ភ្នំពេញ ៖ ហេតុការណ៍ឃា..ត់ខ្លួននេះធ្វើឡើងកាលពី ថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៤ នៅចំណុចបន្ទប់ជួលក្នុងភូមិទ្រា១ ក្រុម៤ សង្កាត់ស្ទឹងមានជ័យ១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។
ឃា..ត់ខ្លួនស្ត្រីចំណាស់ដែលធ្វើសកម្មភាពចូលទៅក្នុងផ្ទះប្រជាពលរដ្ឋ លួចយកកាបូបលុយ ដែលមានមាស ៥ជី និងលុយជាង ២លានរៀល របស់លោកយាយម្នាក់ដែលទៅលេងផ្ទះកូនរបស់គាត់ និងកំពុងសម្រាន្តលង់លក់ មិនទាន់ក្រោកពីដំណេក បានសម្រេច គេចខ្លួនបាត់ដោយសុវត្ថិភាព ពេលនេះត្រូវបានជនរងគ្រោះស្រាវជ្រាវតាមរកឃេីញចាប់ប្រគល់អោយសមត្ថកិច្ច បែកធ្លាយជាមុខសញ្ញាចាស់ ធ្លាប់ធ្វើសកម្មភាពលួចជាច្រើនករណី នៅខណ្ឌជ្រោយចង្វារ នៅខណ្ឌផ្សេងៗទៀតក្នុងរាជធានីភ្នំពេញ ។
ស្ត្រីចំណាស់ជាជនសង្ស័យ មានឈ្មោះ វណ្ណី អាយុ៥៩ឆ្នាំ មុខរបរមិនពិតប្រាកដ។ នៅចំពោះមុខសាច់ញាតិជនរងគ្រោះ ស្ត្រីចំណាស់បានសារភាពថា រូបគេពិតជាបានលួចកាបូបលុយនោះពិតមែន ចំណែកខ្សែដៃមាសទម្ងន់៥ជី រូបគេយកទៅលក់បានប្រាក់ចំនួន១២០០ដុល្លារ ។
កូនរបស់ជនរងគ្រោះបានបញ្ជាក់ថា គាត់បានទៅដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍ជ្រោយចង្វារ ហើយ និង មានគេប្រាប់កូនជនរងគ្រោះថា បានឃើញស្ត្រីដែលជាជនសង្ស័យរូបនេះ ស្នាក់នៅតាមបណ្តោយផ្លូវសឡា ក្នុងសង្កាត់ស្ទឹងមានជ័យទី១ខណ្ឌមានជ័យ ទើបកូនជនរងគ្រោះបើករថយន្តចេញពីក្នុងសង្កាត់ជ្រោយចង្វារ មកដល់ក៏ឃើញជនសង្ស័យរូបនេះមែន និងឃាត់ខ្លួនបានតែម្តង យកទៅកាន់ប៉ុស្តិ៍ស្ទឹងមានជ័យទី១ ដើម្បីរង់ចាំសមត្ថកិច្ចប៉ុស្តិ៍ជ្រោយចង្វារមកទទួល យកទៅចាត់ការបន្ត ព្រោះជាម្ចាស់ករណី ។ ប្រជាពលរដ្ឋរស់នៅកន្លែងកើតហេតុបានប្រាប់អោយដឹងថា ពួកគាត់មានការភ្ញាក់ផ្អើលជាខ្លាំង ខណៈមានសមត្ថកិច្ចមកឃាត់ស្ត្រីចំណាស់នោះ ។ ពួកគាត់មិនច្បាស់ថាស្ត្រីនោះរកស៊ីអ្វីនោះទេ គ្រាន់តែដឹងថា ស្ត្រីនោះមានលុយចាយពេញៗដៃ ៕