bong-gyu បានលើកឡើងថា គណៈប្រតិភូវិនិយោគិនសាធារណរដ្ឋកូរ៉េ មានបំណងចង់ធ្វើកិច្ចសហការជាមួយ ក្រសួងព័ត៌មាន ដើម្បីរៀបចំសន្និសីទធំមួយសម្រាប់ធ្វើការផ្លាស់ប្តូរបទពិសោធន៍ និងនាំយកនូវអ្នកវិនិយោគិនពីសាធារណរដ្ឋកូរ៉េ មកទស្សនកិច្ចសិក្សាស្វែងយល់ពីសក្តានុពលសំខាន់ៗសម្រាប់វិនិយោគនៅក្នុងប្រទេសកម្ពុជា ។
ឯកឧត្តម រដ្ឋមន្ត្រី ក្រសួងព័ត៌មាន បានគូស បញ្ជាក់ពីការចូលរួមសហការ និងជួយធ្វើការសម្រប សម្រួលជាមួយក្រសួង ស្ថាប័នពាក់ព័ន្ធ រួមមាន ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍, ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ, ក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍, ក្រសួងពាណិជ្ជកម្ម និង ក្រសួងរ៉ែ និងថាមពល ដែលជាផ្នែកសំខាន់ទាក់ទងកិច្ចការវិនិយោគគិន ៕