អូស្ត្រាលី អញ្ជើញឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បំពេញទស្សនកិច្ចស្វែងយល់អំពីការងារអន្តោប្រ​វេ​សន៍ សន្តិសុខសាយប័រ​ វិមជ្ឈការនិងវិសហមជ្ឈការ

10

ក្នុងឱកាសអនុញ្ញាតជូនឯកឧត្តម Pablo Kang ភារធារីស្ថានទូតអូស្រ្តាលី ប្រចាំព្រះរាជាណាចក្រកម្ពុជា ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ នាព្រឹកថ្ងៃទី២ ខែឧសភា ឆ្នាំ២០២៤ ឯកឧត្តមអភិសនិ្តបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានថ្លែងអំណរគុណក្រសួ​ងមហាផ្ទៃអូស្រ្តាលី ដែលបានអញ្ជើញឯកឧត្តម ដឹកនាំគណៈប្រតិភូក្រសួងមហាផ្ទៃកម្ពុជា ទស្សនកិច្ចសិក្សានៅប្រទេសអូស្រ្តាលី នាខែមិថុនា ឆ្នាំ២០២៤ ខាងមុខនេះ។

បើតាមឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី ទស្សនកិច្ចនេះមានគោលបំណងជួយភាគីកម្ពុជា ដកស្រង់បទពិសោធយុទ្ធសាស្រ្តពាក់ព័​ន្ធការងារអន្តោប្រ​វេ​សន៍ សន្តិសុខសាយប័រ​ និងការងារវិមជ្ឈការនិងវិសហមជ្ឈការ ដោយគណៈប្រតិភូកម្ពុជា មានក្ដីសង្ឃឹមថា នឹងទទួលបានបទពិសោធ និងចំណេះដឹងថ្មីៗពីអូស្រ្តាលី ទាំងលើការងារគ្រប់​គ្រ​ងកងកម្លាំងនគរបាលជាតិ ការជំរុញទំនាក់ទំនងបណ្តុះបណ្តាល​មន្រ្តីនគរបាល លើការងារប្រយុទ្ធប្រឆាំងបទល្មើសបច្ចេកវិទ្យាផងដែរ។

ក្នុងជំនួបដែលត្រូវបានធ្វើឡើងនៅទីស្ដីការក្រសួងមហាផ្ទៃដដែល ឯកឧត្ដមអភិសន្តិបណ្ឌិត ស សុខា ក៏បានផ្តាំផ្ញើនូវសេចក្ដីសួរសុខទុក្ខពីសំណាក់សម្តេចក្រឡាហោម ស ខេង អតីតឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ជូនចំពោះឯកឧត្តម Pablo Kang និងបានចាត់ទុកវត្តមានឯកឧត្តម ក្នុងជំនួបនេះ​ថា ជាការបង្ហាញឱ្យឃើ​​ញអំពីកិច្ចខិតខំប្រឹងប្រែងជំរុញការបន្តប​ង្កើ​នកិច្ចសហប្រ​តិបត្តិ​កា​រ​រវាងរដ្ឋា​ភិបា​លអូ​ស្រ្តាលី និងក្រសួងមហាផ្ទៃកម្ពុជា ទាំងនាពេ​ល​ប​ច្ចុ​ប្បន្ន និ​ងទៅអនាគត។

ឯកឧត្តម Pablo Kang បានថ្លែងអំណរគុណឯកឧត្ដមអភិសន្តិបណ្ឌិត ស សុខា ដែលអនុញ្ញាតឱ្យជួបសម្ដែងការគួរស​ម និងក៏បានបង្ហាញការឯកភាពចំ​ពោះ​ការវាយតម្លៃរបស់ឯកឧត្ដមអភិសន្តិបណ្ឌិត លើទំនាក់ទំនងដ៏យូរអង្វែងរវាងប្រទេ​សទាំងពីរកម្ពុជា-អូស្រ្តាលី។ ឯកឧត្តម ក៏បានរម្លឹកអំពីលទ្ធផលវិជ្ជមាន​នៃដំណើរទស្សនកិច្ចរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា ចូលរួមកិច្ចប្រ​ជុំកំពូលពិសេសអាស៊ាន-អូស្រ្តាលី នៅប្រទេសអូស្រ្តាលី កាលពីថ្ងៃទី២-៦ ខែមីនា ឆ្នាំ​២០​២​៤ ដែលឈានដល់ការចុះហត្ថលេខា ឱ្យមានជើងហោះហើរត្រង់ពីប្រទេ​សអូស្រ្តាលី មកកម្ពុជា។

ក្នុងជំនួបនោះដែរ ឯកឧត្ដមភារធារី និងឯកឧត្ដមអភិសន្តិបណ្ឌិត ក៏បានវាយតម្លៃខ្ពស់អំពីដំណើរការនៃកិច្ចសហប្រតិ​ប​ត្តិការរវាងភាគីទាំងពីរ​ និងបានពិភាក្សាគ្នាអំពីការងារអន្តោប្រវេសន៍ ការប្រយុទ្ធប្រឆាំងឧក្រិដ្ឋកម្មឆ្លងដែន រួមមាន៖ ការជួញដូរ រត់ពន្ធមនុស្ស និងគ្រឿងញៀន​ បទល្មើសបច្ចេកវិទ្យា និងកម្មវិធីកំណែទម្រង់រដ្ឋបាលសាធារណៈ កំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ និងការងារគណ​នេយ្យ​ភាពសង្គមនៅកម្ពុជា និងប្តេជ្ញាពង្រឹងការងារឱ្យកាន់តែល្អប្រសើរថែមទៀត។

ជាមួយនិងការថ្លែងអំណអរគុណចំពោះការចំណាយពេលវេលាដ៏មមាញឹករបស់ឯកឧ​ត្ត​មភារធារី ដើម្បីចូលជួបពិភាក្សាការងារ ឯកឧត្ដមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ក៏បានបង្ហាញក្ដីសង្ឃឹមថា ភាគីអូស្រ្តាលី នឹងបន្តផ្តល់ជំនួយនានារួមមាន៖ ជំនួយបច្ចេកទេស សម្ភារៈ និងការបណ្តុះបណ្តាលផ្សេង​ៗដល់ក្រសួងមហាផ្ទៃ។ ជាថ្មីម្ដងទៀត ប្រមុខក្រសួងមហាផ្ទៃ ក៏សង្ឃឹមថា ដំណើរ​ទស្សនកិច្ចរបស់គណៈប្រតិភូក្រសួងមហាផ្ទៃ ទៅប្រទេសអូស្រ្តាលី នាពេ​លខាងមុខ នឹងទទួលបានលទ្ធផលផ្លែផ្កា ផ្តល់​អត្ថប្រយោជន៍ ក៏ដូចជាចំណេះដឹង និងបទពិសោធល្អៗលើការអនុវត្តការងារ។

គួរកត់សម្គាល់ថា ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ទើបតែបានដឹកនាំគណៈប្រតិភូជាន់ខ្ពស់កម្ពុជាបំពេញទស្សនកិច្ចប្រកបដោយជោគជ័យ រយៈពាលជាង១សប្ដាហ៍ នៅសហព័ន្ធស្វីស និងសាធារណរដ្ឋសហព័ន្ធអាល្លឺម៉ង់។ តាមរយៈទស្សនកិច្ចផ្លូវការក្រៅប្រទេសលើកទី២នេះ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បានដកស្រង់បទពិសោធបន្ថែមលើប្រព័ន្ធគ្រប់គ្រង និងការអនុវត្តល្អៗពីប្រទេសស្វីស និងអាល្លឺម៉ង់ ដើម្បីជំរុញដំណើរការកំណែទម្រង់វិមជ្ឈការនិងវិសហមជ្ឈការ និងលើកកម្ពស់អភិបាលកិច្ចមូលដ្ឋាននៅកម្ពុជា៕