ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា អញ្ជើញសម្ពោធសមិទ្ធផលនានា និងបិទវគ្គបណ្តុះបណ្តាលកម្រិតបឋមវិជ្ជាជីវៈនគរបាល នៅសាលានគរបាលជាតិភូមិភាគ២

14

អគារសាលសហសិក្សា ផ្ទាំង LED តុ កៅអី សម្ភារៈគាំទ្រ ផ្លូវ និងសួនច្បារអមជុំវិញបរិវេណអគារ គឺជាសមិទ្ធផលថ្មីៗបន្ថែមទៀត នៃសាលានគរបាលជាតិភូមិភាគ២ ខេត្តកំពង់ចាម ដែលត្រូវបានឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ អញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់ ជាមួយគ្នានឹងពិធីពិធីបិទវគ្គបណ្តុះបណ្តាលកម្រិតបឋមវិជ្ជាជីវៈនគរបាល ជំនាន់ទី១៨ លើកទី១ នាព្រឹកថ្ងៃទី២ ខែកក្កដា ឆ្នាំ២០២៤។

ក្នុងរបាយការណ៍ស្វាគមន៍របស់លោកឧត្តមសេនីយ៍ទោ រ័ត្ន ចំរើន នាយកសាលានគរបាលជាតិភូមិភាគ២ បានឱ្យដឹងថា សមិទ្ធផលដែលសម្ពោធថ្ងៃនេះ រួមមាន៖ អគារសាលសហសិក្សា ១ខ្នង កម្ពស់ ១ជាន់ ទទឹង ១៣,៥ម៉ែត្ត បណ្តោយ ៤៥ម៉ែត្រ ដំបូលប្រក់ក្បឿង ដោយបំពាក់ម៉ាស៊ីន LED ខ្នាតធំ ចំនួន ១គ្រឿង ម៉ាស៊ីនត្រជាក់ ចំនួន ១២គ្រឿង ឧបករណ៍បំពងសំឡេង តុ កៅអី វាំងននក្នុងសាលសហសិក្សា បន្ទប់ទឹក ផ្លូវ និងសួនច្បារអមជុំវិញបរិវេណអគារ ព្រមទាំងសម្ភារៈគាំទ្រមួយចំនួនក្នុងតម្លៃទឹកប្រាក់ជាង ២៧៥ ០០០ដុល្លារអាមេរិក។

លោកឧត្តមសេនីយ៍ទោ នាយកសាលានគរបាលជាតិភូមិភាគ២ បានបន្ថែមថា សមិទ្ធផលទាំងនេះ កើតឡើងតាមរយៈគំនិតដឹកនាំដ៏ខ្ពង់ខ្ពស់របស់សម្តេចក្រឡាហោម ស ខេង អតីតឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ឱ្យមានការចូលរួមអភិវឌ្ឍហេដ្ឋារចនា​សម្ព័ន្ធនានា សាលានគរបាលជាតិភូមិភាគ២ ក៏មានលទ្ធភាពកសាងនូវសមិទ្ធផលធំៗជាច្រើន ជាក់ស្ដែងសមិទ្ធផលសម្ពោធដាក់ឱ្យប្រើ​ប្រាស់ជាផ្លូវការ​នេះ ជាអំណោយដ៏ខ្ពង់ខ្ពស់របស់សម្តេចក្រឡាហោម ស ខេង និងលោកជំទាវ ញ៉ែម សាខន ព្រមទាំងសប្បុរសជននានា។

បើតាមលោកឧត្តមសេនីយ៍ទោ រ័ត្ន ចំរើន សប្បុរសជនដែលបានចូលរួមគាំទ្រសមិទ្ធផលទាំងអស់នេះ រួមមាន៖ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងលោកជំទាវ កែ សួនសុភី ឯកឧត្តម ជា សុមេធី រដ្ឋមន្រ្តីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និងលោកជំទាវ ឯកឧត្តម សួន សុម៉ាលីន អភិបាលនៃគណៈអភិបាលខេត្តព្រៃវែង និងលោកជំទាវ ព្រមទាំងរដ្ឋបាលខេត្ត កងកម្លាំង មន្ទីរ អង្គភាពជុំវិញខេត្ត រដ្ឋបាលក្រុង ស្រុក និងសប្បុរសជន អ្នកឧកញ៉ា ចេន ហ្ស៊ី ប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុនព្រីនស៍ហូលឌឹមគ្រុប និងលោកជំទាវ ឯកឧត្តម ហ៊ឺ បាវី អគ្គនាយកកំពង់ផែស្វយ័តភ្នំពេញ និងលោកជំទាវ ឯកឧត្តមនាយឧត្តមសេនីយ៍ ឈន សារ៉ាណេ អនុរដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងលោកជំទាវ។

ដោយឡែកសម្រាប់ការងារបណ្ដុះបណ្ដាល លោកឧត្តមសេនីយ៍ទោ បានឱ្យដឹងទៀតថា ចាប់ពីពេលបង្កើតរហូតមកដល់ពេលនេះ សាលាបានបណ្ដុះបណ្ដាលកងកម្លាំងនគរបាលសរុបចំនួន ៧ ១៧៧នាក់ នារី ៧៥៤នាក់ ដែលក្នុងនោះសិស្សនគរបាលជ័យលាភី ដែលត្រូវទទួល​វិញ្ញាបនបត្របញ្ជាក់សិក្សា មានចំនួន ១៩១នាក់ នារី៥៩នាក់ ជាសិស្សនគរបាល មកពីអគ្គនាយកដ្ឋានភស្តុភារនិងហិរញ្ញវត្ថុ ស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម ព្រៃវែង ស្វាយរៀង និងខេត្តត្បូងឃ្មុំ ដោយទទួលបានលទ្ធផលសិក្សា និងនិទ្ទេស ក្នុងនោះនិទេ្ទស A ល្អប្រសើរ ចំនួន ១នាក់ និទេ្ទស C ល្អបង្គួរ ចំនួន ៦៧នាក់ និង និទេ្ទស B+ ល្អណាស់ ចំនួន៣៨នាក់ និទេ្ទស D មធ្យមចំនួន ៣៧នាក់ និទេ្ទស B ល្អ ចំនួន ៤៨នាក់ ជាមួយគ្នានេះដែរ ក៏មានសិស្សនគរបាល ១នាក់ បានស្នើសុំលើកពេលសិក្សា។

អញ្ជើញមានប្រសាសន៍សំណេះសំណាលនាឱកាសនោះ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បានបង្ហាញក្ដីសង្ឃឹមយ៉ាងមុតមាំថា សិស្សនគរបាលជ័យលាភីទាំងអស់ នឹងយកចំណេះដឹង ដែលខ្លួនបានទទួលពីការបណ្តុះបណ្តាលនៅទីនេះ ទៅអនុវត្តជាក់ស្តែង ក្នុងន័យបម្រើឱ្យវឌ្ឍនភាព ក៏ដូចជាតម្រូវការរបស់អង្គភាពរៀងៗខ្លួន ក្នុងនោះសិស្សជ័យលាភីទាំងអស់ ក៏នឹងក្លាយទៅជាកម្លាំងនគរបាលជាតិ ប្រកបដោយក្រមសីលធម៌វិជ្ជាជីវៈ ចូលរួមចំណែកក្នុងការពារសន្តិភាព ស្ថិរភាព សន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ សុវត្ថិភាពសង្គម និងបម្រើឱ្យផលប្រយោជន៍សង្គមជាតិទាំងមូល។

ឯកឧត្តមអភិសន្តិបណ្ឌិត ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ក៏បានបង្ហាញក្ដីរីករាយ ដែលបានមកដល់ទីនេះជាថ្មីម្តងទៀត ក្នុងស្ថានភាពដែលសាលានគរបាលជាតិភូមិភាគ២ កំពុងតែមានវឌ្ឍនភាព គួរឱ្យកត់សម្គាល់ តាមរយៈការកសាងនូវហេដ្ឋារចនាសម្ព័ន្ធថ្មីៗបន្ថែមមួយចំនួនទៀត ដែលត្រូវបានសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ និងបានថ្លែងកោតសរសើរចំពោះបណ្ឌិត្យ​សភានគរបាលកម្ពុជា ក៏ដូចជាសាលានគរបាលជាតិភូមិភាគ២ ដែលបានរៀបចំឱ្យមានពិធីដ៏មានសារៈសំខាន់នេះឡើង ដើម្បីបង្ហាញ និងដាក់ឱ្យប្រើប្រាស់នូវសមិទ្ធផលថ្មីៗដែលសម្រេច​បាន និងលទ្ធផលនៃការងារបណ្ដុះបណ្ដាល​កងកម្លាំងនគរបាលជាតិ ក្នុងពេលកន្លងមក។

បើតាមឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ប្រទេសជាតិមួយ ក្រសួងមួយ ឬអង្គភាពមួយ ដែលអាចរីកចម្រើនជឿនលឿនទៅបាន គឺអាស្រ័យដោយមានធនធានមនុស្សគ្រប់គ្រាន់ ដែលជាមូលដ្ឋានគ្រឹះដ៏សំខាន់មិនអាចខ្វះបាន។ ក្នុងន័យនេះ ឯកឧត្តម បានចាត់ទុកការងារបណ្តុះបណ្តាលមន្ដ្រីនគរបាលជាតិ គឺជាការងារចាំបាច់ ត្រូវតែបន្តធ្វើជាប់ជាប្រចាំ ដោយគ្មានទីបញ្ចប់នោះទេ ក្នុងគោលដៅធ្វើឱ្យកងកម្លាំងនគរបាលជាតិ មានចំណេះដឹងគ្រប់គ្រាន់លើផ្នែកទ្រឹស្តី សមត្ថភាពជំនាញ និងអាកប្បកិរិយាល្អក្នុងការរួមចំណែករក្សាឱ្យបានរឹងមាំនូវខឿនសន្តិសុខជាតិ និងសណ្ដាប់ធ្នាប់សង្គមល្អ ដែលជាមូលដ្ឋានគ្រឹះនៃការអភិវឌ្ឍសេដ្ឋកិច្ចជាតិ និងឆ្លើយតបទៅនឹងតម្រូវការជាក់ស្ដែងនៃអង្គភាពប្រើប្រាស់កងកម្លាំង ព្រមទាំងស្របតាមសភាពការណ៍សន្តិសុខជាតិ និងអន្តរជាតិ។

ប្រមុខក្រសួងមហាផ្ទៃ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ក៏បានបង្ហាញការចាប់អារម្មណ៍ ប្រកបដោយមោទនភាព​យ៉ាងខ្លាំង អំពីការវិវត្តរីកចម្រើនរបស់បណ្ឌិត្យសភានគរបាលកម្ពុជា និងសាលានគរបាល​ជាតិភូមិភាគទាំងអស់ ជាក់ស្ដែងថ្ងៃនេះបានមកសម្ពោធដាក់ឱ្យប្រើប្រាស់នូវសមិទ្ធផលថ្មីៗមួយចំនួនទៀតនៅសាលា​នគរបាលជាតិភូមិភាគ២ ដែលជាស្នាដៃការងារថ្មីៗបន្ថែមទៀត និងបានថ្លែងនូវការសរសើរ និងអរគុណ​ចំពោះសប្បុរសជន ដែលបានជ្រោមមជ្រែង កៀរគរជំនួយ ឧបត្ថម្ភគាំទ្រ លើកទឹកចិត្ត ជំរុញការអភិវឌ្ឍ ដឹកនាំនិងណែនាំ​ជាប់ជាប្រចាំដល់សាលានគរបាលជាតិ​ភូមិភាគ២៕