ក្តៅពេក អនិច្ចា សួន​ស្មៅ និង​កូន​ឈើ​នៅ​តាម​មហា​វី​ថី​ឈ្នះ​ ឈ្នះ​ ខ្វះការថែទាំ ​ងាប់​អស់រលីង​ហើយ និង​បាន​ប្រែពណ៌​ពី​បៃតងខ្ចី​ទៅ​ពណ៌ស ខ​ណៈអាកាសធាតុ​​​ក្តៅហែង ​ហើយ​អ្នក​​មើលថែ​ទាំមិន​បាន​យកចិត្តទុកដាក់​ស្រោច​ទឹក​ឲ្យ​បាន​ដិត​ដល់​ ​។​

11

គេ​ពុំ​ដឹង​ថា សួនច្បារ​ខណ្ឌ​ចែក​ទ្រូងផ្លូវនេះ អង្គភាព​ឬ​ក្រុមហ៊ុន​ណាជា​អ្នក​ទទួល​បន្ទុក​មើលថែ​ទាំ​នោះ​ទេ​ ។​
បើសិនជា​យើង​ធ្វើ​ដំណើរចុះ​ពីស្ពាន​ព្រែក​ព្នៅ​ យើង​នឹង​ឃើញ សួនច្បារ​ខណ្ឌ​ចែក​មហាវិ​ថី​ឈ្នះ ​ឈ្នះ​ ស្មៅ​និង​កូន​ឈើ​ងាប់​ស​ព្រាត​ ។​ មិន​ថាតែ​ស្មៅ​និង​កូន​ឈើ​ទេដែលខ្វះ​ការ​ថែទាំ​នោះ​ សូ​ម្បី​តែ​ខឿន​សួនច្បារ​ក៏បាក់បែក​ខ្វះ​ការ​ថែទាំ​ជួសជុល​​ដែរ ។
បើតាម​​អ្នកលក់ដូរ​នៅខាងលិចស្ថា​នី​យបូមទឹក​កប់​ស្រូវ និយាយ​ថា ស្មៅ​និង​កូន​ឈើ​ងាប់នេះ ដោយសារ​តែខ្វះ​អ្នក​ថែទាំ​ស្រោច​ទឹក​ឲ្យ​បាន​ដិត​ដល រួម​នឹង​ធាតុ​អាកាស​ក្តៅហែង​ផង ។ ពួក​គាត់​និយាយ​ទៀត​ថា ឲ្យ​ស្មៅ​រស់​យ៉ាង​ម៉េច បើ​រយៈពេល​ប្រមាណ​១​ស​ប្តា​ហ៍ទើប​ឃើញ រថយន្ត​មក​ស្រោច​ទឹក​ម្តង ។ ​បើ​ស្រោច​រាល់ថ្ងៃ​ឬក៏២​ថ្ងៃ​ម្តង ក៏​ស្មៅ​និង​កូន​ឈើ​អាច​លូតលាស់​បាន​​ដែរ ​។​ ម្យ៉ាងទៀត​ សួនច្បារដី​ទួល​ខ្ពស់​ជាង​ខឿន ពេល​ស្រោចទឹក​ហូរ​ចេញ​អស់​ ៕