ដីព្រៃកាប់គាស់ រុករានយកធ្វើកម្មសិទ្ធិខុសច្បាប់ក្នុងតំបន់ការពារធម្មជាតិភូមិសាស្ត្រខេត្តក្រចេះ ត្រូវមោឃភាព និងដកហូតមកជាសម្បត្តិរដ្ឋ

50

ដីព្រៃដែលកាប់រុករានទន្ទ្រានក្នុងតំបន់ការពារធម្មជាតិ ស្ថិតក្នុងភូមិសាស្ត្រខេត្តក្រចេះ ចាប់តាំងពីឆ្នាំ២០១៩ មក វាជាការបំផ្លិចបំផ្លាញធនធានធម្មជាតិយ៉ាងធ្ងន់ធ្ងរ ទោះរដ្ឋបាលខេត្តក្រចេះ ផ្នែកជំនាញ ទប់ស្កាត់ និងបង្ក្រាបយ៉ាងណាក្តី ក៏នៅមានប្រជាពលរដ្ឋក្នុងមូលដ្ឋាន និងតាមបណ្តាខេត្តផ្សេងៗ មកកាប់រាន ដុតព្រៃយកដីជាកម្មសិទ្ធិ និងសង់ទីលំនៅយ៉ាងអនាធិបតេយ្យ ដោយហេតុនេះហើយ រដ្ឋបាលខេត្តក្រចេះបានធ្វើមោឃភាពរាល់លិខិតស្នាម និងដកហូតដីមកធ្វើជាសម្បត្តិរដ្ឋវិញ ។

នៅក្នុងសេចក្តីជូនដំណឹង ចុះថ្ងៃទី ៦ ខែឧសភា ឆ្នាំ ២០២៤ ដែលចុះហត្ថលេខាដោយអភិបាលខេត្តក្រចេះ វ៉ា ថន បានចេញវិធានការយ៉ាងក្តៅគគុក និងបន្ទាន់ គឺធ្វើមោឃភាពចោលនូវរាល់លិខិតលក់-ទិញ ឬលិខិតបញ្ជាក់កាន់កាប់ដីព្រៃខុសច្បាប់នៅក្នុងតំបន់ការពារធម្មជាតិ ដកហូតយកមកជាសម្បត្តិរដ្ឋវិញ នូវរាល់ដីព្រៃដែលបានកាប់គាស់ រុករាន ទន្ទ្រាន ដាំដំណាំសង់លំនៅដ្ឋាន ធ្វើជារបងហ៊ុមព័ទ្ធក្នុងតំបន់ការពារធម្មជាតិ ។

អាជ្ញាធរមូលដ្ឋាន ត្រូវផ្សព្វផ្សាយហាមឃាត់ឲ្យបញ្ឈប់ជាបន្ទាន់ នូវសកម្មភាពល្មើសខាងលើ ក្នុងករណីមិនអនុវត្តតាម គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត នឹងចាត់វិធានការក្តៅតាមនីតិវិធី ។

សកម្មភាពល្មើសទាំងប៉ុន្មានខាងលើ មានចែងនៅក្នុងមាត្រា ៦១ និងមាត្រា ៦២ នៃច្បាប់ស្តីពីតំបន់ការពារធម្មជាតិ ៕