មន្ទីរប្រឆាំងគ្រឿងញៀនឆ្លើយតបនឹងការផ្សាយព័ត៌មានមិនពិតជុំវិញការបង្រ្កាបគ្រឿងញៀននៅថាំងហួយក្លិប

14

ក្រោយពីមានគណនីហ្វេសប៊ុកឈ្មោះ Chean Dorn បានផ្សព្វផ្សាយព័ត៌មានជុំវិញការបង្ក្រាបគ្រឿងញៀន នៅថាំងហ៊ួយក្លិប កាលពីថ្ងៃទី០១ ខែមេសា ឆ្នាំ២០២៤ ដោយម្ចាស់គណនីហ្វេសប៊ុកខាងលើបានបង្ហោះសារថា “មេធំគ្រឿងញៀន ក្លិបថាំងហ៊ូយ ឈ្មោះ លី ភីនជាំង (LI PINJIANG) ជនជាតិចិន ត្រូវបានដោះលែងដោយរលូនដោយថ្នូរជាការបង់លុយចំនួន (៥០ម៉ឺនដុល្លារអាមេរិក) ឱ្យទៅខាងមេមន្ត្រីមន្ទីរប្រឆាំងគ្រឿងញៀនក្រោយឃាត់ខ្លួនកាលពីយប់ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៤ នៅទីតាំងយីហោ ថាំងហួយ ក្លិប ស្ថិតនៅផ្លូវ១០៣ សង្កាត់បឹងត្របែក ខណ្ឌចំការមន រាជធានីភ្នំពេញ ជាមួយនឹងគ្រឿងញៀន (៧គីឡូក្រាម)។”

ជុំវិញការផ្សាយព័ត៌មានខាងលើនេះ ក្រុមការងារប្រតិកម្មរហ័សមន្ទីរប្រឆាំងគ្រឿងញៀន បានចាត់ទុក ជាការវាយប្រហារលើអង្គភាពអនុវត្តច្បាប់គ្រឿងញៀន ពិសេសមន្ទីរប្រឆាំងគ្រឿងញៀន ដោយបានបង្កើតហ្វេសបុកក្លែងក្លាយ ផ្សព្វផ្សាយនូវព័ត៌មានមិនពិត និងខម្មិន(Comment) ក្នុងផេកហ្វេកប៊ុករបស់ថ្នាក់ដឹកនាំ បង្កឱ្យមានការភ័ន្តច្រឡំរបស់សាធារណជនមកលើអង្គភាពអនុវត្តច្បាប់។

បើតាមសេចក្តីប្រកាសព័ត៌មានរបស់មន្ទីរប្រឆាំងគ្រឿងញៀន ដែលចេញផ្សាយនាថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០២៤នេះ ខាងមន្ទីរគ្រឿងញៀនបានបំភ្លឺថា ដោយឆ្លងតាមការស៊ើបអង្កេតតាមការស្តាប់ចម្លើយឈ្មោះលី ភីនជាំង (LI PINJIANG) និងជនសង្ស័យពាក់ព័ន្ធបទល្មើសចំនួន១៥នាក់ផ្សេងទៀត គឺឈ្មោះ លីភីនជាំង ពុំមែនជាមេខ្លោងគ្រឿងញៀនទេ ឬជាប់ពាក់ព័ន្ធបទល្មើសនោះទេ ដោយសារវត្ថុតាងគ្រឿងញៀន ដែលសមត្ថកិច្ចចាប់យកពុំបានចាប់យកផ្ទាល់ពីឈ្មោះ លី ភីនជាំង នោះទេ ហើយពុំមែនជាម្ចាស់វត្ថុតាងគ្រឿងញៀននោះដែរ។ ឈ្មោះ លី ភីនជាំង បានចូលរួមធ្វើជាសាក្សីនៅក្នុងកំណត់ហេតុចាប់យកវត្ថុតាងនៅកន្លែងកើតហេតុតែប៉ុណ្ណោះ។ ឈ្មោះ លីភីនជាំង ពុំមែនជាម្ចាស់ទីតាំង ឬជាបុគ្គលិកបម្រើការងារនៅក្នុង KTV ថាំងហួយនេះទេ តាមការពិតឈោ្មះនេះជាភ្ញៀវ មកកម្សាន្តនៅក្នុងទីតាំងខាងលើចំពេលសមត្ថកិច្ចចុះបង្ក្រាប។

ជាមួយគ្នានេះ មន្ទីរប្រឆាំងគ្រឿងញៀន បានប្រកាសបដិសេធទាំងស្រុងនូវការចុះផ្សាយរបស់គណនីហ្វេសប៊ុក ឈ្មោះ Chean Dorn ដែលបានចោទប្រកាន់មកលើអង្គភាពមន្ទីរប្រឆាំងគ្រឿងញៀន។ មន្ទីរប្រឆាំងគ្រឿងញៀន ប្រកាសថានឹងបន្តសហការជាមួយសមត្ថកិច្ចពាក់ព័ន្ធ ដើម្បីស៊ើបអង្កេត ស្រាវជ្រាវរក មុខសញ្ញាដែលកាន់កាប់ ឬប្រើប្រាស់ហ្វេសប៊ុកឈ្មោះ Chean Dorn ដើម្បីយកមកផ្តន្ទាទោសតាមច្បាប់។