ក្រសួងការបរទេស និងក្លឹបអ្នកកាសែតកម្ពុជា នៅថ្ងៃទី១២ ខែមិថុនានេះ រៀបចំវេទិកាពិភាក្សាសារព័ត៌មាន លើប្រធានបទ «គោលនយោបាយការបរទេសកម្ពុជា ក្នុងបរិបទអាស៊ាន» នៅទីស្តីការក្រសួងការបរទេស ។
ការរៀបចំវេទិកានេះឡើង ដើម្បីផ្តល់ឱកាសដល់អ្នកសារព័ត៌មានជាតិ និងអន្តរជាតិ បានស្វែង យល់បន្ថែមទៀតអំពីគោលនយោបាយការបរទេសរបស់ប្រទេសកម្ពុជាក្នុងបរិបទអាស៊ាន រួមទាំងព្រឹត្តិការណ៍សំខាន់ៗក្នុងតំបន់អាស៊ាន ដែលជះឥទ្ធិពលដល់គោលនយោបាយការបរទេសកម្ពុជា ។ វេទិកានេះ មានសារសំខាន់ ដែលមិនគ្រាន់តែផ្ដល់ឱកាសដល់អ្នកសារព័ត៌មានបានស្វែងយល់ដឹងកាន់តែច្បាស់អំពី គោលនយោបាយការបរទេសកម្ពុជាប៉ុណ្ណោះទេ ប៉ុន្តែជាឱកាសដែលអ្នកសារព័ត៌មានលើកជាសំណួរផ្សេងៗទាក់ទងនឹងគោលនយោបាយការបរទេសរបស់ប្រទេសកម្ពុជា ក្នុងបរិបទអាស៊ានផងដែរ៕