ភ្នំពេញ ៖ បុរស២នាក់បានជិះម៉ូតូឌុបគ្នាទៅទាក់ដៃចង្កូតជាមួយម៉ូតូមួយគ្រឿងទៀតបណ្ដាលឱ្យដួលបោកក្បាលនឹងថ្នល់ស្លាប់ភ្លាមៗនៅនឹងកន្លែងកេីតហេតុ បង្កការភ្ញាក់ផ្អេីលកាលពីវេលាម៉ោង១៨ និង១៥នាទីថ្ងៃអាទិត្យ ទី២០ ខែមីនា ឆ្នាំ២០២២ នៅត្រង់ចំណុចលេីផ្លូវបេតុងព្រៃស ស្ថិតក្នុងភូមិត្រពាំងចក សង្កាត់ព្រៃវែង ខណ្ឌដង្កោ រាជធានីភ្នំពេញ។
សមត្ថកិច្ចបានឱ្យដឹងថា ភាគីម៉ូតូទី១ ម៉ាក HONDA DREAM C125 ពណ៌ខ្មៅ បេីកបរដោយម្នាក់ មុខរបរកម្មករសំណង់ មានទីលំនៅភូមិខ្ពុយកេីត ឃុំសូយង់ ស្រុកបារាយណ៍ ខេត្តកំពង់ធំ (បានស្លាប់នៅកន្លែងកេីតហេតុ ) និងអ្នករួមដំណេីរម្នាក់ មុខរបរកម្មករសំណង់ដូចគ្នា មានទីលំនៅភូមិតាអឹម ឃុំ បន្ទាយចក្រី ស្រុកព្រះស្ដេច ខេត្តព្រៃវែង (បានស្លាប់នៅកន្លែងកេីតហេតុ) ។ ដោយឡែកភាគីម៉ូតូម្ខាងទៀត (ពុំស្គាល់ម៉ាក និងស្លាកលេខ អ្នកបេីកបរពុំស្គាល់អត្តសញ្ញាណបានបេីករត់គេចពីកន្លែងកេីតហេតុបាត់ស្រមោល)។
យោងតាមប្រភពព័ត៌មានពីកន្លែងកេីតហេតុបានឱ្យដឹងថា មុនពេលកេីតហេតុ ម៉ូតូទាំងពីរគ្រឿងខាងលេីបានបេីកបរស្របទិសគ្នុាក្នុងទិសដៅពីកេីតទៅលិច ពេលមកដល់ចំណុចកេីតហេតុម៉ូតូទាំងពីរគ្រឿងក៏បានទាក់ដៃចង្កូតគ្នាបណ្ដាលឱ្យភាគីម៉ូតូទី១ដួលបោកក្បាលទាំង២នាក់ស្លាប់ភ្លាមៗនៅកន្លែងកេីតហេតុតែម្ដង(រីឯម៉ូតូមួយគ្រឿងទៀតបានជិះគេចបាត់ពីកន្លែងកើតហេតុភ្លាមៗ) ។
ក្រោយកេីតហេតុ សពជនរងគ្រោះទាំង០២នាក់ត្រូវបានសមត្ថកិច្ចធ្វេីកំណត់ហេតុប្រគល់ជូនទៅឱ្យក្រុមគ្រួសារយកទៅធ្វេីបុណ្យតាមប្រពៃណី។ ចំណែកម៉ូតូជនរងគ្រោះត្រូវបានសមត្ថកិច្ចមូលដ្ឋានយកមករក្សាទុកនៅអធិការដ្ឋាននគរបាលខណ្ឌដង្កោដេីម្បីរង់ចាំស្រាវជ្រាវបន្ត ៕