ដីព្រៃលិចទឹកក្នុងតំបន់៣(តំបន់ហាមឃាត់)ច្រើនហិកតា មានជនឆ្លៀតឱកាស យកគ្រឿងចក្រ ឈូសឆាយយកធ្វើជាកម្មសិទ្ធិសង្ស័យមានអ្នកនៅ ពីក្រោយ..

13

ខេត្តសៀមរាប៖ កាលពីពេលកន្លងទៅសម្តេចអគ្គមហាសេនាបតីតេជោហ៊ុនសែន អតីតនាយករដ្ឋមន្ត្រីបានដាក់បទបញ្ជាឱ្យរដ្ឋមន្ត្រី អភិបាលខេត្ត និង មន្ត្រីជំនាញពាក់ព័ន្ធការពារដីព្រៃលិចទឹកក្នុងតំបន់៣ ហាមដាច់ខាតការរុករាន ទន្ទា្រន ឈូសឆាយ ប្រើវិធានការបង្ក្រាបឱ្យខានតែបាន។ ប៉ុន្តែនៅក្នុងខេត្តសៀមរាបវិញក្រុមជនខិលខូច បានឆ្លៀតឱកាស លួចដាក់គ្រឿងចក្រឈូសឆាយដីព្រៃលិចទឹកតំបន់ហាមឃាត់នេះយកធ្វើជាសម្បត្តិផ្ទាល់ខ្លួន ហាក់បីដូចជាមិនគោរពអនុសាសន៍របស់សម្តេចតេជោសោះ។

ជាក់ស្តែងកាលពីថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៤កន្លងទៅថ្មីៗនេះ ក្រុមការងារសារព័ត៌មាន បានចុះទៅផ្តិតយករូបភាពនិងសកម្មភាពជនឆ្លៀតឱកាសទាំងអ្នកកាង និងម្ចាស់ដីផ្ទាល់ដែលប្រជាពលរដ្ឋបានបង្ហើបប្រាប់ថា ជាដីព្រៃលិចទឹកក្នុងតំបន់៣(តំបន់ហាមឃាត់) ដែលមានឈ្មោះលោក គង់ មង្គល ជាអ្នកល្បីល្បាញថាជាមេសហគមន៍បឹងជ្រាវចាស់បានដាក់គ្រឿងចក្រឈូសឆាយដីព្រៃលិចទឹកក្នុងតំបន់បីទំហំប្រមាណជាង៧៧ហិកតា យកមកធ្វើជាកម្មសិទ្ធិផ្ទាល់ខ្លួនទៅវិញ មិនខ្លាចញញើតច្បាប់ទាល់តែសោះ។

ក្រោយពីមានល្បីល្បាញថាមានក្រុមអ្នកមានអំណាចមួយក្ដាប់តូចឆ្លៀតឱកាសលួចបន្លំ យកលេសលិខិតកាន់កាប់និងច្បាប់អនុញ្ញាត៧៧ហិកតារបស់លោក គង់ មង្គល យកគ្រឿងចក្រចូលឈូសឆាយ យ៉ាងគឃ្លើនផ្គើនទៅហ្នឹងអនុសាសន៍របស់សម្ដេច មហាបវរ ធិបតី ហ៊ុន ម៉ាណែត ប្រមុខរាជរដ្ឋាភិបាលកម្ពុជាដែលបានដាក់បទបញ្ជាដ៏ក្តៅគគុកដល់មន្ត្រីជំនាញ មន្ទីរពាក់ព័ន្ធ អភិបាលខេត្តត្រូវយកចិត្តទុកដាក់ក្នុងការបំពេញកាតកិច្ចចុះអនុវត្តទប់ស្កាត់ក្រុមជនខិលខូលដែលចូលឈូសឆាយដីតំបន់៣ដែលជាដីហាមឃាត់ពីប្រមុខរាជរដ្ឋាភិបាល។

បន្ទាប់ពីឃើញសកម្មភាពភាពអនាធិបតេយ្យខាងលើនេះប្រជាពលរដ្ឋស្នើសុំឱ្យអ្នកសារព័ត៌មានធ្វើការផ្សព្វផ្សាយដើម្បីជូនដល់ថ្នាក់ដឹកនាំឲ្យបានជ្រាបកាន់តែច្បាស់ថាដីតំបន់៣ដែលសម្ដេចហ៊ុនម៉ាណែត ប្រកាសឲ្យមន្ត្រីថ្នាក់ក្រោមអនុវត្ត និងបង្ក្រាបជនខិលខូចដែលឆ្លៀតឱកាសចូលឈូសទន្ទ្រានដូចជាមិនមានប្រសិទ្ធភាពឡើយ។

ដីព្រៃលិចទឹកនៅក្នុងតំបន់៣(តំបន់ហាមឃាត់) ចំណុចទំនប់៧៨ នៅសង្កាត់ជ្រាវ ក្រុងសៀមរាប ខេត្តសៀមរាប មានការឈូសឆាយទន្ទ្រានព្រៃលិចទឹកយ៉ាងអនាធិបតេយ្យរាប់រយហិកតា ទោះជាសម្ដេចធិបតី ហ៊ុន ម៉ាណែត ប្រមុខរាជរដ្ឋាភិបាល ចាត់វិធានការក្ដៅគគុក និងដាក់បទបញ្ជាយ៉ាងម៉ឺងម៉ាត់យ៉ាងណាក៏ដោយ។

ប្រជាពលរដ្ឋម្នាក់ដែលបានអាស្រ័យផលក្បែរដីព្រៃលិចទឹកតំបន់៣ បានបញ្ជាក់ប្រាប់មកក្រុមការងារអ្ន្នកយកព័ត៌មានថានៅទីតាំងឈូសឆាយព្រៃលិចទឹកតំបន់៣នោះថា ហាមមិនអោយក្រុមការងារចូលថតសកម្មភាពឈូសឆាយនៅខាងក្នុងនោះទេ ព្រោះគាត់ជាអ្នកមើលការខុសត្រូវអោយឈ្មោះ គង់ មង្គល។

បុគ្គលខាងលើ បានបន្តថា អ្នកដែលឲ្យមកឈូសឆាយទន្ទ្រាននេះ គឺគេមានច្បាប់ និងលិខិតកាប់កាប់ត្រឹមត្រូវ ដែលមានទំហំដី ៧៧ហិកតា ហើយសកម្មភាពឈូសឆាយនេះ គឺឈូសក្រវ៉ាត់ព្រំដី។

ប្រសិនបើការចុះកាត់ឆ្វៀលនោះជូនប្រជាពលរដ្ឋមែន?តើប្រជាពលរដ្ឋដែលអាស្រ័យផលជាក់ស្តែងនោះនៅឯណា ?ហើយប្រសិនបើដីដែលអាស្រ័យផងមែនហេតុអ្វីការឈូសឆាយជាតំបន់បីព្រៃលិចទឹកទៅវិញ និងមានបង្គោលព្រហ្មយ៉ាងច្បាស់ជាតំបន់បីទុក្ខអភិរក្សសម្រាប់ត្រីពង និងជាបឹងធនធានធម្មជាតិ?(ព្រៃជម្រកត្រីពង)។

ប្រជាពរលដ្ឋម្នាក់ក្នុងលក្ខខ័ណ្ឌមិនបញ្ចេញឈ្មោះ បានប្រាប់អង្គភាពសារព័ត៌មានយើងខ្ញុំថា ជនខិលខូចមួយក្ដាប់ និងអ្នកមានអំណាចមួយចំនួនតូច ប្រើល្បិចខ្ពស់ ដីមួយចំអាម ច្បាមយក ១ ហិកតា ដី ៧៧ហិកតា ឈូសយករាប់រយហិកតា ហើយពោលថា ឱ្យតែដីដែលឈ្មោះ គង់ មង្គល ឈូសឆាយនោះ សុទ្ធតែមានច្បាប់ហើយ កុំចំបាច់ឆ្ងល់អី នៅឱ្យស្ងៀមទៅកុំខ្វល់។

លោក ក្អោប រ៉ម មេឃុំសង្កាត់ជ្រាវ បានលើកឡើងថា ដីដែលធ្វើការឈូសឆាយនោះជាដីដែលកាន់កាប់អាស្រ័យផងតាំងពីឆ្នាំ១៩៩២មកម្ល៉េសក៏ប៉ុន្តែបែជាស្ថិតនៅក្នុងតំបន់ហាមឃាត់ក្នុងបង្គោលក្រហមតំបន់៣ទៅវិញ? ប្រសិនបើបងប្អូនប្រជាពលរដ្ឋធ្វើការអាស្រ័យផលមែនហេតុដូចម្តេចបានជាមានព្រៃរនាមដុសស៊ុបទ្រុបទៅវិញ ?ប្រសិនបើមានការស្នើរសុំដីអាស្រ័យផលពិតជាក់ស្តែងនៅតំបន់២និង១តែប៉ុណ្ណោះ មិនមែនជាដីដែលនៅតំបន់៣នោះទេ?។

ប្រជាពលរដ្ឋសូមធ្វើការសំណូមពរដល់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ប្រមុខរាជរដ្ឋាភិបាល ក៏ដូចជាក្រសួងមន្រ្តីជំនាញ និង អាជ្ញាធរខេត្ដសៀមរាប ជួយដាក់ការស៊ើបអង្កេត ស្រាវជ្រាវ និងចាត់វិធានការផ្លូវច្បាប់ផងទាន  ! ដើម្បីធានាអោយបាន នូវការថែរក្សាការពារដីព្រៃលិចទឹកតំបន់បីអោយមានប្រសិទ្ធភាពផង និងដើម្បីជាប្រយោជន៍ ដល់សង្គមជាតិ ស្របទៅតាមយុទ្ធសាស្ត្រ គោលនយោបាយរបស់ប្រមុខរាជរដ្ឋាភិបាល។

អង្គភាពសារព័ត៌មាន យើងខ្ញុំគ្រាន់តែជាកញ្ចក់ឆ្លុះបញ្ជាំង ពីបញ្ហាសង្គម និងជាអ្នកនាំដំណឹង ឬនាំសារ ពីប្រជាពលរដ្ឋទៅថ្នាក់ដឹកនាំរាជរដ្ឋាភិបាល និងពីថ្នាក់ដឹកនាំរាជរដ្ឋាភិបាល មកប្រជាពលរដ្ឋវិញ ឬរាយការណ៍ជួនដល់ប្រមុខថ្នាក់ដឹកនាំអោយលោកបានជ្រាបនៅរាល់បញ្ហា អសកម្មផ្សេងៗមួយចំនួន ឬរិះគន់ក្នុងន័យស្ថាបនាតែប៉ុណ្ណោះ។