កណ្តាល៖ក្រុមបងធំវ័យក្មេង២នាក់ រហស្សនាម JTK ប្រចាំស្រុកកោះធំ ខេត្តកណ្តាល ក្នុងចំណោមបក្ខពួកជិត១០០នាក់ ពេលនេះត្រូវអស់លក្ខណ៍ ហើយ និង ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនជាបន្តបន្ទាប់ ក្រោយកាប់គូទំនាស់ស្លាប់ម្នាក់និងរបួស២នាក់ ។
តាមប្រភពព័ត៌មានចុងក្រោយ ដែលVPN ទើបទទួលបាន គឺ បងធំទាំង២នាក់ នេះ កាលពីល្ងាចថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២២ ត្រូវបាន លោក អ៊ុក សុវណ្ណារិទ្ធ ចៅក្រមស៊ើបសួរសាលាដំបូងខេត្តកណ្តាល ចេញដីកាឃុំខ្លួនដាក់ពន្ធនាគារបណ្តោះអាសន្ន ក្រោមការចោទប្រកាន់ពីបទ «ហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស ដោយសារមរណភាពនៃជនរងគ្រោះ» តាមមាត្រា២២៤ នៃក្រមព្រហ្មទណ្ឌ ។
បទល្មើស «ហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស ដោយសារមរណភាពនៃជនរងគ្រោះ» កំណត់ការផ្តន្ទាទោសដាក់ពន្ធនាគារពី៧ឆ្នាំទៅ១៥ឆ្នាំ ។
សូមបញ្ជាក់ថា បទល្មើសដេញកាប់សម្លាប់គូទំនាក់យ៉ាងសាហាវនេះបានកើតឡើង កាលពីថ្ងៃទី១១ ខែមីនា ឆ្នាំ២០២២ វេលាម៉ោង១៥និង៤០នាទី នៅចំណុចលើផ្លូវបេតុងមាត់ទន្លេ មុខវត្តដើមពោធិ៍ ស្ថិតក្នុងភូមិដើមពោធិ៍ ឃុំជ្រោយតាកែវ ស្រុកកោះធំ ខេត្តកណ្ដាល ។
សមត្ថកិច្ច អះអាងថា ក្រុមបងធំវ័យក្មេង២នាក់ រហស្សនាម JTK ឈ្មោះ វ៉ាន់ ណេត ហៅឆែប អាយុ១៨ឆ្នាំ និង ឈ្មោះ ឡាត់ សុចាន់ ហៅតន អាយុ១៦ឆ្នាំ ។
ចំណែកជនរងគ្រោះចំនួន៣នាក់ ទី១ ឈ្មោះ ស្រ៊ន ម៉េងហុង ភេទប្រុស អាយុ១៧ឆ្នាំ បានស្លាប់ពេលបញ្ជូនដល់មន្ទីរពេទ្យ ទី២ ឈ្មោះ សែ សុខុម ភេទប្រុស អាយុ១៨ឆ្នាំ និង ទី៣ឈ្មោះ កាំង សំណាង ហៅឡូ ភេទប្រុស អាយុ១៥ឆ្នាំ ។
សមត្ថកិច្ច បន្តថា ដោយមានការដឹកនាំបញ្ជាផ្ទាល់ពីលោកឧត្តមសេនិយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាល នោះ គឺ លោកវរសេនីយ៍ឯក ឡាក់ ម៉េងធី ស្នងការរងទទួលផែននគរបាលយុត្តិធម៍ខេត្តកណ្តាល បានសហការជាមួយលោកកម្លាំងអធិការនៃអធិការដ្ឋាននគរបាលស្រុកកោះធំ ដឹកនាំកម្លាំងជំនាញនគរបាលយុត្តិធម៌ ដើម្បីធ្វើការស្រាវជ្រាវស្វែងរកចាប់ខ្លួនជនល្មើសបានជាបន្តបន្ទាប់ ។
នៅចំពោះមុខសមត្ថកិច្ចជនសង្ស័យ បានឆ្លើយសារភាពថា ខ្លួនពិជាបានប្រព្រឹត្តបទល្មើសហិង្សាទៅលើជនរងគ្រោះពិតប្រាកដមែន ដោយបានធ្វើសកម្មភាពជាមួយនឹងបក្ខពួកមានគ្នាចំនួន១២នាក់ផ្សេងទៀត ។
សូមបញ្ជាក់បន្ថែមថា ក្រុមបងធំ ដែលមានរហ័ស្សនាម JTK ប្រចាំស្រុកកោះធំ ដែលមានទីតាំងនៅក្នុងសួនមុខវត្តស៊ីសុវត្ថិ ហៅវត្តជ្រោយតាកែវ ប្រចាំស្រុកកោះធំ ដែលមានបក្ខពួកជិត១០០នាក់ កន្លងមកសមត្ថកិច្ច បានចុះបង្ក្រាបចាប់បានក្រុមនេះចំនួន៣ករណីនិងឃាត់ខ្លួនចំនួន២១នាក់បញ្ជូនទៅតុលាការខេត្តកណ្តាល តែក្រុមនេះតែលួចធ្វើសកម្មភាពដដែល និងធ្វើសកម្មភាពវាយសម្លាប់ ចំនួន២នាក់ហើយមកដល់ពេលនេះ ព្រមទាំងធ្វើអោយជនរងគ្រោះដទៃទៀតរងរបួសច្រើននាក់ ផងដែរ ៕