ខេត្តបាត់ដំបង ៖ នៅថ្ងៃសៅរ៍ ២រោច ខែផល្គុន ឆ្នាំឆ្លូវ ត្រីស័កព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២២ វេលាម៉ោង០១ និង ២០ នាទី ដោយមានការចង្អុលបង្ហាញពីលោកឧត្តមសេនីយ៍ទោ សាត គឹមសាន ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង ដល់លោកវរសេនីយ៍ទោ ទឹម វិឆ័យ អធិការនគរបាលស្រុកសំពៅលូន ធ្វើការស្រាវជ្រាវដោយឃាត់ខ្លួនជនសង្ស័យម្នាក់ ឈ្មោះ ស៊ឹម ស្រួច ភេទប្រុស អាយុ ៣៥ឆ្នាំ ភេទប្រុស មានទីលំនៅភូមិអូរស្ងាត់ ឃុំសន្តិភាព ស្រុកសំពៅលូន ខេត្តបាត់ដំបង នាំមកកាន់អធិការដ្ឋាននគរបាលស្រុក បន្ទាប់ពីទទួលបាននូវពាក្យបណ្តឹងរបស់គ្រួសារជនរងគ្រោះរួចមក ដោយក្នុងនោះបានដកហូតញញួរដែកចំនួន០១ជាវត្ថុតាងផង។
សូមជម្រាបជូនថា មូលហេតុដែលឈានដល់ការឃាត់ខ្លួននេះគឺកាលពីថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២២ វេលាម៉ោងប្រមាណ២២ និង ០៥នាទី នៅចំណុចក្រុមទី១០ ភូមិអូស្ងាត់ ឃុំសន្តិភាព ស្រុកសំពៅលូន ខេត្តបាត់ដំបង ជនសង័្សយដែលជាឪពុកចុងរូបនេះ បានធ្វើសកម្មភាពយកញញួរដងដែក វាយទៅលើជនរងគ្រោះឈ្មោះ ហ៊ន ស្រីណា ភេទស្រី អាយុ ១ ឆ្នាំ (ដែលត្រូវជាកូនចុង) រស់នៅក្នុងផ្ទះជាមួយគ្នា បណ្ដាលឱ្យរងរបួសក្បាលពីខាងក្រោយ និងមុខចំហៀងខាងស្តាំ (របួសធ្ងន់ធ្ងរ)។
លោកវរសេនីយ៍ទោ ទឹម វិឆ័យ អធិការនគរបាលស្រុកសំពៅលូន បានបញ្ជាក់ថា មូលហេតុឈានដល់ករណីហិង្សាដោយប្រេីប្រាស់ញញួរដែកបែបនេះ គឺឪពុកចុង បានស្តីបន្ទោសឱ្យជនរងគ្រោះជាកូនចុងនេះ ខណៈដែលគាត់ឃេីញកូនស្រីទូរស័ព្ទទំនាក់ទំនងជាមួយ (បុរស) ហេីយការហាមឃាត់ពីសំណាក់ឪពុកចុងនេះមិនត្រូវបានទទួលយកពីកូនចុងនោះទេ ដែលជាហេតុនាំទៅដល់កេីតទំនាស់ពាក្យសំដីដាក់គ្នា ហេីយឪពុកចុងបានប្រេីប្រាស់ញញួរដែកនេះវាយទៅលេីកូនចំនួន០៤ញញួរ បណ្តាលឱ្យរងរបួសធ្ងន់ធ្ងរត្រូវនាំយកទៅសង្រ្គោះនៅមន្ទីរពេទ្យ។
បច្ចុប្បន្ន ជនសង្ស័យ និងវត្ថុតាងនគរបាលស្រុក កំពុងកសាងសំណុំរឿងបញ្ជូនមកការិយាល័យជំនាញចាត់ការបន្តតាមនីតិវិធីច្បាប់៕