ប្រជាពលរដ្ឋជាច្រើនគ្រួសាររស់នៅលើផ្លូវរទេះភ្លើង ធ្វើការសំណូមពរដល់អាជ្ញាធរ និងជំនាញជួយពិនិត្យជួសជុលផ្លូវពិបាកធ្វើដំណើរផង

6

ខេត្តកំពង់ស្ពឺ៖ ប្រជាពលរដ្ឋជាច្រើនគ្រួសាររស់នៅតាមអមសងខាងផ្លូវរទេះភ្លើង ស្ថិតនៅក្នុងភូមិចំបក់ ឃុំវល្លិសរ ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ធ្វើការសំណូមពរដល់អាជ្ញាធរភូមិ ឃុំ ស្រុក ខេត្ត និងជំនាញពាក់ព័ន្ធមេត្តាជួយចុះពិនិត្យ និងធ្វើការជួសជុលផ្លូវពិបាកធ្វើដំណើរឡើងវិញផង។

ប្រជាពលរដ្ឋឈ្មោះសុខ និងឈ្មោះ ស្រី បាននិយាយឱ្យដឹងថា ផ្លូវនេះរងការខូចខាតយូរហើយ ដោយសារតែក្រុមរថយន្តដឹកដីឆ្លងកាត់ ធ្វើឱ្យប្រជាពលរដ្ឋ ដែលរស់នៅលើផ្លូវរទេះភ្លើងនេះពិបាកក្នុងការធ្វើដំណើរ ពេលមេឃធ្លាក់ភ្លៀងម្តងៗ គឺបែកភក់វ៉ល់ ពិបាកក្នុងការធ្វើដំណើរខ្លាំងណាស់ រអិល ស្អិតតែម្តង។

ប្រជាពលរដ្ឋដដែលបន្តថា បើមនុស្សពេញវ័យធ្វើដំណើរជិះកង់ម៉ូតូមិនសូវអីទេ អ្វីដែលជួបការលំបាកគឺមនុស្ស ចាស់ជិះកង់និងធ្វើដំណើរ ជាពិសេសទៅទៀតកម្មករ កម្មការិនី មានផ្ទៃពោះ និងសិស្សសាលាដែលខ្លាចក្រែងមានគ្រោះថ្នាក់ដោយជាយថាហេតុ។

ជាចុងក្រោយប្រជាពលរដ្ឋធ្វើការសំណូមពរដល់អាជ្ញាធរនិងជំនាញពាក់ព័ន្ធមេត្តាជួយអន្តរាគមន៍ ជួសជុលផ្លូវដើម្បីងាយស្រួលធ្វើដំណើរវិញផង ណាមួយរដូវនេះជារដូវវស្សាថែមទៀតផង៕