សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា បានស្នើដល់ ឯកឧត្តម ស្សាហារ៉ូឌីន ប៊ីន អ៊ន (Shaharuddin Bin Onn) ឯកអគ្គរាជទូតថ្មី ប្រទេសម៉ាឡេស៊ីប្រចាំនៅកម្ពុជា ក្នុងការលើកកម្ពស់ទំនាក់ទំនងទ្វេភាគីរវាងរដ្ឋសភាកម្ពុជានិងម៉ាឡេស៊ី ឱ្យកាន់តែសកម្មនិងស៊ីជម្រៅឡើងថែមទៀត ដើម្បីបម្រើដល់ផលប្រយោជន៍ប្រជាពលរដ្ឋប្រទេសទំាងពីរនិងសហគមន៍អាស៊ាន ផងដែរ។ ជាមួយគ្នានេះ សម្តេចប្រធានរដ្ឋសភា បានស្នើដល់ឯកអគ្គរាជទូតជួយជំរុញបន្ថែមដល់ការវិនិយោគ ពាណិជ្ជកម្ម និងការបណ្តុះបណ្តាលធនធានមនុស្ស ជាពិសេសផ្នែកបច្ចេកវិទ្យាដល់យុវជនកម្ពុជាឱ្យបានច្រើនបន្ថែមទៀត។ សម្តេចរដ្ឋសភាធិបតី បានលើកឡើងដូច្នេះ ក្នុងឱកាសទទួលជួបពិភាក្សាការងារជាមួយ ឯកឧត្តម ស្សាហារ៉ូឌីន ប៊ីន អ៊ន នាព្រឹកថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២៤ នៅវិមានរដ្ឋសភា។