សម្ដេចហ៊ុន ម៉ាណែត៖ «ក្នុងរយៈពេល២៥ឆ្នាំ ខាងមុខ កម្ពុជា ជាសង្គមជាតិមួយដ៏រស់រវើក»

12

ភ្នំពេញ៖ក្នុងឱកាសដឹកនាំកិច្ចប្រជុំគណៈកម្មាធិការជាតិកំណែទម្រង់រដ្ឋបាលសាធារណៈ សម្ដេចអធិបតីនាយករដ្ឋមន្ត្រីហ៊ុន ម៉ាណែត បានអះអាងថា អស់រយៈពេលជាង ៨ខែ មកហើយ ដែលគណៈកម្មាធិការជាតិ ជំរុញការអនុវត្តវិធានការគន្លឹះ ក្នុងការកែទម្រង់រដ្ឋបាលសាធារណៈ របស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា ឬ គ.វ.រ. បានជួបប្រជុំគ្នា។

សម្ដេចធិបតីបានបន្តថា សារៈសំខាន់នៃការអនុវត្តវិធានការគន្លឹះ ក្នុងការកែទម្រង់រដ្ឋបាលសាធារណៈ ដែលជាមូលដ្ឋានដ៏ចាំបាច់បំផុត ក្នុងការកសាងនូវប្រព័ន្ធរដ្ឋបាលសាធារណៈ មួយ ដែលប្រកបដោយសមិទ្ធកម្ម មានជវភាព និងមានភាពធន់។

នៅវិមានសន្តិភាព រាជធានីភ្នំពេញ ព្រឹកថ្ងៃពុធ ទី១២ មិថុនា ២០២៤ នេះ សម្ដេចអធិបតីហ៊ុន ម៉ាណែត បានបញ្ជាក់បន្ថែមថា ការអនុវត្តវិធានការគន្លឹះ នេះ ក៏ជាបុរេលក្ខខណ្ឌ នៃការសម្រេច ចក្ខុវិស័យកម្ពុជា ឆ្នាំ២០៥០ ដែលត្រូវបានកំណត់ក្នុង យុទ្ធសាស្រ្តបញ្ចកោណ-ដំណាក់កាលទី១ ថា « ក្នុងរយៈពេល២៥ឆ្នាំ ខាងមុខ កម្ពុជា ជាសង្គមជាតិមួយដ៏រស់រវើក ដោយមានរដ្ឋរឹងប៉ឹង មានអភិបាលកិច្ចល្អ និងស្ថាប័នរឹងមាំ ប្រកបដោយតម្លាភាព និងគណនេយ្យភាព ហើយបម្រើជាតិ និងប្រជាជន ប្រកបដោយប្រសិទ្ធភាព នៅក្នុងជវភាព នៃប្រព័ន្ធតួអង្គតែមួយ​ (Dynamics of Stakeholder System)៕