វគ្គបណ្តុះបណ្តាលខាងលើនេះ នឹងប្រព្រឹត្តទៅរយៈពេល០៣ថ្ងៃ គោលបំណងនៃការបើកវគ្គបណ្តុះបណ្តាលមានចំនួន០៣ធំៗ៖
ទី១-ដើម្បីអោយកងកម្លាំងនគរបាលទាំងអស់មានវិន័យ និងសណ្តាប់ធ្នាប់ល្អ ប្រកបដោយក្រមសីលធម៌ វិជ្ជាជីវៈ ក៏ដូចជាការគ្រងឯកសណ្ឋាននគរបាល អោយបានត្រឹមត្រូវតាមអនុក្រឹត្យរបស់រាជរដ្ឋាភិបាលដែលបានដាក់ចេញកន្លងមក ដើម្បីធ្វើអោយកងកម្លាំងមានសេចក្តីថ្លៃថ្នូរ មានទំនុកចិត្តពីសំណាក់ប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋាន។
ទី២-ដើម្បីអោយមានការយល់ដឹងអំពីតួនាទី ភារកិច្ច សិទ្ធិ និងសារៈសំខាន់របស់ប្រជាការពារ និងអនុវត្ត អោយបានត្រឹមត្រូវតាមសេចក្តីណែនាំលេខ០០៤ស.ណ.ន ចុះថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២២ របស់អគ្គស្នង ការដ្ឋាននគរបាលជាតិ ស្តីពីការពង្រឹងសមត្ថភាពប្រជាការពារ។
ក្នុងនោះគ្រប់បណ្តាអធិការដ្ឋាននគរបាលស្រុក/ក្រុងទាំង១៣ តាមទិន្នន័យក្នុងឆមាសទី១នេះ ប្រជាការពារ មានរហូតដល់ទៅ១៤,១៤៨នាក់ ស្រី១៧៤នាក់ ស្មើនឹង១,១៩៧ក្រុម។
ទន្ទឹមនោះ ត្រូវយកចិត្តទុកដាក់ពង្រឹងសមត្ថភាពកម្លាំងប្រជាការពារអោយមានគុណភាព និងលទ្ធភាពសម ស្របជាកម្លាំងជំនួយក្នុងការរក្សាសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គម ដោយត្រូវ៖
ធ្វើបច្ចុប្បន្នភាពពង្រឹងកងជួររបស់កម្លាំងប្រជាការពារនៅតាមឃុំ សង្កាត់អោយបានច្បាស់លាស់ ក្នុងរយៈ ពេល៣ខែម្តង និងត្រូវរៀបចំ មួយក្រុមមានសមាជិក១២នាក់ ប្រធានក្រុម ១នាក់ និងអនុប្រធានក្រុម២នាក់ ថែបំប៉ន លើកទឹកចិត្ត និងត្រូវបណ្តុះបណ្តាល ហ្វឹកហ្វឺន អប់រំ អំពីវិន័យកងជួរ សីលធម៌ អាកប្បកិរិយា និងពាក្យសម្តីក្នុងពេលបំពេញការងារ ឬទំនាក់ទំនងជាមួយប្រជាពលរដ្ឋ ដើម្បីអោយកម្លាំងនេះក្លាយជា កម្លាំងជំនួយប្រកបដោយសមត្ថភាពចូលរួមក្នុងចលនាសន្តិសុខមាតុភូមិ ក៏ដូចជាជំរុញចលនាភូមិ ឃុំ សង្កាត់មានសុវត្ថិភាពអោយទទួលបានជោគជ័យ។
ទី៣-ដើម្បីបណ្តុះបណ្តាលគ្រូបង្គោលនៅតាមបណ្តាអធិការដ្ឋាននគរបាលស្រុក/ក្រុង ដើម្បីយកទៅបើកវគ្គបន្តនៅតាមអធិការដ្ឋាន និងប៉ុស្តិ៍នគរបាលរដ្ឋបាល និងត្រូវសហការអោយបានដាច់ខាតជាមួយ មេឃុំ ចៅសង្កាត់ ដើម្បីចូលរួមបណ្តុះបណ្តាលប្រជាការពារនៅតាមឃុំ-សង្កាត់អោយយល់ដឹងគ្រប់ៗគ្នា(ជៀសវាងការអនុវត្តលើស ឬខុសពីការណែនាំ)។
ព្រឹកថ្ងៃពុធ ១៤រោច ខែពិសាខ ឆ្នាំរោង ឆស័ក ព.ស. ២៥៦៨ ត្រូវនឹងថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០២៤