លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម៖ ការរៀបចំសិក្ខាសាលា ស្តីអំពី “លើសពីទីផ្សារកម្ពុជា៖ ការនាំយកផលិតផលកម្ពុជាទៅកាន់ទីផ្សារអន្តរជាតិតាមរយៈ Alibaba.com” ដែលរៀបចំដោយក្រសួងពាណិជ្ជកម្មបានសហការជាមួយក្រុមហ៊ុនAlibaba ដើម្បីជំរុញការនាំចេញផលិតផលខ្មែរទៅកាន់ទីផ្សារអន្តរជាតិ និងផ្តល់ឱកាសដល់សហគ្រាសធុនតូច និងមធ្យម ក្នុងការទាញយកប្រយោជន៍ពីការធ្វើពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក និងសេដ្ឋកិច្ចឌីជីថល ឱ្យស្របទៅនឹងយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ ដែលក្នុងនោះនៅក្នុងបញ្ចកោណទី២ ស្តីពី “ការធ្វើពិពិធកម្មសេដ្ឋកិច្ច និងការបង្កើនភាពប្រកួតប្រជែង” និង បញ្ចកោណទី៥ ស្តីពី “ការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមឌីជីថល”, និងការដាក់ចេញនូវ “ក្របខណ្ឌគោលនយោបាយសេដ្ឋកិច្ច និងសង្គមឌីជីថលកម្ពុជា២០២១-២០៣៥”។
ហើយសិក្ខាសាលានេះ សំដៅជំរុញការនាំចេញទៅកាន់ទីផ្សារអន្តរជាតិ ជាពិសេស ការប្រតិបត្តិការតាមរយៈពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក។
តាមរយៈថ្នាលពាណិជ្ជកម្មសកលតាមប្រព័ន្ធអេឡិចត្រូនិក (eWTP) ក្រសួងពាណិជ្ជកម្មនឹងសហការជាមួយក្រុមហ៊ុន Alibaba ក្នុងការបើកពន្លាជាតិកម្ពុជានៅក្នុងផ្សារពាណិជ្ជកម្ម Alibaba.com នៅខែកញ្ញាខាងមុខ នៅក្នុងព្រឹត្តការណ៍អម ពិព័រណ៍ចិន-អាស៊ានលើកទី២១នៅទីក្រុងណាននីង តំបន់ស្វយ័តក្វាងស៊ី នៃសាធារណរដ្ឋប្រជាមានិតចិន និងចូលរួមសហការក្នុងការផ្សព្វផ្សាយផលិតផលកម្ពុជាបន្ថែមទៀតនៅក្នុងព្រឹត្តការណ៍ពិព័រណ៍ផ្សេងៗទៀតផងដែរ។ បន្ថែមពីនេះ ក្រសួងពាណិជ្ជកម្ម នឹងបន្តសហការជាមួយ Alibaba.com និងក្រសួង-ស្ថាប័នពាក់ព័ន្ធ ក្នុងការពង្រីកវិសាសភាពចំណេះដឹង ចំណេះធ្វើ បទពិសោធន៍ និងពង្រីកបណ្តាញអាជីវកម្មនៅក្រៅប្រទេសប្រកបដោយភាពជឿជាក់ ៕