ភ្នំពេញ៖ ចាប់ពីថ្ងៃទី ២៩ ខែមិថុនា ឆ្នាំ២០២៤ នេះតទៅ ក្រសួងបរិស្ថាន ប្រកាសថា ក្រមបរិស្ថាន និងធនធានធម្មជាតិ នឹងបានដាក់ឱ្យអនុវត្ដជាធរមាន នៅទូទាំងប្រទេស ក្រមនេះជាច្បាប់ថ្មីមួយ ស្ដីពី បរិស្ថាន និងធនធានធម្មជាតិ។
បើតាម ឯកឧត្ដម ង៉ូវ បូរីណា រដ្ឋលេខាធិការក្រសួងបរិស្ថាន បានប្រាប់អង្គភាពសារព័ត៌មានយើងថា ក្រសួងបរិស្ថាន ដែលដឹកនាំដោយ ឯកឧត្ដមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ដ្រី ក្រសួងបរិស្ថាន បានរៀបចំពិធីប្រកាស ក្រមបរិស្ថាន និងធនធានធម្មជាតិ នៅរសៀលនេះ និងចូលជាធរមានចាប់ពីថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២៤ នេះតទៅ ក្នុងគោលបំណងដើម្បីការពារធនធានធម្មជាតិ និងបរិស្ថានទូទៅ ដែលបានសរសេរអំពីគោលបំណងក្នុងក្រម បរិស្ថាន និងធនធានធម្មជាតិ នេះថា «ក្រមនេះកំណត់អំពីវិធានទាំងឡាយដែលត្រូវគោរព និងប្រតិបត្ដិតាមក្នុងការពង្រឹង ធ្វើទំនើបកម្ម ធ្វើឱ្យមាន សង្គមតិភាព និងធ្វើឱ្យប្រសើរឡើងនូវរាល់ការគ្រប់គ្រងលើកិច្ចគាំពារបរិស្ថាន ការអភិរក្ស និងស្ដារឡើងវិញនូវធនធានធម្មជាតិ ជីវៈចម្រុះ មុខងារប្រព័ន្ធអេកូឡូស៊ី ដើម្បីការរស់នៅ និងអភិវឌ្ឍនប្រទេសប្រកបដោយចីរភាព នៅក្នុងព្រះរាជាណាចក្រកម្ពុជា»។
ឯកឧត្ដម ង៉ូវ បូរីណា បានបញ្ជាក់ថា ក្នុងក្រមបរិស្ថាន និងធនធានធម្មជាតិនេះ គឺត្រូវបានចងក្រង និងបានចែកចេញជា គន្ថី មាតិកា ជំពូក និងមាត្រា។ ក្រមបរិស្ថាន និងធនធានធម្មជាតិនេះ មានមាត្រាសរុប ចំនួន ៨៦៥ មាត្រា ដែលជាមាត្រាចែងសម្រាប់អនុវត្ដ នឹងមានចុះព្រះហស្ថលេខាដោយ សម្ដេចនរោតម្ដ សីហនមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា និងហត្ថលេខារបស់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ដ្រី កាលពីថ្ងៃព្រហស្បតិ៍ ១២កើត ខែបឋមាសាឍ ឆ្នាំថោះ បញ្ចស័ក ព.ស ២៥៦៧ ដែលត្រូវនឹងថ្ងៃទី ២៩ ខែមិថុនា ឆ្នាំ២០២៣។
សូមបញ្ជាក់ផងដែរថា ក្រមបរិស្ថាន និងធនធានធម្មជាតិ ត្រូវបានតាក់តែង និងចងក្រង កាលពីឆ្នាំ២០២៣ ក្នុងនីតិកាលទី៦ នៃរដ្ឋសភាកម្ពុជា ដែលមាន ឯកឧត្ដម សាយ សំអាល់ ជារដ្ឋមន្ដ្រីក្រសួងបរិស្ថាន និងត្រូវបានដាក់ចូលជាធរមានឱ្យអនុវត្ដនៅថ្ងៃទី ២៩ ខែមិថុនា ឆ្នាំ២០២៤ នេះ ក្នុងអាណត្ដិដឹកនាំដោយ ឯកឧត្ដមបណ្ឌិត អ៊ាង សុផល្លែត ជារដ្ឋមន្ដ្រីក្រសួងបរិស្ថាន ក្នុងនីតិកាលទី៧ នៃរដ្ឋសភាកម្ពុជា។
ទន្ទឹមនេះដែរឯកឧត្តមបានបន្ថែម ថា ក្រសួងបរិស្ថាន ត្រូវកសាង អនុក្រឹត្យ ប្រកាស សេចក្តីជូនដំណឹង ប្រមាណ១៤៧ ដើម្បីបំពេញបន្ថែមលើក្រមនេះផងដែរ ។
ជាចុងក្រោយ ឯកឧត្ដម ង៉ូវ បូរីណា រដ្ឋលេខាធិការក្រសួងបរិស្ថាន បានបញ្ជាក់ដោយសង្កត់ធ្ងន់ថា ក្រមបរិស្ថាន និងធនធានធម្មជាតិ គឺជាត្រីវិស័យដែលមានប្រសិទ្ធភាពខ្ពស់ក្នុងការតម្រង់ទិស មន្ដ្រីបរិស្ថាន ទាំងថ្នាក់ជាតិ ថ្នាក់ក្រោមជាតិ និងមន្ដ្រីរាជការ ប្រជាពលរដ្ឋ ទូទាំងប្រទេស លើការគាំពារបរិស្ថានកម្ពុជា ព្រមទាំងជាគុណប្រយោជន៍ដ៏សំខាន់បំផុត សម្រាប់ប្រជាជនកម្ពុជា ដែលរស់នៅតាមសហគមន៍ ឱ្យទទួលបាននូវបរិស្ថានល្អស្អាត ប្រកបដោយចីរភាព និងនាំកម្ពុជា ឆ្ពោះទៅកាន់ភាពបៃតង ៦០% នាឆ្នាំ២០៥០ ខាងមុខជាក់ជាមិនខាន។