(ភ្នំពេញ)៖ នាថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២២ ឯកឧត្តម ជិន ម៉ាលីន រដ្ឋលេខាធិការក្រសួងយុត្តិធម៌ និងជាប្រធានក្រុមការងារបច្ចេកទេសរៀបចំគោលនយោបាយដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ បានអញ្ជើញដឹកនាំកម្មវិធីវបស្សនានិងសិក្ខាសាលាពិគ្រោះយោបល់ផ្ទៃក្នុងក្រសួងយុត្តិធម៌ លើការរៀបចំឯកសារគតិយុត្តសម្រាប់គាំទ្រដល់ការអនុវត្តយន្តការសន្ធានកម្មនៅថ្នាក់ក្រោមជាតិ ដែលមានសមាសភាពចូលរួមចំនួន ៣៥ នាក់ មកពីគ្រប់អគ្គនាយកដ្ឋាន អគ្គលេខាធិការដ្ឋាន និងអគ្គាធិការ ចំណុះក្រសួងយុត្តិធម៌។
សិក្ខាសាលានេះ រៀបចំឡើងក្នុងគោលបំណងពិនិត្យ ពិភាក្សា ពិគ្រោះយោបល់ ប្រមូលធាតុចូល និងអនុសាសន៍ ក្នុងការរៀបចំឯកសារគតិយុត្តចំនួន ៣ ដូចខាងក្រោម៖
១-ស្តង់ដារអប្បរមាសម្រាប់ការទទួលស្គាល់វិជ្ជាជីវៈសន្ធានការីមន្ត្រីរាជការនៅថ្នាក់ក្រោមជាតិ។ ការបង្កើតឲ្យមានស្តង់ដារអប្បបរមានេះ គឺដើម្បីកំរិតការទទួលស្គាល់វិជ្ជាជីវៈ និងកំរិតស្តង់ដារប្រតិបត្តិរបស់សន្ធានការី ដែលផ្តោតទៅលើសន្ធានការីជាមន្ត្រីរាជការនៅថ្នាក់ក្រោមជាតិ។
២-ក្រមសីលធម៌ សម្រាប់វិជ្ជាជីវៈសន្ធានការី ជាមន្ត្រីរាជការនៅថ្នាក់ក្រោមជាតិ។ ការបង្កើតឲ្យមានក្រមសីលធម៌នេះ ក្នុងគោលបំណងដើម្បីកំណត់ឲ្យមានក្រមសីលធម៌ក្នុងការប្រតិបត្តិការជាសន្ធានការី ក្នុងការធ្វើសន្ធានកម្ម ដែលផ្តោតទៅលើសន្ធានការីជាមន្ត្រីរាជការនៅថ្នាក់ក្រោមជាតិ។
៣-សៀវភៅណែនាំប្រតិបត្តិការសម្រាប់ការិយាល័យនីតិកម្ម និងសម្រុះសម្រួលវិវាទមូលដ្ឋាន។ ការរៀបចំសៀវភៅនេះ ដើម្បីណែនាំអំពីប្រតិបត្តិការការងាររដ្ឋបាល និងការធ្វើសន្ធានកម្ម ឬ ការដោះស្រាយវិវាទ នៅក្នុងការិយាល័យនីតិកម្ម និងសម្រុះសម្រួលវិវាទមូលដ្ឋាន ក្រុង ស្រុក ខណ្ឌ។