ឯកឧត្តមទេសរដ្ឋមន្ត្រី អៀង មូលី ប្រធានអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ បានបញ្ជាក់ថា ក្នុងដំណើរឆ្ពោះទៅបញ្ចប់អេដស៍ដែលជាគ្រោះគម្រាមកំហែងដល់សុខភាពសាធារណៈ រាជរដ្ឋាភិបាលកម្ពុជា បានដាក់ចេញនូវវិធានការជាបន្តបន្ទាប់ ជាពិសេសនៅថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២៤ កន្លងទៅកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រីក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់បំផុត សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអនុម័តជាឯកឆន្ទដាក់ចេញនូវគោលនយោបាយជាតិបញ្ចប់អេដស៍ និងចីរភាពកម្មវិធីអេដស៍សម្រាប់ឆ្នាំ២០២៣-២០២៨ សំដៅកសាងកម្ពុជាមួយគ្មានអេដស៍។