លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន អញ្ជើញចូលរួមក្នុងពិធីបុណ្យចម្រើនអាយុវឌ្ឍនមង្គល ៩១ព្រះវស្សា យាងចូល ៩២ព្រះវស្សា ថ្វាយចំពោះសម្តេចព្រះអគ្គមហាសង្ឃរាជាធិបតីកិត្តិឧទ្ទេសបណ្ឌិត ទេព វង្ស

30

លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្ដីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច ព្រមទំាងថ្នាក់ដឹកនាំ និងមន្ដ្រីរាជការក្រោមឱវាទបាននំាយកបច្ច័យ ទេយ្យទាន ចូលរួមក្នុងពិធីបុណ្យចម្រើនអាយុវឌ្ឍនមង្គល និងពិធីស្រោចព្រះសុគន្ធវារី ថ្វាយចំពោះសម្តេចព្រះអគ្គមហាសង្ឃរាជាធិបតីកិត្តិឧទ្ទេសបណ្ឌិត ទេព វង្ស សម្តេចព្រះមហាសង្ឃរាជ នៃព្រះរាជាណាចក្រកម្ពុជា ដើម្បីចម្រើនព្រះជន្មាយុ ៩១ព្រះវស្សាយាងចូល ៩២ព្រះវស្សារបស់ព្រះអង្គ ដែលពិធីបានប្រព្រឹត្តទៅនៅ វត្តឧណ្ណាលោម ស្ថិតក្នុងសង្កាត់ជ័យជំនះ ខណ្ឌដូនពេញ រាជធានីភ្នំពេញ នាព្រឹកថ្ងៃព្រហស្បតិ៍  ៣រោច ខែបុស្ស ឆ្នាំឆ្លូវ ត្រីស័ក ព.ស. ២៥៦៥ ត្រូវនឹង ថ្ងៃទី២០ ខែមករា ឆ្នាំ២០២២ ។

នៅក្នុងពិធីនោះក៏មានការនិមន្តពីសម្តេចសង្ឃ នៃព្រះរាជាណាចក្រកម្ពុជា និងមានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ចម ប្រសិទ្ធ ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្មវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ លោកជំទាវ ញ៉ែម សាខន ភរិយា សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ពុទ្ធបរិស័ទ្ធជិតឆ្ងាយ មន្រ្តីរាជការ ព្រះសង្ឃ បាននិមន្ត និងអញ្ជើញចូលរួមផងដែរ ។

ប្រពៃណីស្រោចសុគន្ធវារីនេះ កើតមានតាំងពីសម័យពុទ្ធកាលមកម្ល៉េះ ហើយមរតកវប្បធម៌ ដែលបានសាយភាយផ្សព្វផ្សាយ ចូលដល់បណ្ដាប្រទេសជាច្រើននៅជុំវិញមហាសាគរប៉ាស៊ីហ្វិក និងមួយផ្នែកធំទៀតនៃពិភពលោក ។ ពិធីស្រោចស្រពសុគន្ធវារី ដែលយើងកំពុងធ្វើនាពេលនេះ ពិតជាសមស្របទៅនឹងគន្លង ប្រពៃណីសាសនា ដែលដូនតាខ្មែរបានប្រតិបត្ដិ ហើយនៅតែបន្ដអនុវត្ដដល់សព្វថ្ងៃ ហើយប្រពៃណីបុណ្យដ៏ប្រសើរនេះ មិនតែរាស្រ្ដប៉ុណ្ណោះទេដែលធ្វើ សូម្បីតែព្រះមហាក្សត្រម្ចាស់ផែនដី ក៏ព្រះអង្គតែងតែប្រារព្វពិធីរបៀបនេះ តាំងតែពីបឋមវង្ស ទុតិយវង្ស តតិយវង្សដរាបរហូតដល់បច្ចុប្បន្ន។

នាឱកាសនោះផងដែរ លោកជំទាវក៏បានបួងសួងថ្វាយព្រះពរជ័យដល់ សម្តេចព្រះអគ្គមហាសង្ឃរាជាធិបតី កិត្តិឧទ្ទេសបណ្ឌិត ទេព វង្ស សម្តេចព្រះមហាសង្ឃរាជ នៃព្រះរាណាចក្រកម្ពុជា សូមមានព្រះរាជសុខភាពល្អ ដើម្បីជាម្លប់នៃព្រះពុទ្ធសាសនា និងសូមថ្វាយព្រះពរជ័យដល់ព្រះមហាក្សត្រ ព្រះមហាក្សត្រី មុនិនាថ សីហនុ និងប្រគេនពរដល់ព្រះសង្ឃគ្រប់ព្រះអង្គ និងជូនពរថ្នាក់ដឹកនាំសមាជិក សមាជិកា រាជរដ្ឋភិបាល ព្រឹទ្ធសភា រដ្ឋសភា ប្រជាពលរដ្ឋនៅទូទាំងប្រទេស សូមឲ្យជួបសេចក្តីសុខចម្រើន អាយុយឿនយូរ ប្រកបកិច្ចអ្វីសូមឲ្យបានដូចក្តីប្រាថ្នា និងជួបពុទ្ធពរទាំងបួនប្រការ គឺអាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ៕