ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ជំរុញឱ្យអភិបាលខេត្តកណ្តាលថ្មី ពង្រឹងអភិបាលកិច្ច និងធ្វើទំនើបកម្មរដ្ឋបាលប្រកបដោយសមត្ថភាពខ្ពស់ ខ្លាំង វៃឆ្លាត និងស្អាតស្អំ

22

ខេត្តកណ្តាល ៖ ក្នុងឱកាសអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ពិធីប្រកាសចូលកាន់មុខតំណែងអភិបាល នៃគណៈអភិបាលខេត្តកណ្តាល នាព្រឹកថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២៤ នៅសាលាខេត្តកណ្តាល ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានជំរុញឱ្យអភិបាលខេត្តកណ្តាលថ្មី ពង្រឹងអភិបាលកិច្ច និងការធ្វើទំនើបកម្មរដ្ឋបាលប្រកបដោយសមត្ថភាពខ្ពស់ ខ្លាំង វៃឆ្លាត និងស្អាតស្អំ ដើម្បីរួមគ្នាបន្តថែរក្សា ពង្រឹងសន្តិភាព ស្ថិរភាពនយោបាយ សន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងការអភិវឌ្ឍខេត្តឱ្យកាន់តែមានការរីកចម្រើន ស្របតាមយុទ្ធសាស្តបញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា ក្រោមការដឹកនាំដ៏ប៉ិនប្រសប់របស់សម្តេចមហាបវធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា ។

ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បានសម្តែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះឯកឧត្តម គង់ សោភ័ណ ដែលបានខិតខំសម្របសម្រួល ដឹកនាំការងាររដ្ឋបាល និងការអភិវឌ្ឍខេត្តកណ្តាល ក្នុងរយៈពេលដែលឯកឧត្តម កាន់មុខតំណែងជាអភិបាលខេត្តកណ្តាល អស់រយៈពេល ៤ឆ្នាំកន្លងមកនេះ និងបានសម្តែងនូវការអបអរសាទរ កោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះឯកឧត្តម គួច ចំរើន ដែលពេលនេះ ឯកឧត្តម ត្រូវបានតែងតាំងជាអភិបាលខេត្តកណ្តាល។

ឯកឧត្តមអភិសន្តិបណ្ឌិត ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ក៏បានស្នើដល់ក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្ត ព្រមទាំងថ្នាក់ដឹកនាំមន្ទីរ អង្គភាពជុំវិញខេត្ត ថ្នាក់ដឹកនាំក្រុង ស្រុក និងឃុំ សង្កាត់ មន្រ្តីរាជការ កងកម្លាំងប្រដាប់អាវុធ និងប្រជាពលរដ្ឋទូទាំងខេត្តកណ្តាល ផ្តល់ការគាំទ្រ និងចូលរួមជាមួយឯកឧត្តម គួច ចំរើន ដើម្បីរួមគ្នាបន្តថែរក្សា ពង្រឹងសន្តិភាព ស្ថិរភាពនយោបាយ សន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងការអភិវឌ្ឍខេត្ត ឱ្យកាន់តែមានការរីកចម្រើនថែមទៀត។

ដើម្បីសម្រចបានវឌ្ឍនភាពការងារបន្ថែមទៀត ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បានផ្ដល់នូវគោលការណ៍ណែនាំលើកិច្ចការអាទិភាពឱ្យរដ្ឋបាលខេត្ត ត្រូវបន្តថែរក្សា និងពង្រឹងសន្តិភាព ស្ថិរភាពនយោបាយ សន្តិសុខសណ្តាប់ធ្នាប់សាធារណៈ ដែលជាកត្តាគន្លឹះសម្រាប់បង្កបរិយាកាសដល់ការលើកកម្ពស់លទ្ធិប្រជាធិបតេយ្យ សេរីពហុបក្ស ការលើកស្ទួយសិទ្ធិសេរីភាពរបស់ប្រជាពលរដ្ឋ ការអភិវឌ្ឍសេដ្ឋកិច្ច សង្គម និងការដោះស្រាយផលប៉ះពាល់បណ្តាលមកពីវិបត្តិជាសកលនានា សំដៅអភិវឌ្ឍន៍ប្រទេសជាតិលើគ្រប់វិស័យប្រកបដោយចីរភាព និងសុខដុមនីយកម្មក្នុងសង្គម។

បន្ថែមលើសពីនេះ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ក៏បានជំរុញឱ្យរដ្ឋបាលខេត្ត បន្តពង្រឹងការអនុវត្តគោលនយោបាយ “ភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាព” ការបង្ក្រាបបទល្មើសគ្រឿងញៀនខុសច្បាប់ អំពើជួញដូរមនុស្ស ជួញដូរពលកម្ម អាជីវកម្មផ្លូវភេទ ការលាងសម្អាតប្រាក់ ល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទ រួមទាំងក្មេងទំនើង ឱ្យមានប្រសិទ្ធភាពតាមបទបញ្ជារបស់រាជរដ្ឋាភិបាល ដែលបានដាក់ចេញនាពេលកន្លងមក ព្រមទាំងការគ្រប់គ្រង និងការអភិវឌ្ឍនៅតាមតំបន់ព្រំដែន ការអភិវឌ្ឍសេដ្ឋកិច្ចរដ្ឋបាលខេត្ត ក្រុង ស្រុក និងឃុំ សង្កាត់ ការផ្តល់សេវាសាធារណៈតាមច្រកចេញចូលតែមួយនៅរដ្ឋបាលក្រុង ស្រុក ឃុំ សង្កាត់ ដោយត្រូវយកចិត្តទុកដាក់ក្នុងការពង្រឹងសមត្ថភាព និងសីលធម៌វិជ្ជាជីវៈរបស់មន្រ្តីក្នុងការបំពេញការងារ ដើម្បីធានាឱ្យប្រជាពលរដ្ឋទទួលបានសេវារដ្ឋបាលនានាកាន់តែមានភាពងាយស្រួល ឆាប់រហ័ស តម្លាភាព គណនេយ្យភាព ប្រសិទ្ធភាព និងបរិយាប័ន្ន។

ក្នុងឱកាសនោះដែរ ឯកឧត្តម គួច ចំរើន អភិបាលនៃគណៈអភិបាលខេត្តកណ្តាល បានឡើងប្តេជ្ញាយ៉ាងមុតមាំក្នុងការប្រើប្រាស់សមត្ថភាព លះបង់កម្លាំងកាយចិត្ត និងបទពិសោធនក្នុងការដឹកនាំការគ្រប់គ្រងកិច្ចការរដ្ឋបាល ការអភិវឌ្ឍ ថែរក្សាសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គម ដើម្បីរួមគ្នាបន្តអភិវឌ្ឍ និងកសាងសមិទ្ធផលនិងស្នាដៃថ្មីៗបន្ថែមទៀត៕