ព្រះករុណា ព្រះមហាក្សត្រ ស្ដេចយាងជាព្រះរាជាធិបតី ព្រះរាជពិធីច្រត់ព្រះនង្គ័ល នៅខេត្តកំពង់ស្ពឺ
ព្រះករុណា ជាអម្ចាស់ជីវិតលើត្បូង ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ជាទីសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ស្ដេចសព្វព្រះរាជហឫទ័យយាងជាព្រះរាជាធិបតី ព្រះរាជពិធីច្រត់ព្រះនង្គ័ល ដែលប្រារព្ធធ្វើនៅក្រុងច្បារមន ខេត្តកំពង់ស្ពឺ នាព្រឹកថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៤។
ព្រះរាជពិធីច្រត់ព្រះនង្គ័ល ត្រូវប្រារព្ធធ្វើឡើងជារៀងរាល់ឆ្នាំ នៅខែពិសាខ ដែលជាព្រះរាជពិធីដ៏សំខាន់មួយ នៃពិធីបុណ្យទ្វារទសមាស។ ព្រះរាជពិធីប្រពៃណីនេះ ធ្វើឡើងក្នុងគោលបំណងផ្សងមើលប្រផ្នូលរបស់ស្រុកទេស ទៅតាមការបរិភោគរបស់ «គោឧសភរាជ» លើអាហារ ៧យ៉ាង រួមមាន៖ ស្រូវ សណ្តែក ពោត ល្ង ស្មៅ ទឹក និងស្រា។ ម្យ៉ាងទៀតព្រះរាជពិធីនេះ ក៏ជាការដាស់តឿន ក្រើនរំឭកដល់ប្រជាជនខ្មែរ ដែលពឹងផ្អែកលើការធ្វើកសិកម្មជាចម្បងនោះ ឱ្យបានដឹងថា រដូវវស្សាបានចូលមកដល់ហើយ។
ក្រោយការច្រត់ព្រះនង្គ័លជានិមិត្តរូប ៣ជុំ គោឧសភរាជ ត្រូវបានព្រលែងឱ្យទៅបរិភោគអាហារទាំង ៧មុខខាងលើ។ ក្នុងចំណោមអាហារទាំង ៧មុខនេះ មានអាហារចំនួន ៣មុខដែលគោឧសភរាជ បានបរិភោគច្រើនជាងគេ ដោយក្នុងនោះ ស្រូវមានចំនួន ៩៥ភាគរយ ពោត ៩៥ភាគរយ និងសណ្ដែក ៨៥ភាគរយ។ តាមរយៈការបរិភោគរបស់គោឧសភរាជនេះ ត្រូវបានព្រាហ្មបុរោហិតផ្សងប្រផ្នូលឃើញថា ដំណាំកសិកម្មទាំង ៣មុខនេះ នឹងទទួលបានទិន្នផលល្អប្រសើរក្នុងឆ្នាំនេះ៕