ភ្នំពេញ៖សម្ដេចធិបតីនាយករដ្ឋមន្ត្រីហ៊ុន ម៉ាណែត បានថ្លែងក្នុងឱកាស បើកការដា្ឋនសាងសង់ស្ពានអាកាសភ្លោះ ចំណុចប្រសព្វមហាវិថី សម្ដេចតេជោ ហ៊ុន សែន និងផ្លូវជាតិលេខ២ ស្ថិតនៅព្រំប្រទល់រាជធានីភ្នំពេញ និងខេត្តកណ្តាល នៅព្រឹកថ្ងៃចន្ទនេះ៖
«គោលបំណងសំខាន់ក្នុងការកសាងស្ពានអាកាសភ្លោះនេះ គឺដើម្បីបញ្ចៀសការកកស្ទះនៅនឹងកន្លែង ហើយនឹងក្លាយជាស្ពានអាកាសភ្លោះយុទ្ធសាស្រ្តក្នុងការតភា្ជប់កម្ពុជាទៅកាន់អន្តរជាតិ តាមរយៈការតភ្ជាប់ពីព្រលានយន្តហោះអន្តរជាតិតេជោ មកកាន់រាជធានីភ្នំពេញ»។
សម្ដេចនាយករដ្ឋមន្ត្រីបន្តថា ស្ពានអាកាសភ្លោះ ចំណុចប្រសព្វមហាវិថី សម្ដេចតេជោ ហ៊ុន សែន និងផ្លូវជាតិលេខ២ ស្ថិតនៅព្រំប្រទល់រាជធានីភ្នំពេញ និងខេត្តកណ្តាល គឺជាគម្រោងរបស់រាជរដ្ឋាភិបាលតាមរយៈ រដ្ឋបាលរាជធានីភ្នំពេញ ដោយប្រើប្រាស់ថវិកាសាងសង់ជាង ១៦លានដុល្លារអាម៉េរិក ប្រើប្រាស់រយៈពេលសាងសង់ ១២ខែ ជាប្រភេទបេតុងអាមេ ដែលមានបណ្ដោយស្ពានសរុប ៦២២ម៉ែត្រ បណ្ដោយតួស្ពាន ២៨១ ម៉ែត្រ ផ្លូវតភ្ជាប់ក្បាលស្ពានទៅខាងមហាវិថីសម្តេចតេជោហ៊ុនសែនប្រវែង ១៨០ម៉ែត្រ ផ្លូវតភ្ជាប់ក្បាលស្ពានទៅមកខាងព្រលានយន្តហោះអន្តរជាតិតេជោ ១៦១ម៉ែត្រ ដោយស្ពានទី១៖ ផ្លូវឯកទិសមានទិសដៅតាមបណ្តោយមហាវិថីសម្តេចតេជោ ហ៊ុន សែន ឆ្លងកាត់ផ្លូវជាតិលេខ២ ឆ្ពោះទៅកាន់អាកាសយានដ្ឋានអន្តរជាតិតេជោ និង ស្ពានទី២៖ ផ្លូវឯកទិសមានទិសដៅឆ្លងកាត់ផ្លូវជាតិលេខ២ ពីអាកាសយានដ្ឋានអន្តរជាតិតេជោ ឆ្ពោះទៅកាន់មហាវិថីសម្តេចតេជោ ហ៊ុន សែន៕